(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអង្គារនេះបានឲ្យដឹងថា រដ្ឋាភិបាលចិនផ្តល់ថវិកាចំនួន ៤០លានយន់ ឬប្រហែល ៥.៩លានដុល្លារ ជាជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ដល់ប្រទេសតួកគី សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ក្នុងគ្រោះរញ្ជួយដី។ នេះបើយោងតាមការផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ទូរទស្សន៍ចិន CCTV បានរាយការណ៍ថា អាជ្ញាធរចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់ប្រទេសស៉ីរី និងតួកគី។ កញ្ចប់ជំនួយដំបូងនេះនឹងរួមបញ្ចូលថវិកា ៥.៩លានដុល្លារ ហើយចិននឹងបញ្ជូនក្រុមជួយសង្គ្រោះ ក្រុមគ្រូពេទ្យទៅកាន់តំបន់រងគ្រោះ ក៏ដូចជាផ្តល់ប្រាក់ដើម្បីជួយជនរងគ្រោះផងដែរ។ ជាមួយគ្នានេះសមាគមកាកបាទក្រហមនៃប្រទេសចិន ក៏នឹងផ្តល់ឲ្យស៉ីរីនិងតួកគី នូវថវិកាចំនួន២០០,០០០ដុល្លារ ក្នុងមួយប្រទេសថែមទៀតផង។

គួរបញ្ជាក់ថា យោងតាមទិន្នន័យចុងក្រោយ អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានកើនឡើងដល់ជាង ៤,៨០០នាក់ នៅតួកគី និងស៉ីរី។ ពេលនេះក្រុមសង្រ្គោះកំពុងបន្តស្វែងរកអ្នករស់រានមានជីវិត ក្រោមគំនរបាក់បែកនៃអគាររាប់ពាន់ខ្នងដែលដួលរលំ៕