(បាងកក)៖ លោក វ៉ាន់ មហាំម៉ាត់ នួរ ម៉ាថា (Wan Muhamad Noor Matha) ជាមេដឹកនាំគណបក្ស Prachachat ត្រូវបានតែងតាំងជាប្រធានរដ្ឋសភាថ្មីរបស់ថៃជាផ្លូវការហើយ នៅថ្ងៃអង្គារនេះ ខណៈរូបលោកគឺជាបេក្ខជនតែម្នាក់គត់សម្រាប់តំណែងមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។

ការតែងតាំងលោក Wan Muhamad កើតមានឡើង បន្ទាប់ពីគណបក្ស Move Forward និងគណបក្ស Pheu Thai បានប្រកាសពីការឈានដល់ការឯកភាពគ្នាលើការជ្រើសរើស អ្នកនយោបាយជើងចាស់រូបនេះឱ្យកាន់តំណែងជាប្រធានរដ្ឋសភា កាលពីយប់ថ្ងៃចន្ទ ទី៣ ខែកក្កដា។ លោក Wan Muhamad មានអាយុ ៧៩ឆ្នាំ បានថ្លែងសារភា្លមៗក្រោយត្រូវ បានប្រកាសតែងតាំង ដោយលោកបានគូសបញ្ជាក់ពីចក្ខុវិស័យរបស់លោក ជាមួយការសង្កត់ធ្ងន់ថាលោកនឹងប្រកាន់យកភាពអព្យាក្រឹត ក៏ដូចជាធ្វើតាមព្រះរាជយោបល់របស់ ព្រះមហាក្សត្រថៃ ដែលទ្រង់បានប្រទានក្នុងពេលបើករដ្ឋសភាថ្មី កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះដែរ រដ្ឋសភាថៃនឹងបោះឆ្នោតជាសម្ងាត់ ដើម្បីជ្រើសរើសអនុប្រធាន២រូប ដោយអនុប្រធានទី១ គឺជាសមាជិកសភាមកពីគណបក្ស Move Forward និងអនុប្រធានទី២ មកពីគណបក្ស Pheu Thai អនុលោមតាមកិច្ចព្រមព្រៀងរវាងគណបក្សទាំង២។ លោក Wan Muhamad ត្រូវបានតែងតាំងជាប្រធានរដ្ឋសភាដោយស្វ័យប្រវត្តិ គឺដោយសារតែលោកជាបេក្ខជនតែម្នាក់គត់។

* តើលោក វ៉ាន់ មហាំម៉ាត់ នួរ ម៉ាថា ជានរណា?

លោក វ៉ាន់ មហាំម៉ាត់ នួរ ម៉ាថា កើតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៤៤ ក្នុងខេត្តយ៉ាឡា ស្ថិតនៅភាគខាងត្បូងប្រទេសថៃ។ លោក វ៉ាន់ មហាំម៉ាត់ ដែលបច្ចុប្បន្នជាមេដឹកនាំគណបក្ស Prachachat គឺជាអ្នកនយោបាយជើងចាស់ម្នាក់ និងធ្លាប់បានកាន់តំណែងជាច្រើនក្នុងជួររដ្ឋាភិបាលថៃមុនៗ ហើយលោកក៏ជាសា្ថបនិកអង្គការមួយមានឈ្មោះថា Wahdah Group ដែលជាអង្គការឡប់ប៊ីនៃអ្នកនយោបាយមូស្លីមមួយក្រុមតូច មកពីខេត្តភាគខាងត្បូងដូចជា Narathiwat, Pattani និង Yala។

លោក វ៉ាន់ មហាំម៉ាត់ បានជាប់ឆ្នោតជាសមាជិករដ្ឋសភាថៃ ក្នុងឆ្នាំ១៩៧៩ ដោយតំណាងឱ្យខេត្តយ៉ាឡា និងគណបក្សសកម្មភាពសង្គម (Social Action Party) រហូតដល់ ឆ្នាំ១៩៨៤។ ក្រោយមកលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាធិបតេយ្យ ក្នុងឆ្នាំ១៩៨៦ ជាមួយគណបក្សសាមគ្គីភាព (Solidarity Party) ក្នុងឆ្នាំ១៩៨៨ និងគណបក្ស New Aspiration Party ក្នុងឆ្នាំ១៩៩២។

នៅបន្ទាប់ពីឆ្នាំ១៩៨០ លោកធ្លាប់បានបម្រើការក្នុងក្រសួងហិរញ្ញវត្ថុ និងឧស្សាហកម្មថៃ ហើយចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៥ លោកបានកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងធ្លាប់ជាប្រធានរដ្ឋសភាថៃដំបូងបំផុតក្នុងនាមជាជនមូស្លីមថៃ ពីខែវិច្ឆិកា ឆ្នាំ១៩៩៦ ដល់ខែមិថុនា ឆ្នាំ២០០០។ ក្រោយមកទៀត នៅពេលគណបក្ស New Aspiration ត្រូវបាន រំលាយចោល និងបញ្ចូលជាមួយគណបក្ស Thai Rak Thai ដែលជាគណបក្សដើមរបស់ Pheu Thai ក្នុងឆ្នាំ២០០១ លោក វ៉ាន់ មហាំម៉ាត់ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងទូរគមនាគមន៍ ព្រមទាំងក្លាយជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅខែតុលា ឆ្នាំ២០០២ និងរដ្ឋមន្ត្រីក្រសួងកសិកម្មពីខែតុលា ឆ្នាំ២០០៤ ដល់ខែមីនា ឆ្នាំ២០០៥៕