(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១៩ ខែធ្នូនេះបានរាយការណ៍ថាលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់លើការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រើឥន្ធនៈរឹងដ៏ខ្លាំងក្លាបំផុតរបស់កូរ៉េខាងជើង ដែលមានសមត្ថភាព បាញ់ដល់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
យោធាកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានឱ្យដឹងថាកូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីល ICBM ប្រើឥន្ធនៈរឹងមួយគ្រាប់ដែលជា ប្រភេទមីស៊ីលមានភាពងាយស្រួលក្នុងការដឹក និងអាចបាញ់ចេញបានលឿនរហ័សជាងប្រភេទមីស៊ីលប្រើឥន្ធនៈរាវ។ ដោយឡែក បើតាម KCNA លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់លើការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រើឥន្ធនៈរឹងឈ្មោះ Hwasong-18 ហើយលោក គីមផ្ទាល់ ក៏បានបញ្ជាក់ដែរថាការធ្វើតេស្ដមីស៊ីលនេះគឺជាសារមួយយ៉ាងច្បាស់បញ្ជូនទៅកាន់សត្រូវរបស់ កូរ៉េខាងជើង និងជាការបង្ហាញពីការបោះជំហានទៅមុខនៃការអភិវឌ្ឍកងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីល ICBM កាលពីថ្ងៃចន្ទ គឺជាការធ្វើតេស្ដបាញ់មីស៊ីល ICBM ប្រើឥន្ធនៈរឹងជាលើកទី៣ ក្នុងឆ្នាំ២០២៣នេះ ក្រោយការធ្វើតេស្ដបាញ់កាលខែមេសា និងខែកក្កដាកន្លងទៅ ហើយដែលការធ្វើតេស្ដទាំងនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញពី ភាពរីកចម្រើនទៅមុខនៃកម្មវិធីអាវុធរបស់កូរ៉េខាងជើង៕