(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ OSC ដើម្បីនាំមកនូវដំណោះស្រាយ និងកិច្ចសហប្រតិបត្តិការរួមគ្នាថែមទៀត ស្របតាមគោលការណ៍នៃភាពជាដៃគូ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក។
ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងឱកាសដែល លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន លោក Manssour Bin Mussallam អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការខាងត្បូង (OSC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
ជាមួយគ្នានេះ លោក សុខ ចិន្តាសោភា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរួមចំណែករបស់អង្គការសហប្រតិបត្តិការខាងត្បូង ចំពោះការអប់រំប្រកបដោយតុល្យភាព និងបរិយាប័ន្ន នៅក្នុងតំបន់។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពី «ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ OSC ដើម្បីនាំមកនូវដំណោះស្រាយ និងកិច្ចសហប្រតិបត្តិការរួមគ្នាថែមទៀត ស្របតាមគោលការណ៍នៃភាពជាដៃគូ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក»៕