(បាងកក)៖ ប្រទេសថៃ នឹងរៀបចំការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភានេះ បន្ទាប់ពីប្រទេសជាសមាជិកអាស៊ានមួយនេះត្រូវបានដឹកនាំដោយ រដ្ឋាភិបាលកើត ចេញពីរដ្ឋប្រហារធ្វើឡើងដោយយោធាដែលមានភក្ដីភាពយ៉ាងស្មោះស័្មគ្រចំពោះរបបរាជានិយមថៃ ចាប់តាំងពីឆ្នាំ២០១៤មក។ ការបោះឆ្នោតនេះជាការប្រកួតប្រជែងយកកៅអីជា នាយករដ្ឋមន្ត្រី រវាងត្រកូលគ្រួសារមហាសេដ្ឋីស៊ីណាវ៉ាត់ និងក្រុមយោធាអភិរក្សនិយម។ ខាងក្រោមនេះគឺជាបេក្ខជននាយករដ្ឋមន្ត្រីសំខាន់ៗ៖

ដូច្នេះខាងក្រោមនេះគឺជាបេក្ខជននាយករដ្ឋមន្ត្រីសំខាន់ៗ៖

១. លោក បា្រយុទ្ធ ចាន់អូចា (Prayut Chan-o-cha)
លោក បា្រយុទ្ធ ចាន់អូចា បច្ចុប្បន្ន គឺជានាយករដ្ឋមន្ត្រីថៃ និងដែលបានដឹកនាំប្រទេសចាប់តាំងពីមានរដ្ឋប្រហារយោធាបណ្ដេញរដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ ចេញពីតំណែងកាលពីឆ្នាំ២០១៤។ លោកបានជាប់ឆ្នោតសាជាថ្មីក្នុងឆ្នាំ២០១៩ ហើយប្រសិនបើលោកត្រូវបានតំណាងរាស្ត្រថៃ ជ្រើសរើសសាជាថ្មី ម្ដងទៀត នោះលោកនឹងអាចកាន់តំណែងជានាយករដ្ឋមន្ត្រី បានត្រឹមតែពាក់កណ្ដាលនៃអាណត្តិមានរយៈពេល ៤ឆ្នាំខាងមុខតែប៉ុណ្ណោះ ដ្បិតអាណត្តិរបស់លោកនឹងឈាន ដល់កម្រិតអតិបរាមា៨ឆ្នាំ ដែលកំណត់ដោយរដ្ឋធម្មនុញ្ញថៃ។ នៅក្នុងការស្ទង់មតិថ្នាក់ជាតិជាច្រើនក្នុងប្រទេសថៃ ធ្វើឡើងដោយវិទ្យាស្ថាន Super Poll កាលពីសប្ដាហ៍មុន បានបង្ហាញថាលោក ប្រាយុទ្ធ មានអាយុ ៦៩ឆ្នាំ បានធ្លាក់ចុះប្រជាប្រិយភាព ដោយមានអត្រាគំាទ្រ ១៦.៣ភាគរយ និងកំពុងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីឱ្យ គណបក្សទើបបង្កើតថ្មីឈ្មោះ «United Thai Nation Party ឬគណបក្សថៃរួបរួមជាតិ»។

 

២. ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra)
អ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ មានអាយុ ៣៦ឆ្នាំ ជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និងត្រូវជាក្មួយស្រីបង្កើតរបស់ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យ៉ីងឡាក់ ស៉ីណាវ៉ាត់។ នៅក្នុងការស្ទង់មតិកាលពីខែមីនា អ្នកនាង ផែថងថាន ទទួលបានសំឡេងគាំទ្រ ៣២.១ភាគរយ នាំមុខគេដាច់ សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ហើយក្នុងសប្ដាហ៍នេះ អ្នកនាងត្រូវបានគណបក្សប្រឆាំងភឿថៃ ប្រកាសទទួលស្គាល់ជាបេក្ខជននាយករដ្ឋមន្ត្រី ជាផ្លូវការ រួមជាមួយបេក្ខជន ២រូបផ្សេងទៀត របស់បក្ស។

អ្នកនាង ផែថងថាន បានបញ្ចប់ការសិក្សាផ្នែកសង្គមវិទ្យា (sociology) នៅឯសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn University) មុននឹងបន្ត ហើយបញ្ចប់ ការសិក្សាផ្នែកអនុបណ្ឌិតផ្នែកគ្រប់គ្រង សណ្ឋារគារអន្តរជាតិ មកពីសាកលវិទ្យាល័យ Surrey (Surrey University) មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។ អ្នកនាង ផែថងថាន ត្រូវបានគេចាត់ទុកជាសហគ្រិនស្ត្រីដ៏ជោគជ័យម្នាក់ និងជានាយកប្រតិបត្តិ CEO ក្រុមហ៊ុន Rende Development ព្រមទាំងកំពុងដឹកនាំមុខជំនួញធំៗរបស់ គ្រួសារស៊ីណាវ៉ាត់។

 

