(វ៉ាស៊ីនតោន)៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ប្រជាជនតៃវ៉ាន់នឹងត្រូវបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ពួកគេ ជំនួសលោកស្រី សៃ អ៉ីងវិន ដែលត្រូវផុត អាណត្តិ រួមទាំងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ ថាតើតៃវ៉ាន់នឹងត្រូវដោះស្រាយយ៉ាងណាជាមួយចិនទៅថ្ងៃមុខ គឺជាប្រធានបទស្នូលមួយ នៅក្នុងយុទ្ធនា ការឃោសនាបោះឆ្នោតរបស់បេក្ខជនមេដឹកនាំម្នាក់ៗ។ ជាផ្លូវការ ចិនមិនមានអំណាចគ្រប់គ្រងលើតៃវ៉ាន់នោះទេ ប៉ុន្តែប៉េកាំងនៅតែអះអាងថាតៃវ៉ាន់គ្រាន់តែជា ខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ ហើយបានព្រមានជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិ នៅក្នុងករណីចាំបាច់។

អមជាមួយការព្រមាន ចិនក៏តែងតែបញ្ជូនយន្ដហោះចម្បាំង និងនាវាចម្បាំងចូលទៅកាន់តំបន់ច្រកសមុទ្រតៃវ៉ាន់ជាញឹកញាប់ដែរ ក្នុងពេលដែលសហរដ្ឋអាមេរិក កំពុងបង្កើនការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

* តើនរណាខ្លះឈរឈ្មោះជាបេក្ខជនមេដឹកនាំតៃវ៉ាន់?
លោក Lai Ching-te ឬគេស្គាល់ថា William Lai៖ គឺជាបេក្ខជនមេដឹកនាំតៃវ៉ាន់ម្នាក់មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ DPP ដែលជាបក្សកាន់អំណាច តៃវ៉ាន់សព្វថ្ងៃរបស់លោកស្រី សៃ អ៉ីងវិន។ លោក Lai ជាអតីតវេជ្ជបណ្ឌិតម្នាក់ តែនៅអំឡុងវិបត្តិច្រកសមុទ្រតៃវ៉ាន់ឆ្នាំ១៩៩៦ លោកបានបោះបង់ចោលអាជីព ជាគ្រូពេទ្យ ដើម្បីប្រឡូកចូលក្នុងឆាកនយោបាយ។ លោក Lai បានក្លាយជាតំណាងរាស្ត្រតៃវ៉ាន់ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ និងធ្លាប់ជាអតីត ចៅហ្វាយក្រុងដ៏មានប្រជាប្រិយភាពនៃទីក្រុង Tainan ស្ថិតនៅភាគខាងត្បូងតៃវ៉ាន់។

លោក Lai ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ពីសំណាក់អ្នកដែលមានជំហរតឹងរ៉ឹងគាំទ្រឯករាជ្យភាពតៃវ៉ាន់។ តែកន្លងមក លោកក៏ធ្លាប់មានប្រជាប្រិយភាព ខ្លាំងនៅក្នុងចំណោមអ្នកបោះឆ្នោតមាននិន្នាការកណ្ដាលនិយមផងដែរ។ លោក Lai ជាមនុស្សម្នាក់ដែលចិនចាត់ទុកជាបន្លារក្នុងភ្នែក ដ្បិតលោកធ្លាប់ចាត់ទុក ខ្លួនឯងជា «អ្នកធ្វើការដ៏ពិតប្រាកដម្នាក់ដើម្បីឯករាជ្យភាពរបស់តៃវ៉ាន់»។ លោកថែមទាំងបានសន្យាទៀតផងថានឹងបន្តដើរតាមគោលនយោបាយរក្សាតុល្យភាព យ៉ាងប្រុងប្រយ័ត្នរបស់លោកស្រី សៃ អ៉ីងវិន ដែលបានប្រកាន់ជំហរថាតៃវ៉ាន់មានឯករាជ្យភាពរួចទៅហើយ ពោលមិនចាំបាច់ត្រូវបានប្រកាសឯករាជ្យអ្វីទៀត នោះទេ។ យ៉ាងណាក៏ដោយ ប្រសិនបើលោក Lai ទទួលបានជ័យជម្នះ នោះប្រាកដណាស់ ចិននឹងបន្តបង្កើនយុទ្ធនាការសម្លុតគំរាម និងផ្ដាច់តៃវ៉ាន់ឱ្យឯកោពី ពិភពលោក។ ការស្ទង់មតិចុងក្រោយបំផុតកាលពីថ្ងៃទី១៧ ខែធ្នូ បានបង្ហាញថាលោក Lai មានអាយុ ៦៤ឆ្នាំ ទទួលបានសំឡេងគាំទ្រ ៣៤ភាគរយ។

