(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល បាន និងកំពុងបង្កើនការវាយលុកតាមជើងគោករបស់ខ្លួន ខណៈកងទ័ព និងរថក្រោះជាច្រើនគ្រឿងបានចូលទៅក្នុងតំបន់ ហ្កាហ្សាហើយ ដើម្បីសម្រេចឱ្យបាននូវ «គោលដៅយោធា» នោះគឺកម្ទេចក្រុមហាម៉ាស។ ប៉ុន្តែការកម្ចាត់ចលនាប្រដាប់អាវុធដ៏ខ្លាំងមួយដូចជាហាម៉ាស គឺជារឿងមួយដ៏ពិបាក ដោយសារតែមានភាពស្មុគស្មាញ និងឧបសគ្គជាច្រើន។ ម្យ៉ាងវិញទៀត បើទោះជាអ៉ីស្រាអែលកម្ចាត់ក្រុមហាម៉ាសបានក៏ដោយ ក៏លទ្ធផលចុងក្រោយ អាចនឹងផ្ទុយទៅនឹងអ្វីដែលអ៉ីស្រាអែលចង់បាន។
ជាការពិតណាស់ បើគេនិយាយពីកម្លាំងយោធា ក្រុមហាម៉ាសមិនមែនជាដៃគូរបស់អ៉ីស្រាអែល ដែលមានសហរដ្ឋអាមេរិកគាំទ្រនៅពីក្រោយនោះទេ។ ប៉ុន្តែ រឿងចាំបាច់មួយ និងដ៏ពិបាក គឺអ៉ីស្រាអែលក៏ត្រូវតែបញ្ចប់សង្រ្គាមឱ្យបានឆាប់ៗផងដែរ បើពុំដូច្នោះអ៉ីស្រាអែលខ្លួនឯងទៅវិញទេ អាចនឹងត្រូវខាតបង់ធ្ងន់ធ្ងរ។ និយាយជារួម កងទ័ពថ្មើរជើងដែលឈានជើងចូលក្នុងតំបន់ហ្កាហ្សា នឹងត្រូវជម្នះឧបសគ្គធំជាច្រើន៖ ទីមួយ៖ ការប្រយុទ្ធក្នុងតំបន់ហ្កាហ្សា គឺជាសង្រ្គាមទីក្រុង ដែលមានដង់ស៊ីតេជនស៊ីវិលរស់នៅច្រើន មានបណ្ដាញរូងក្រោមដីច្រើនខ្វាត់ខ្វែងដែលអនុញ្ញាតឱ្យហាម៉ាសអាចលាក់ខ្លួន និងលួចវាយឆ្មក់លើកងទ័ព អ៉ីស្រាអែល។ ទី២៖ កងទ័ពអ៉ីស្រាអែល នឹងត្រូវប្រឈមមុខនឹងអាវុធប្រឆាំងរថក្រោះ គ្រឿងផ្ទុះ ឬគ្រាប់មីនដាក់ពង្រាយដោយក្រុមហាម៉ាស ដែលនឹងពន្យារ ពេលការវាយរុលទៅមុខ ឬក៏អាចធ្វើឱ្យកងទ័ពស្លាប់ និងរងរបួស។ ទី៣៖ កងទ័ពអ៉ីស្រាអែលនឹងត្រូវប្រើប្រាស់អាវុធយ៉ាងសម្បើមដើម្បីការពារកងទ័ពរបស់ខ្លួន ទប់ទល់នឹងការបាញ់ផ្លោងពីហាម៉ាស ហើយក្នុងពេលជាមួយគ្នា អ៉ីស្រាអែលក៏ត្រូវព្យាយាមដែរក្នុងការកាត់បន្ថយការស្លាប់ និងរងរបួសក្នុងចំណោមជនស៊ីវិល ដែលនេះជាភារកិច្ចមួយដ៏លំបាក អំឡុងការវាយប្រយុទ្ធគ្នា។
អ៉ីស្រាអែល បច្ចុប្បន្នទទួលបានការគំាទ្រពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច ក្នុងការវាយប្រហារសងសឹកលើក្រុមហាម៉ាស។ តែការគាំទ្រ ទាំងនេះអាចនឹងថយចុះ ប្រសិនបើជនស៊ីវិលក្នុងតំបន់ហ្កាហ្សានៅតែបន្តស្លាប់ ក្នុងសង្រ្គាម។
* ថ្លឹងថ្លែងពីភូមិសាស្ត្រនយោបាយ
