(វ៉ាស៉ីនតោន)៖ ឧត្តមសេនីយកំពូលរបស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចាំបាច់ត្រូវបង្កើនល្បឿននៃការបញ្ជូនអាវុធទៅឲ្យកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំរយខាងមុខ ដើម្បីជួយតៃវ៉ាន់ការពារខ្លួនឯង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣។
តៃវ៉ាន់ បានឲ្យដឹងថា ការចំណាយលើវិស័យការពារជាតិរបស់ខ្លួននៅឆ្នាំ ២០២៣នេះ នឹងផ្តោតលើការរៀបចំសព្វាវុធ និងសម្ភារសម្រាប់ទប់ស្កាត់ប្រទេសចិន ដែលរួមមានទាំងយន្តហោះចម្បាំង F-16 និងការបំពេញបន្ថែមនូវឃ្លាំងស្តុកអាវុធ។ ប្រធានអគ្គសេនាធិការចម្រុះនៃកងទ័ពសហរដ្ឋអាមេរិក លោក ម៉ាក មីលលី (Mark Milley) បានប្រាប់អ្នកយកព័ត៌មាន អំឡុងពេលទស្សនកិច្ចនៅទីក្រុងតូក្យូ ប្រទេសជប៉ុនថា តៃវ៉ាន់ត្រូវការអាវុធដូចជាប្រព័ន្ធការពារដែនអាកាស និងឧបករណ៍ ដែលអាចកំណត់គោលដៅលើនាវាចេញពីដីគោក។ លោក មីលលី បានគូសបញ្ជាក់ថា «ល្បឿនដែលសហរដ្ឋអាមេរិក ឬប្រទេសផ្សេងទៀតជួយតៃវ៉ាន់ ក្នុងការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពការពារខ្លួនរបស់ពួកគេ ខ្ញុំគិតថាប្រហែលជាត្រូវតែពន្លឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ»។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២២ តៃវ៉ាន់បានត្អូញត្អែរពីការពន្យារពេលចែកចាយសព្វាវុធរបស់អាមេរិក ដូចជាមីស៉ីលប្រឆាំងយន្តហោះ Stinger ដោយសារតែក្រុមហ៊ុនផលិតបានបង្វែរការផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន ហើយបញ្ហានេះធ្វើឲ្យសមាជិកសភាអាមេរិកមួយចំនួនមានការព្រួយបារម្ភ៕