លោក Hou Yu-ih មានអាយុ ៦៦ឆ្នាំ ៖ គឺជាបេក្ខជនមេដឹកនាំតៃវ៉ាន់មកពីគណបក្ស Kuomintang (KMT) ជាគណបក្សប្រឆាំងធំបំផុតនៅតៃវ៉ាន់។ លោកធ្លាប់ ធ្វើជាមន្ត្រីប៉ូលិសម្នាក់ មុននឹងក្លាយជាប្រធានទីភ្នាក់ងារជាតិប៉ូលិសតៃវ៉ាន់ នៅឆ្នាំ២០០៦។ កើតនៅក្នុងសង្កាត់ផ្សារលក់សាច់ជ្រូកដ៏ល្បីមួយក្នុងទីក្រុង Chiayi បច្ចុប្បន្នលោក Hou ជាចៅហ្វាយក្រុង New Taipei ។ លោក Hou បានជាប់ឆ្នោតជាចៅហ្វាយក្រុង New Taipei ម្ដងទៀត ក្នុងការបោះឆ្នោតថ្នាក់តំបន់កាលពី ឆ្នាំ២០២២។ គណបក្ស Kuomintang ត្រូវបានគេមើលឃើញថាមានទំនោរទន់ភ្លន់ជាមួយចិន ហើយលោក Hou Yu-ih ផ្ទាល់ក៏តែងតែលើកឡើងផងដែរពី សន្តិភាព និងភាពចាំបាច់ក្នុងការជជែកជាមួយចិន ដើម្បីបន្ធូរបន្ថយតានតឹងក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ គិតត្រឹមថ្ងៃទី១៧ ខែធ្នូ លោក Hou Yu-ih មានសំឡេង គាំទ្រ៣១ភាគរយ ក្នុងការស្ទង់មតិ។

លោក Ko Wen-je ៖ ធ្លាប់ធ្វើជាគ្រូពេទ្យវះកាត់ម្នាក់ រហូតដល់លោកឈរឈ្មោះជាបេក្ខជនចៅហ្វាយក្រុង Taipei រដ្ឋធានីរបស់តៃវ៉ាន់ ក្នុងនាមជាបេក្ខជនឯករាជ្យម្នាក់ ក្នុងឆ្នាំ២០១៤។ លោកបានយកឈ្នះអ្នកនយោបាយមកពីគណបក្ស Kuomintang ដោយទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដី បើទោះជាលោកមិនមានបទពិសោធន៍ នយោបាយពីមុនមកក៏ដោយ។ លោក Ko Wen-je បានកាន់តំណែងចៅហ្វាយក្រុង Taipei រយៈពេល ២អាណត្តិរហូតដល់ឆ្នាំ២០២២។ លោក Ko គឺជាបេក្ខជន មេដឹកនាំតៃវ៉ាន់មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP)។ លោកបានចាត់ទុកខ្លួនឯងជាអ្នកនយោបាយម្នាក់ប្រកបដោយហេតុផល និងវិទ្យាសាស្ត្រ ហើយលោកផ្ដោតលើ បញ្ហាក្នុងស្រុក ដូចជាថាមពល និងតម្លៃផ្ទះសម្បែង ជាជាងទំនាក់ទំនងជាមួយចិន។ លោក Ko Wen-je បានផ្ដល់យោបល់ឱ្យបង្កើតក្រុមចម្រុះជាមួយគណបក្ស Kuomintang ស្របពេលគោលនយោបាយចិនរបស់លោកមានលក្ខណៈស្រដៀងនឹងគោលនយោបាយរបស់ Kuomintang ដែរ។ លោក Ko Wen-je មានអាយុ ៦៤ឆ្នាំ ទទួលបានសំឡេងគាំទ្រ ២១ភាគរយ ក្នុងការស្ទង់មតិចុងក្រោយបំផុត គិតត្រឹមថ្ងៃទី១៧ ខែធ្នូ។

