(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ សេតវិមានអាមេរិកបាននិយាយថា ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner មានផែនការផ្តល់​ប្រព័ន្ធការពារដែនអាកាស ទៅកាន់ក្រុមហេសបូឡា (Hezbollah) នៃប្រទេសលីបង់ ឬមួយក៏ទៅកាន់រដ្ឋាភិបាលនៃប្រទេសអ៉ីរ៉ង់ ក្រោមផ្នែកនៃ​កិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «បើតាមព័ត៌មានយើង គឺវាបានឱ្យតំរុយថា ក្រុម Wagner ក្រោមការបង្គាប់បញ្ជាពីរដ្ឋាភិបាលរុស្ស៉ីផ្ទាល់ កំពុងតែត្រៀមរៀបចំដើម្បីផ្តល់ប្រព័ន្ធការពារអាកាសមួយ ទៅកាន់ក្រុម Hezbollah ឬក៏ទៅកាន់អ៉ីរ៉ង់»។ Hezbollah គឺជាកងជីវពលដ៏មានឥទ្ធិពលនៅប្រទេសលីបង់ ដែលគាំទ្រដោយអ៉ីរ៉ង់។

កាលពីដើមខែវិច្ឆិកានេះ កាសែតអាមេរិក The Wall Street Journal ដោយផ្អែកលើប្រភពពីមន្រ្តីអាមេរិក ក៏ធ្លាប់បានរាយការណ៍ដែរថា ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី គ្រោងនឹងផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី Pantsir-S1 ដែលអង្គការណាតូហៅថា SA-22 ឱ្យទៅក្រុម Hezbollah។ បើតាមលោក Kirby នាពេលនេះ អ៉ីរ៉ង់កំពុងតែពិចារណាផ្តល់ឱ្យរុស្ស៉ី នូវមីស៉ីលបាលិស្ទីគសម្រាប់យកទៅប្រើប្រាស់​នៅអ៊ុយក្រែន ដើម្បីជាការតបស្នងវិញ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោនបានព្រមានយូរដែរមកហើយ អំពីភាពកាន់តែស៉ីជម្រៅនៃទំនាក់ទំនងយោធារវាងទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់ ដោយចោទថា វាបង្កការគំរាមកំហែងទាំងចំពោះអ៊ុយក្រែន ចំពោះប្រទេសជិតខាងអ៉ីរ៉ង់ និងចំពោះសហគមន៍អន្តរជាតិ។ កាលពីខែកញ្ញា ឆ្នាំនេះ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Sergei Shoigu បានបំពេញទស្សនកិច្ចផ្លូវការមួយ ទៅកាន់ប្រទេសអ៉ីរ៉ង់ ដែលត្រូវបាន​ហៅថា ជាការបោះជំហានដ៏សំខាន់មួយ សម្រាប់កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ រុស្ស៉ីនិងអ៉ីរ៉ង់សុទ្ធតែស្ថិតក្រោមទណ្ឌកម្មពាណិជ្ជកម្មអន្តរជាតិដូចគ្នា ហើយបានងាកទៅពង្រឹងទំនាក់ទំនងជាមួយគ្នា ក្នុងវិស័យជាច្រើន៕

រូបភាពពី AFP