អ៉ីស្រាអែល ក៏ត្រូវតែថ្លឹងថ្លែងផងដែរពីភូមិសាស្ត្រនយោបាយ ខណៈនឹងត្រូវប្រឈមជាមួយអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តអ៉ីរ៉ង់ ដូចជាក្រុមហេសប៊ូលឡា (Hezbollah) ក្នុងប្រទេសលីបង់។ សង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ត្រូវបានគេព្យាករថានឹងមិនជំរុញឱ្យអ៉ីរ៉ង់ធ្វើអន្តរាគមន៍យោធាដោយផ្ទាល់នោះទេ។ ប៉ុន្តែ ដរាបណា ការវាយប្រយុទ្ធ ក្នុងតំបន់ហ្កាហ្សាអូសបន្លាយពេលកាន់តែយូរ នោះវានឹងធ្វើឱ្យទំនាក់ទំនងអ៉ីស្រាអែល និងអ៉ីរ៉ង់ដែលកំពុងដុនដាបស្រាប់អាចនឹងកាន់តែ ដុនដាបទៅទៀត។ នៅត្រង់នេះ គ្រោះថ្នាក់គឺស្ថិតនៅត្រង់ថាបើសង្រ្គាមអូសបន្លាយកាន់តែយូរ នោះវានឹងកាន់តែបង្កើនលទ្ធភាព នៃការប្រឈមមុខដាក់គ្នា ដោយផ្ទាល់រវាងអ៉ីស្រាអែល និងអ៉ីរ៉ង់។
ក្រុមហេសប៊ូលឡា ជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ ត្រូវបានគេរាយការណ៍ថាមានរ៉ុក្កែត និងមីស៊ីល ១៥០,០០០គ្រាប់ ដែលសុទ្ធសឹងតែអាចបាញ់ដល់អ៉ីស្រាអែល។ អ៉ីរ៉ង់ និងហេសប៊ូលឡាមានហេតុផលមួយចំនួន ដែលត្រូវព្យាយាមបញ្ចៀសការប្រឈមមុខដោយផ្ទាល់ជាមួយអ៉ីស្រាអែល។ ជាឧទាហរណ៍ អ៉ីរ៉ង់ត្រូវការពារ ក្រុមហេសប៊ូលឡាកុំឱ្យរងការបំផ្លិចបំផ្លាញ ដើម្បីអាចប្រើប្រាស់ចលនាប្រដាប់អាវុធមួយនេះកំញើញអ៉ីស្រាអែលកុំឱ្យហ៊ានបើកការវាយប្រហារលើទីតាំង នុយក្លេអ៊ែរនៅលើទឹកដីអ៉ីរ៉ង់។ ចំណែក ហេសប៊ូលឡាខ្លួនឯង ក៏មិនចង់ប្រថុយធ្វើសង្រ្គាមទ្រង់ទ្រាយធំជាមួយអ៉ីស្រាអែលនោះដែរ ហើយនេះអាចជាហេតុផល ជំរុញឱ្យចលនានេះដាក់កំហិតលើសកម្មភាពរបស់ខ្លួនប្រឆាំងអ៉ីស្រាអែលអស់រយៈពេលជាង ២០ឆ្នាំមកហើយ ចាប់ពីសង្រ្គាមលើកចុងក្រោយបំផុត ក្នុងឆ្នាំ២០០៦មក។
ប៉ះទង្គិចគ្នាទ្រង់ទ្រាយតូចនៅតាមតំបន់ព្រំដែនរវាងអ៉ីស្រាអែល និងហេសប៊ូលឡា ចាប់តាំងពីក្រុមហាម៉ាសបើកការវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា គឺជាឧទាហរណ៍មួយបង្ហាញថាក្រុមហេសប៊ូលឡានៅតែព្យាយាមនៅក្រៅជម្លោះ ហើយពួកគេក៏តែងតែស្ថិតនៅក្រៅជម្លោះរវាងអ៉ីស្រាអែល និងហាម៉ាស កន្លងមកដែរ ចាប់តាំងពីឆ្នាំ២០០៨មក។ ប៉ុន្តែដូចគ្នាដែរ បើសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាសអូសបន្លាយកាន់តែយូរ នោះលទ្ធភាពនៃការផ្ទុះជម្លោះ ដោយផ្ទាល់ទ្រង់ទ្រាយធំរវាងអ៉ីស្រាអែល និងហេសប៊ូលឡាអាចកើនឡើង។ អ៉ីស្រាអែលមានសមត្ថភាពធ្វើសង្រ្គាម ២សមរភូមិក្នុងពេលតែមួយ តែជាយុទ្ធសាស្ត្រ ល្អ អ៉ីស្រាអែលមិនអាចបណ្ដោយឱ្យសមរភូមិសង្រ្គាមមួយទៀតផ្ទុះឡើងនោះទេ។ ដូច្នេះហើយ ជាការគាំទ្រដល់អ៉ីស្រាអែល រដ្ឋបាលលោក ចូ បៃដិន បានបញ្ជូន នាវាចម្បាំងជាច្រើនគ្រឿង និងនាវាផ្ទុកយន្ដហោះចម្បាំង២គ្រឿង ទៅកាន់សមុទ្រមេឌីទែរ៉ាណេខាងកើត ដើម្បីកំញើញកុំឱ្យហេសប៊ូលឡា និងអ៉ីរ៉ង់លូកដៃចូល ក្នុងសង្រ្គាម ឬផ្ដល់អាវុធទៅឱ្យហាម៉ាស ដូចដែលកងទ័ពជើងទឹកអាមេរិកឈរជើងនៅក្បែរយេម៉ែនបាន និងកំពុងធ្វើ។
* បើហាម៉ាសត្រូវបានកម្ចាត់ តើនឹងមានអ្វីកើតឡើង?
