(ប៉េកាំង)៖ នៅថ្ងៃទី១៨ ខែតុលា តាមម៉ោងក្នុងតំបន់ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសម្ដែងនូវឈុតឆាកមួយ ខណៈពេលលោកស្រី Michele Taylor តំណាងសហរដ្ឋអាមេរិកប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិថ្លែងសុន្ទរកថា អង្គប្រជុំជាច្រើនបានបែរខ្នងដាក់វេទិកា ដើម្បីសម្តែងការតវ៉ាចំពោះអាមេរិកដែលបានលំអៀងទៅអ៊ីស្រាអែល យ៉ាងគឃ្លើនក្នុងបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ហើយមិនអើពើនឹងសិទិ្ធមនុស្សរបស់ប្រជាជនប៉ាឡេស្ទីន។
គិតរហូតដល់បច្ចុប្បន្ននេះ ការប៉ះទង្គិចប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំនេះ បានបណ្តាលឱ្យមនុស្សជាង៥២០០នាក់ស្លាប់បាត់បង់ជីវិត មន្ទីរពេទ្យចំនួន៤នៅតំបន់កាហ្សាបញ្ឈប់ផ្តល់ សេវាកម្មសុខាភិបាលទាំងអស់ វិបតិ្តមនុស្សធម៌មានភាពកាន់តែអាប់អួទៅៗ ។ ប្រឈមនឹងសោកនាដកម្មបែបនេះ ក្នុងនាមជាភាគីពាក់ព័ន្ធដ៏សំខាន់ ក្នុងបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល អាមេរិកមិនត្រឹមតែមិនបានលួងលោមចិត្តរបស់ភាគីនានា នៃការប៉ះទង្គិចប៉ុណ្ណោះទេ ថែមទាំងនៅប៉ុន្មានថ្ងៃកន្លងទៅនេះ ក៏បានបដិសេធពីរលើកចំពោះសេចក្តីព្រាងនៃសេចកី្តសម្រេចចិត្ត ស្តីពីការជួយសង្គ្រោះមនុស្សធម៌របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀតផង ហើយមិនអើពើនឹងការឡើងកម្តៅ នៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល និងការស្លាប់បាត់បង់ជីវិតនិងរងរបួស របស់ជនស៊ីវិលឥតទោសពៃរ៍។ ទាក់ទិននឹងករណីនេះ ប្រទេសជាច្រើន ដូចជាប្រេស៊ីល រុស្ស៊ីនិងចិនជាដើមបានសម្តែងការភ្ញាក់ផ្អើលនិងអស់សង្ឃឹម។ នៅថ្ងៃទី១៨ ខែតុលា កាសែត «The Guardian» របស់អង់គ្លេសបានដកស្រង់ពាក្យសំដីរបស់មន្ត្រីអង្គការសិទ្ធិមនុស្សថា អាមេរិកតែងតែទាមទារឱ្យបណ្តាភាគីនានា គោរពច្បាប់មនុស្សធម៌អន្តរជាតិ ប៉ុន្តែទង្វើរបស់អាមេរិកដែលបានបដិសោធចំពោះសេចក្តីព្រាង នៃសេចកី្តសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហាក់ដូចជាទះកំផ្លៀងខ្លួនឯង។
តាមពិតទៅ ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ការលំអៀងទៅខាងអ៊ីស្រាអែលរបស់អាមេរិក វាមិនមែនជាលើកទីមួយឡើយ ។ តាមការផ្សាយដំណឹងរបស់ស្ថានីយទូរទស្សន៍AL Jazeera នៃប្រទេសកាតាបានឱ្យដឹងថា ក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមក អាមេរិកធ្លាប់ប្រើសិទ្ធិបោះឆ្នោតវេតូជាង៨០លើក ដើម្បីបដិសោធចំពោះសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីការរិះគន់អ៊ីស្រាអែលចំនួនជាង៥០ច្បាប់។ នៅយប់ថ្ងៃទី១៩ ខែតុលា តាមម៉ោងក្នុងតំបន់ លោក បៃដិន ប្រធានាធិបតីអាមេរិកបានថ្លែងសុន្ទរកថា មួយផ្នែកលោកបានអះអាងថាគាំទ្រ “ផែនការប្រទេសពីរ ” តែមួយផ្នែកទៀត បានរំលឹកឡើងវិញពីការគាំទ្រដល់អ៊ីស្រាអែល ព្រមទាំងបានលើកឡើងថា នឹងស្វែងរកឱ្យរដ្ឋសភាទម្លាក់ថវិកាបន្ថែមជាបន្ទាន់ ដើម្បីបង្កើនកម្លាំងយោធារបស់អ៊ីស្រាអែល។ ទង្វើនេះមិនត្រឹមតែជាទង្វើលំអៀងតែប៉ុណ្ណោះទេ ថែមទាំងក៏ជាទង្វើយកសាំងមកចាក់លើភ្លើងទៀតផង ទង្វើរបស់អាមេរិកបណ្តាលឱ្យអ្នកផងទាំងពួងចោទជាមន្ទិលសង្ស័យថា អាមេរិកមិនចង់ដោះស្រាយបញ្ហាដោយពិតប្រាកដទាល់តែសោះ។
បន្ទាប់ពីការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលផ្ទុះឡើង មួយផ្នែក លោក បៃដិន ប្រធានាធិបតីអាមេរិក លោក Blinken រដ្ឋមន្ត្រីការបរទសេអាមេរិក និងលោក Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកជាដើម បានទៅបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ាជាបន្តបន្ទាប់ ហើយអះអាងថានឹងធ្វើកិច្ចសម្របសម្រួល ដើម្បីធ្វើឱ្យប៉ាឡេស្ទីននិងអ៊ីស្រាអែល សម្រេចបាននូវការឈប់បាញ់គ្នា មួយផ្នែកទៀត ក្រុមនាវាផ្ទុកយន្តហោះរបស់អាមេរិកបានធ្វើនាវាចរណ៍ ទៅកាន់អ៊ីស្រាអែល សម្ភារៈយោធាគ្រប់ប្រភេទរបស់អាមេរិកត្រូវបានដឹកជញ្ជូន ទៅកាន់អ៊ីស្រាអែលជាបន្តបន្ទាប់ ជាងនេះទៅទៀត អាមេរិកបានបដិសោធចំពោះសេចក្តីព្រាងនៃសេចកី្តសម្រេចចិត្តពីរច្បាប់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការផ្តល់ ជំនួយមនុស្សធម៌ដល់តំបន់កាហ្សា ទង្វើទាំងនេះគឺនិយាយផ្សេងធ្វើផ្សឹងទាំងស្រុង។
ក្នុងសង្គ្រាមគ្មានអ្នកឈ្នះទេ ការដោះស្រាយការប៉ះទង្គិចដោយប្រើកម្លាំងហិង្សា នឹងនាំមកនូវវិបតិ្តកាន់តែធ្ងន់ធ្ងរ ។ ប្រឈមនឹងការប៉ះទង្គិចនិងគ្រោះមហន្តរាយមនុស្សធម៌ជាបន្តបន្ទាប់ អាមេរិកគួរតែរ៉ាប់រងទំនួលខុសត្រូវ បញ្ឈប់ទង្វើ “លំអៀងទៅអ៊ីស្រាអែល” និងរួមសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញការឈប់បាញ់គ្នានិងបញ្ចប់សង្រ្គាម ។ បើពុំនោះសោត ពិភពលោកសុទ្ធតែនឹងបែរខ្នងដាក់អាមេរិកទាំងអស់៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន