(ណៃពិដោ)៖ សារព័ត៌មានរដ្ឋរុស្ស៉ី RIA បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ប្រទេសមីយ៉ាន់ម៉ាទទួលបានហើយ នូវយន្តហោះចម្បាំង Su-30 ចំនួន២គ្រឿងដំបូង ដែលទិញពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីពាណិជ្ជកម្មមីយ៉ាន់ម៉ា លោក ឆាលី ថាន់ (Charlie Than) បានប្រាប់សារព័ត៌មាន RIA នៅក្រៅវេទិកាសេដ្ឋកិច្ចភាគខាងកើត ដែលប្រារព្ធឡើងនៅទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) នៃប្រទេសរុស្ស៉ីយ៉ាងដូច្នេះថា «យន្តហោះចម្បាំង២គ្រឿង (Su-30) គឺត្រូវបានប្រគល់ដល់ដៃមីយ៉ាន់ម៉ារួចរាល់ហើយ»។ មីយ៉ាន់ម៉ានិងរុស្ស៉ី បានចុះកិច្ចព្រមព្រៀងមួយកាលពីខែកញ្ញា ឆ្នាំ២០២២ សម្រាប់ការទិញនិងប្រគល់យន្តហោះចម្បាំងរុស្ស៉ីស៊េរី Su-30SME សរុប៦គ្រឿង។
ដោយឡែក លោក ថាន់ ក៏បានប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៉ី TASS ផងដែរថា កិច្ចព្រមព្រៀងទ្វេភាគីជាច្រើន នឹងត្រូវចុះហត្ថលេខានៅវេទិកាសេដ្ឋកិច្ចភាគខាងកើត ក្នុងនោះរួមមានទាំងការអភិវឌ្ឍវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ កន្លងមក សហរដ្ឋអាមេរិកធ្លាប់បានព្រមានថា ការគាំទ្ររបស់រុស្ស៉ីចំពោះរបបសឹកមីយ៉ាន់ម៉ា គឺជារឿងពុំអាចទទួលយកបាននិងបង្កអស្ថិរភាព ដោយការផ្គត់ផ្គង់អាវុធរបស់រុស្ស៉ី បានជួយដុតបញ្ឆេះបញ្ហាជម្លោះ ដែលបានឈានដល់កម្រិតយ៉ាងអន្តរាយមួយ សម្រាប់ប្រទេសអាស៊ានមួយនេះ។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិនិងប្រមុខការទូតរបស់រុស្ស៉ី ធ្លាប់បានមកបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ខណៈមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) ធ្លាប់ធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ីប៉ុន្មានលើក គិតចាប់តាំងពីឆ្នាំ២០២១មក៕