* អ្វីទៅជាចំណុចរសើបបំផុត ក្នុងការបោះឆ្នោតតៃវ៉ាន់?
ក្រៅតែពីបញ្ហាក្នុងស្រុក ប្រជាជនតៃវ៉ាន់ក៏នឹងត្រូវសម្រេចចិត្តផងដែរថាពួកគេចង់ឱ្យតៃវ៉ាន់បន្តអនុវត្តគោលនយោបាយរបស់លោកស្រី សៃ អ៉ីងវិន តទៅទៀត ឬក៏យ៉ាងណា? លោកស្រី សៃ មកពីគណបក្ស DPP បានជាប់ឆ្នោតជាមេដឹកនាំតៃវ៉ាន់ដំបូងកាលពីឆ្នាំ២០១៦ តែរដ្ឋធម្មនុញ្ញតៃវ៉ាន់ហាមមិនឱ្យលោកស្រីឈរឈ្មោះ នៅអាណត្តិទី៣។ លោកស្រី សៃ ត្រូវបានចិនចាត់ទុកថាជាមេដឹកនាំឧទ្ទាមម្នាក់នៅតៃវ៉ាន់ ដ្បិតលោកស្រី មិនទទួលស្គាល់ថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិនទេ។ អំឡុង អាណត្តិដឹកនាំរបស់លោកស្រី ២អាណត្តិមកទល់នឹងសព្វថ្ងៃ ចិនបានផ្ដាច់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ និងបង្កើនការដាក់សម្ពាធទាំងយោធា និងការទូត ជាពិសេស រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក Lai Ching-te ដែលបច្ចុប្បន្នជាបេក្ខជនមេដឹកនាំតៃវ៉ាន់នៃគណបក្ស DPP និងជាមេដឹកនាំរងរបស់លោកស្រី សៃផងនោះបាននិយាយថាលោកនឹងបន្តដើរតាម គោលនយោបាយរបស់លោកស្រី សៃ។ តែទោះជាបែបនេះក្ដី វាមិនប្រាកដ១០០ភាគរយនោះទេថាលោកអាចនឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសកល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ ម្យ៉ាងវិញទៀត បើទោះជា ២ភាគ៣ នៃប្រជាជនតៃវ៉ាន់ទទួលស្គាល់ថាពួកគេមានអត្តសញ្ញាណជាជនជាតិតៃវ៉ាន់ មិនមែនចិនដែល ជាទស្សនមួយស្របទៅនឹងថ្នាក់ដឹកនាំភាគច្រើនរបស់គណបក្ស DPP ក៏ពិតមែន ប៉ុន្តែ ប្រជាជនតៃវ៉ាន់ភាគច្រើន ក៏ចង់ឱ្យមានចាប់ផ្ដើមឡើងវិញនូវកិច្ចសន្ទនាជាមួយ ចិនផងដែរ។ DPP ខ្លួនឯងក៏កំពុងមានរូបភាពមិនល្អ នៅក្នុងចំណោមប្រជាជនតៃវ៉ាន់ជាយុវជនផងដែរ។ ដំបូងឡើយ DPP អាចទាក់ទាញប្រជាប្រិយភាព និងការគាំទ្រ ពីប្រជាជនតៃវ៉ាន់ ដោយសារតែការប្រឆាំងនឹងការដឹកនាំផ្ដាច់ការអស់រយៈពេលជាង ៤ទសវត្សរ៍របស់គណបក្ស Kuomintang។ តែអស់រយៈពេល ៨ឆ្នាំក្រោម ការដឹកនាំរបស់ DPP យុវជនតៃវ៉ាន់ចាប់ផ្ដើមមើលឃើញថា DPP គឺជាគណបក្សកាន់អំណាចតែម្នាក់ឯងយូរពេកហើយ និងគួរតែមានគណបក្សនយោបាយផ្សេង ដឹកនាំតៃវ៉ាន់។

លើសពីនេះទៀត អំឡុងការដឹកនាំរបស់លោកស្រី សៃ ការដំឡើងប្រាក់ខែមានភាពយឺតយ៉ាវ រីឯតម្លៃផ្ទះចេះតែឡើងថ្លៃដែលនេះបានបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងដល់ យុវជន ជាពិសេសក្នុងចំណោមនិស្សិតមិនទាន់មាន ឬគ្មានការងារធ្វើ។ ដៃគូដ៏សំខាន់របស់លោក Lai នៅក្នុងការបោះឆ្នោតសកលតៃវ៉ាន់ គឺលោក Hou Yu-ih និងលោក Ko Wen-je។ កាលពីខែវិច្ឆិកាកន្លងទៅ លោក Hou Yu-ih និងលោក Ko Wen-je បានប្រកាសថាពួកគេនឹងរួបរួមគ្នា ហើយនៅពេលនោះ ការស្ទង់មតិក៏ បានបង្ហាញថាបើអ្នកទាំង២ ពិតជារួមដៃគ្នាមែន នោះគណបក្សរបស់ពួកគេអាចនឹងយកឈ្នះលើគណបក្ស DPP របស់លោក Lai។