៣. លោក ភីថា លីមចារឿនរ៉ាត់ (Pita Limjaroenrat)
មានអាយុ ៤២ឆ្នាំ លោក ភីថា លីមចារឿនរ៉ាត់ ជាមេដឹកនាំគណបក្សឆ្ពោះទៅមុខ ឬ Move Forward ដែលជាគណបក្សប្រឆាំងតែមួយគត់ បានជំរុញការធ្វើវិសោធនកម្ម ច្បាប់ប្រមាថព្រះចេស្ដាដ៏តឹងរ៉ឹងរបស់ប្រទេសថៃ ដែលជនប្រព្រឹត្តិទោសកំហុសនេះអាចប្រឈមមុខជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ។ ចំណែកឯ គោលនយោបាយដទៃទៀត របស់លោក ក្នុងនោះរួមមានការលើកកម្ពស់សហគ្រាសខ្នាតតូច រឹតត្បិតលើអាជីវកម្មផ្ដាច់មុខ ក៏ដូចជាបិទបញ្ចប់ការបំពេញកាតព្វកិច្ចយោធា។ អ្នកគាំទ្រគណបក្សនេះ ភាគច្រើនសុទ្ធសឹងជាយុវជន។

 

៤. លោក ប្រាវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan)
លោក ប្រាវីត វ៉ុងស៊ូវ៉ាន់ មានអាយុ ៧៧ឆ្នាំ បច្ចុប្បន្នគឺជាឧបនាយករដ្ឋមន្ត្រីថៃ និងជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្ស Palang Pracharat បន្ទាប់ពីលោក ប្រាយុទ្ធ ដែលជាសម្ព័ន្ធមិត្តរបស់លោកចាកចេញទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សថៃរួបរួមជាតិ។ លោក ប្រាវីត ជាមនុស្សម្នាក់មានភក្តីភាពជាខ្លាំងចំពោះរាជានិយមថៃ និងមានប្រភពចេញពីមន្ត្រីយោធាជាន់ខ្ពស់ដូចលោក ប្រាយុទ្ធដែរ។ លោកបានចាត់ទុកខ្លួនឯងថាជាបេក្ខជនម្នាក់ដែលអាចធ្វើជាស្ពានផ្សារភ្ជាប់ និងផ្សះផ្សាររវាង អ្នកអភិរក្សានិយម និងអ្នកប្រជាធិបតេយ្យ។

 

៥. ​លោក អានូធីន ឆានវីរ៉ាឃូល (Anutin Charnvirakul)
ជារដ្ឋមន្ត្រីសុខាភិបាលម្នាក់ លោក អានូធីន ឆានវីរ៉ាឃូល បានទទួលបន្ទុកត្រួតពិនិត្យការបិទខ្ទប់កូវីដ១៩ ការព្យាបាល និងដំណើរការទិញវ៉ាក់សាំង។ លោកធ្លាប់បាន រងការរិះគន់ សម្រាប់ការហៅកូវីដ១៩ ជាជំងឺផ្ដាសាយធម្មតា។ ក្រោយមក លោកទទួលបានការកោតសរសើរយ៉ាងខ្លាំង ក្នុងការបើកវិស័យទេសចរណ៍ឡើងវិញ តាមរយៈ កម្មវិធីធ្វើដំណើរដោយបានចាក់វ៉ាក់សាំងបង្ការ។ គណបក្សភូមិចៃថៃ (Bhumjaithai) របស់លោក អានូធីន គ្រប់គ្រងអសនៈនៅក្នុងសភាចំនួន៥០ ហើយសម្រេចបាន ជោគជ័យតាមពាក្យសន្យាក្នុងការលើកកម្ពស់ និងធ្វើ​ឱ្យការប្រើប្រាស់កញ្ឆារក្នុងវេជ្ជសាស្ត្រក្លាយជារឿងស្របច្បាប់។ ប៉ុន្តែ ព្រមពេលជាមួយគ្នា វាបែរជានាំឱ្យមានការប្រើ កញ្ឆារសម្រាប់ការកម្សាន្តមានការកើនឡើងទៅវិញ និងធ្វើឱ្យអ្នកអភិរក្សានិយមមិនសប្បាយចិត្ត ជាហេតុធ្វើឱ្យអ្នកនយោបាយថៃវ័យ ៥៦ឆ្នាំ ត្រឡប់មកប្រកាន់ជំហរតឹងរ៉ឹង ជាថ្មី។

 

៦. លោក ជូរីន ឡាក់សាណាវីស៊ីត (Jurin Laksanawisit)
លោក ជូរីន ឡាក់សាណាវីស៊ីត មានអាយុ ៦៧ឆ្នាំ ជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាធិបតេយ្យ។ គណបក្សរបស់លោកបាត់បង់ការគាំទ្រគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការបែកបាក់ និងការរត់ទៅចុះចូលជាមួយគណបក្សផ្សេងរបស់មន្ត្រីនៅក្នុងបក្ស។


៧. លោក ស្រិតថា ថាវីស៉ីន (Srettha Thavisin)
លោក ស្រិតថា ថាវីស៉ីន មានអាយុ៦០ឆ្នាំ បានលាលែងពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុនអចលទ្រព្យដ៏ប្រណិតមួយក្នុងប្រទេសថៃឈ្មោះ Sansiri កាលពីថ្ងៃអង្គារ ទី៤ ខែមេសានេះ។ លោកជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ ក្នុងចំណោមបេក្ខជន ២នាក់ទៀតនៃគណបក្សភឿថៃ ហើយមានគេស្គាល់ច្រើនតាមរយៈការចែករំលែក ទស្សនៈយល់ឃើញរបស់លោក លើបណ្ដាញទំនាក់ទំនងសង្គម Twitter និងមានប្រជាប្រិភាពខ្លាំងនៅក្នុងសហគមន៍អ្នកជំនួញ។

គួរបញ្ជាក់ថា ការបោះឆ្នោតសកលក្នុងប្រទេសថៃ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភាខាងមុខ រីឯការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នឹងត្រូវធ្វើឡើងនៅចុងខែសីហា នៅឯសភា និងព្រឹទ្ធសភា៕