បើទោះជាអាចកម្ទេចក្រុមហាម៉ាសបានក៏ដោយ ក៏អ៉ីស្រាអែលនៅតែត្រូវប្រឈមមុខនឹងបញ្ហាដ៏ស្មុគស្មាញ នោះគឺអស់ពីហាម៉ាស តើនរណាជាអ្នកគ្រប់គ្រងតំបន់ ហ្កាហ្សា? អ៉ីស្រាអែល មិនចង់ត្រឡប់ទៅគ្រប់គ្រងតំបន់ហ្កាហ្សាវិញនោះទេ រីឯសហរដ្ឋអាមេរិក ក៏មិនគាំទ្រឱ្យអ៉ីស្រាអែលគ្រប់គ្រងតំបន់ហ្កាហ្សាជាថ្មីនោះដែរ ដោយលោក បៃដិន ធ្លាប់ព្រមានថាវាអាចនឹងក្លាយជាកំហុសដ៏ធំមួយ។ មានសេណារីយ៉ូជាច្រើនត្រូវបានគេព្យាករ ក្នុងនោះរួមមានទាំងការផ្ដល់ឱកាសឱ្យអាជ្ញាធរ ប៉ាឡេស្ទីនក្នុងតំបន់ West Bank ជាអ្នកគ្រប់គ្រងតំបន់ហ្កាហ្សា។ ប៉ុន្តែ អាជ្ញាធរប៉ាឡេស្ទីន ដែលកំពុងតែពិបាកគ្រប់គ្រងទឹកដីរបស់ខ្លួនក្នុងតំបន់ West Bank ស្រាប់ផងនោះ ត្រូវបានគេមើលឃើញថាមិនមានឆន្ទៈនោះទេ ហើយទោះជាពួកគេចង់ ក៏គ្មានសមត្ថភាពគ្រប់គ្រងតំបន់ហ្កាហ្សានោះដែរ។ ចំណែក សេណារីយ៉ូ មួយទៀត គឺឱ្យរដ្ឋអារ៉ាប់ណាមួយជាអ្នកគ្រប់គ្រង។ ប៉ុន្តែ នៅចំពោះមុខការកើនឡើងនៃការអំពាវនាវឱ្យមានបទឈប់បាញ់ គ្មានប្រទេសអារ៉ាប់ណាមួយក្នុងនោះ មានទាំងអេហ្ស៉ីបដែលជារដ្ឋអារ៉ាប់តែមួយគត់មានព្រំដែនជាប់តំបន់ហ្កាហ្សា ក៏មិនចង់ទទួលភារកិច្ចគ្រប់គ្រងតំបន់ហ្កាហ្សាដែរ ខណៈ UN វិញកាន់តែមិនបាច់ និយាយទៅទៀត។
និយាយមួយបែបទៀត អ៉ីស្រាអែល ចង់ចូលក្នុងតំបន់ហ្កាហ្សា អាចជារឿងងាយ តែបើចង់ចេញវិញទើបពិបាក។ ជ័យជម្នះរបស់អ៉ីស្រាអែលលើក្រុមហាម៉ាស នឹង បង្កើតជាបញ្ហាកាន់តែស្មុគស្មាញ នោះគឺតំបន់ហ្កាហ្សាអាចនឹងធ្លាក់ចូលក្នុងភាពចលាចល ហើយបើចង់គ្រប់គ្រងតំបន់ហ្កាហ្សាដោយខ្លួនឯង នោះអ៉ីស្រាអែលនឹង ត្រូវប្រឈមមុខដោះស្រាយវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ បូករួមទាំងការប្រឆាំងពីសំណាក់ប្រជាជនហ្កាហ្សា។ អ៉ីស្រាអែលមិនចង់ក្លាយជាអ្នកទទួលខុសត្រូវបង្កឱ្យ មានបញ្ហាធំបែបនេះកើតឡើងទេ ហើយក៏មិនចង់ដោះស្រាយវាដោយខ្លួនឯងនោះដែរ។ ប៉ុន្តែរឿងបែបនេះនឹងកើតឡើង ក្នុងករណីអ៉ីស្រាអែលផុងខ្លួនកាន់តែជ្រៅ ក្នុងតំបន់ហ្កាហ្សា។
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសម្នាក់ឈ្មោះ Khaled Mashal បាននិយាយថាហាម៉ាសបានដឹងជាមុនរួចទៅហើយ ពីផលវិបាកដែលកើតចេញពីការវាយប្រហារលើ អ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ នេះមានន័យថាហាម៉ាសក៏បានត្រៀមខ្លួនជាស្រេចដែរ ដើម្បីប្រឈមមុខនឹងកងទ័ពអ៉ីស្រាអែលក្នុងសង្រ្គាមនៅហ្កាហ្សា ដែលលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ទទួលស្គាល់ថានឹងក្លាយជាសង្រ្គាមដ៏លំបាក និងចំណាយពេលយូរ៕