ប៉ុន្តែ ការបង្រួបបង្រួមគ្នាបែរជាបរាជ័យទៅវិញ ដោយសារតែគណបក្សទាំង២នៅខ្ទាស់គ្នាត្រង់ថារវាងលោក Hou Yu-ih និងលោក Ko Wen-je តើនរណាត្រូវកាន់ តំណែងជាមេដឹកនាំតៃវ៉ាន់ (ប្រធានាធិបតី) ហើយនរណាធ្វើជាមេដឹកនាំរង (អនុប្រធានាធិបតី)។ លោក Hou Yu-ih គាំទ្រការបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ច្រក សមុទ្រតៃវ៉ាន់ តាមរយៈកិច្ចសន្ទនាជាមួយចិន នៅក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៩២ ឬ 1992 consensus ដែលបានកំណត់ថា «ចិនមានតែមួយគត់»។ តែតាមពិតទៅ ទាំងចិន និងតៃវ៉ាន់យល់ឃើញផ្សេងគ្នាពីនិយមន័យចិនតែមួយនេះ។ អតីតមេដឹកនាំតៃវ៉ាន់ លោក Ma Ying-jeou នៃគណបក្ស Kuomintang ធ្លាប់បានប្រើប្រាស់ កិច្ចព្រមព្រៀងនេះដើម្បីបញ្ចុះកម្ដៅភាពតានតឹងជាមួយចិន។ ប៉ុន្តែ ចិនបានដើរលើសជំហានទៀតបន្ថែមពីលើនិយមន័យចិនតែមួយ ដោយកាលពីឆ្នាំ២០១៩ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទាញភ្ជាប់កិច្ចព្រមព្រៀងឆ្នាំ១៩៩២ ទៅនឹង «គោលការណ៍ចិនតែមួយ ឬ one China principle» ដែលថា «តៃវ៉ាន់គួរតែ ត្រូវបានដឹកនាំ ដូចគ្នាទៅនឹងទីក្រុងហុងកុង»។

ចំណែក លោក Ko Wen-je ដែលតាំងខ្លួនឯងជាអ្នកនយោបាយកណ្ដាលនិយមម្នាក់ត្រូវបានរាយការណ៍ថាកំពុងទំនាក់ទំនងជាមួយចិន ហើយថែមទាំងបាននិយាយ ដែរថាលោកបានស្នើឱ្យភាគីចិនពិចារណាលើរូបមន្តផ្សេងល្អជាងកិច្ចព្រមព្រៀងឆ្នាំ១៩៩២។ ប៉ុន្តែលោក Ko រងការថ្កោលទោសយ៉ាងចាស់ដៃពីគណបក្ស DPP។

គួរបញ្ជាក់ថា ជ័យជម្នះសម្រាប់លោក Hou Yu-ih ឬលោក Ko Wen-je ត្រូវបានគេមើលឃើញថាអាចនឹងនាំទៅរកការបន្ធូរបន្ថយភាពតានតឹង ឬការសា្ដរទំនាក់ទំនង ឡើងវិញរវាងចិន និងតៃវ៉ាន់។ តែរឿងមួយដែលគេពិបាកនឹងប្រកែក នោះគឺមិនថាគណបក្ស ឬបេក្ខជនមេដឹកនាំរូបណាជាអ្នកឈ្នះនោះទេ ក៏ពួកគេនឹងត្រូវជួបបញ្ហា ប្រឈមជាច្រើន ក្នុងការដឹកនាំ ចំពោះមុខការពង្រីកសមត្ថភាពយោធារបស់ចិន និងការប្រជែងដណ្ដើមឥទ្ធិពលគ្នាកាន់តែស្រួចស្រាល់រវាងសហរដ្ឋអាមេរិក និងចិន ៕


Lai Ching-te


Hou Yu-ih


Ko Wen-je


tsai ing-wen