(យេរូសាឡឹម)៖ កងទ័ព​អ៊ីស្រាអែលនៅថ្ងៃចន្ទនេះបានឱ្យដឹងថា ខ្លួន​បាន​បើក​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ​លើ​ជំរំ Jenin ដែល​ជា​ផ្ទះ​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន នៅ​តំបន់ West Bank ដែល​កាន់កាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣។

មន្ត្រីប៉ាឡេស្ទីននិយាយថា មកទល់ពេលនេះយ៉ាងហោចណាស់មនុស្ស ៨នាក់បានស្លាប់ និង ៥០នាក់ទៀតបានរងរបួស។

ទោះយ៉ាងណា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា ការវាយប្រហារនេះមិនបានកំណត់គោលដៅលើប្រជាជនប៉ាឡេស្ទីនទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងប្រតិបត្តិការនៅទីក្រុង Jenin រួមទាំងនៅក្នុងជំរំជនភៀសខ្លូននៅក្បែរនោះ។

ប៉ុន្តែនាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Muhammad Shtayyeh បានចាត់ទុកប្រតិបត្តិការចុងក្រោយនេះថាជា «ការប៉ុនប៉ងថ្មីដើម្បីបំផ្លាញជំរំ និងធ្វើឱ្យមានការផ្លាស់ទីលំនៅប្រជាជនរបស់ខ្លួន»

យោធាអ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការនេះបានចាប់ផ្តើមភ្លាមៗ នៅម៉ោង១ព្រឹក ជាមួយនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើអ្វីដែលគេហៅថា «ហេដ្ឋារចនាសម្ព័ន្ធភេរវករ» នៅក្នុងតំបន់ Jenin បន្ទាប់មកដោយកងកម្លាំងជើងគោករាប់រយនាក់បានចល័តចូល។

គួរបញ្ជាក់ថា ប្រតិបត្តិការយោធានេះត្រូវបានគេចាត់ទុកថា ជាប្រតិបត្តិការយោធាដ៏ធំបំផុតមួយរបស់អ៊ីស្រាអែលនៅតំបន់ West Bank ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់។

ទីក្រុង Jenin និងជំរំជនភៀសខ្លួនដែលនៅក្បែរគ្នា បានមើលឃើញការប្រឈមមុខគ្នាជាច្រើនលើក រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយអ្នកសង្កេតការណ៍អន្តរជាតិបានសម្តែងការព្រួយបារម្ភ អំពីការកើនឡើងនៃអំពើហិង្សានៅក្នុងតំបន់។

កាលពីខែមុន អ៊ីស្រាអែលបានសម្លាប់ខ្មាន់កាំភ្លើងចំនួន ៣នាក់នៅក្បែរទីក្រុង Jenin នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាលើកដំបូង នៅតំបន់ West Bank ចាប់តាំងពីឆ្នាំ២០០៦។

យោងតាមការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បានឱ្យដឹងថា​ មានជនជាតិប៉ាឡេស្ទីន ១៤៧នាក់ត្រូវបានសម្លាប់នៅឆ្នាំនេះ ហើយជនជាតិអ៊ីស្រាអែល ២៣នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលដូចគ្នានេះផងដែរ៕