(បាងកក)៖ នៅថ្ងៃចន្ទនេះ តុលាការនៅប្រទេសថៃ បានសម្រេចប្រកាសសាលក្រមព្យួរទោសរយៈពេល២ឆ្នាំ នៃការជាប់ពន្ធនាគារ សម្រាប់អតីតបេក្ខជននាយករដ្ឋមន្រ្តី លោក Pita Limjaroenrat និងបុគ្គល៧នាក់ផ្សេងទៀត ជុំវិញការពាក់ព័ន្ធរបស់ពួកគេ ក្នុងសកម្មភាពធ្វើបាតុកម្មកាលពីឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

កាលពី៥ឆ្នាំមុន ចលនាបាតុកម្មទ្រង់ទ្រាយធំបានរីករាលដាល ពាសពេញរាជធានីបាងកក ដែលដឹកនាំដោយអតីតគណបក្ស Future Forward ក្រោមគោលដៅទាមទារឱ្យ មានកំណែទម្រង់ ហើយអំពាវនាវឱ្យលោក ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែងនាយករដ្ឋមន្រ្តី នាពេលនោះ។ សម្រាប់សំណុំរឿងខាងលើ គឺពាក់ព័ន្ធទៅនឹងការធ្វើបាតុកម្មមួយ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំនោះ នៅក្នុងទីក្រុងបាងកក ពោលគឺនៅប៉ុន្មានខែ មុនពេលតុលាការរំលាយគណបក្ស Future Forward ដែលមានលោក Pita ជាសមាជិក។ ក្រៅពីលោក Pita អ្នកដែលរងការផ្តន្ទាទោសដទៃទៀត គឺរួមមានទាំងអតីតមេដឹកនាំគណបក្ស FFP លោក Thanathorn Juangroongruangkit ផងដែរ ដែលបច្ចុប្បន្នជាប់បម្រាមមិនអាចធ្វើ​នយោបាយ បាននោះឡើយ។

បើតាមមេធាវីរបស់ពួកគេ តុលាការថៃបានសម្រេចថា បាតុកម្មថ្ងៃទី១៤ ខែធ្នូនោះ ត្រូវបានរៀបចំឡើងដោយគ្មានការអនុញ្ញាត បាំងទីធ្លាសាធារណៈ និងស្ថិតនៅចម្ងាយ​ត្រឹម ១៥០ម៉ែត្រប៉ុណ្ណោះពីព្រះរាជវាំង Pathumwan។ មេធាវីដដែលបានបន្តថា ដំបូងឡើយ អ្នកទាំង៨ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ៤ខែ ប៉ុន្តែក្រោយមកត្រូវបានបន្ធូរបន្ថយ មកត្រឹមជាការព្យួរទោសរយៈពេល២ឆ្នាំ នៃការជាប់ពន្ធនាគារវិញ រួមនិងប្រាក់ពិន័យ២០,២០០បាត (២៨០ដុល្លារ)។

គួរបញ្ជាក់ថា លោក Pita អតីតមេដឹកនាំគណបក្ស Move Forward ដែលជាគណបក្សជំនាន់ក្រោយរបស់ Future Forward ទើបតែត្រូវតុលាការធម្មនុញ្ញថៃ សម្រេចផ្តល់សមាជិកភាពនៅសភាឱ្យឡើងវិញប៉ុណ្ណោះ ក្រោយពាក់ព័ន្ធក្នុងសំណុំរឿងកាន់កាប់ភាគហ៊ុន ក្នុងក្រុមហ៊ុនផ្សព្វផ្សាយមួយ។ ទោះបីបក្ស Move Forward ទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល កាលពីឆ្នាំមុនក៏ដោយ លោក Pita ត្រូវបានរារាំងមិនឱ្យក្លាយជានាយករដ្ឋមន្រ្តីថៃ ដោយសារគោលនយោបាយកំណែទម្រង់ខ្លាំង របស់បក្សនេះ ជាពិសេសពាក់ព័ន្ធបំណង​ចង់ធ្វើវិសោធនកម្មច្បាប់ប្រឆាំងការប្រមាថស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល នៅក្នុងប្រទេសអាស៊ានមួយនេះ៕

រូបភាពពី Reuters