(គូឡាឡាំពួ)៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Najib Razak កំពុងពិចារណាដាក់សំណើថ្មីមួយទៀត ដើម្បីសុំការលើកលែងទោសពេញលេញទាំងស្រុងតែម្តង ក្រោយទើបទទួលបានការកាត់បន្ថយរយៈពេលជាប់ពន្ធនាគារ កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
កន្លងមក លោក Najib ដែលពីដំបូងឡើយត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល១២ឆ្នាំ ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយ 1MDB គឺធ្លាប់បានស្នើសុំ ការលើកលែងទោសម្តងរួចមកហើយ ក៏ប៉ុន្តែក្រុមប្រឹក្សាលើកលែងទោស ដែលមានព្រះមហាក្សត្រម៉ាឡេស៉ីគង់ជាប្រធាន បានប្រកាសកាលពីសប្តាហ៍មុន អំពីការសម្រេចចិត្តត្រឹមបន្ធូរបន្ថយ រយៈពេលជាប់ពន្ធនាគាររបស់លោក មកនៅ៦ឆ្នាំ ពោលគឺរូបលោក នឹងត្រូវដោះលែងឱ្យមានសេរីភាពវិញ នៅឆ្នាំ២០២៨។
គួរបញ្ជាក់ថា លោក Najib ត្រូវបានតុលាការរកឃើញ មានទោសពីបទប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធទៅនឹងមូលនិធិរដ្ឋ 1Malaysia Development Berhad ហៅកាត់ 1MDB។ យោងតាមក្រុមអ្នកស៉ើបអង្កេតអាមេរិកនិងម៉ាឡេស៉ី លុយប្រមាណ៤.៥ពាន់លានដុល្លារ គឺបានបាត់ចេញពីមូលនិធិនោះ ហើយជាង១ពាន់លានដុល្លារ ត្រូវបានផ្ទេរចូលទៅកាន់គណនី ដែលមានទំនាក់ទំនងជាមួយលោក Najib។ លោក Najib Razak បានស្នើសុំការលើកលែងទោស ពីព្រះមហាក្សត្រម៉ាឡេស៉ី កាលពីខែសីហា ឆ្នាំ២០២២ គឺភ្លាមៗក្រោយតុលាការកំពូលម៉ាឡេស៉ី សម្រេចតម្កល់សាលក្រមកាត់ទោសរូបលោកឱ្យនៅដដែល ជាហេតុនាំឱ្យលោក Najib មានឈ្មោះជានាយករដ្ឋមន្រ្តីម៉ាឡេស៉ីដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត ដែលត្រូវជាប់ពន្ធនាគារ៕
រូបភាពពី Reuters