(បែរឡាំង)៖ ប្រមុខរដ្ឋ និងជាប្រធានាធិបតីនៃសាធាណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) និងលោកជំទាវ អែលឃើ បឿឌិនបិនឌ័រ ( Elke Büdenbender) នឹងបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជណាចក្រកម្ពុជាពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបរបស់លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ៖
លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ កើតនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៥៦ ក្នុងទីក្រុង Detmold នៃប្រទេសអាល្លឺម៉ង់ខាងលិចនៅពេលនោះ។ លោក ឆ្តែនម៉ៃយ័រ មានឪពុកជាជាងឈើ និងជា កម្មកររោងចក្រ។ ក្នុងនាមជាសិស្សម្នាក់ លោកតែងតែចូលរួមជារឿយៗក្នុងជំនួបរបស់យុវជនសង្គមនិយម នៃគណបក្សសង្គមប្រជាធិបតេយ្យ ហើយក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យ ក្នុងទីក្រុង Blomberg ក្នុងឆ្នាំ១៩៧៤ លោក ឆ្តែនម៉ៃយ័រ ចូលរួមជីវភាពនយោបាយជាមួយគណបក្សសង្គមប្រជាធិបតេយ្យ (SPD)។ នៅទសវត្សរ៍ឆ្នាំ១៩៨០ លោកទទួលបានសញ្ញាបត្រ ផ្នែកច្បាប់ និងនយោបាយពីសាកលវិទ្យាល័យ University of Giessen។ លោក ឆ្តែនម៉ៃយ័រ បានរៀបការជាមួយលោកជំទាវ អែលឃើ បឿឌិនបិនឌ័រ ( Elke Büdenbender) នៅឆ្នាំ១៩៩៥ និងមានកូនស្រីម្នាក់ឈ្មោះ Merit Steinmeier។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០៨ លោក ឆ្តែនម៉ៃយ័រ បានប្រកាសឈរឈ្មោះជាបេក្ខជនអធិការបតីតំណាងឱ្យគណបក្ស SPD សម្រាប់ការបោះឆ្នោតសកលនៅឆ្នាំ២០០៩។ តែនៅពេលនោះ គណបក្សរបស់លោកមិនបានទទួលជ័យជម្នះនោះទេ ដោយគណបក្សរបស់អតីតអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែលគឺជាអ្នកទទួលបានជ័យជម្នះ។ លោក ឆ្តែនម៉ៃយ័រ ត្រូវបានតែងតាំងជាអធិការបតីរង ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ និងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៩ និងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ នៅក្រោម រដ្ឋាភិបាលចម្រុះដឹកនាំដោយអតីតអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែល ឡាមឺគែល។
រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបលោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ត្រូវបានតែងតាំងជាប្រធានាធិបតីអាល្លឺម៉ង់ និងនៅអាណត្តិទី២ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២៕