(អ៉ីស្លាម៉ាបាដ)៖ ការបោះឆ្នោតសភា នៅក្នុងប្រទេសប៉ាគីស្ថាន បានចាប់ផ្ដើមហើយ ដោយការិយាល័យបោះឆ្នោតជាង ៩០,០០០កន្លែង នៅទូទាំងប្រទេស បានបើកទ្វារ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីឱ្យប្រជាជនប៉ាគីស្ថានដែលមានសិទ្ធិបោះឆ្នោតជាង ១២៨លាននាក់ទម្លាក់សន្លឹកឆ្នោតរបស់ពួកគេចូលក្នុងហិប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ការិយាល័យបោះឆ្នោត បានបើកទ្វារនៅម៉ោង ៨ព្រឹក នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ហើយនឹងត្រូវបិទទ្វារដើម្បីរាប់សន្លឹកឆ្នោត នៅ៦ល្ងាចថ្ងៃដដែល។ ការបោះឆ្នោតនេះដែរធ្វើឡើងចំពេលអ្នកនយោបាយដ៏មានប្រជាប្រិយភាពម្នាក់គឺ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan កំពុងជាប់ឃុំក្នុងពន្ធនាគារ ហើយគណបក្ស Pakistan Muslim League-Nawaz (PML-N) មានការគាំទ្រពីយោធាត្រូវបានគេរំពឹងថាអាចនឹងទទួលបានអាសនៈភាគច្រើន នៅក្នុង ការបោះឆ្នោតសភានេះ ខណៈក្រុមអ្នកវិភាគនិយាយថាបេក្ខជនមកពីគណបក្សនេះ គឺលោក Nawaz Sharif ទទួលបានការគាំទ្រពីក្រុមឧត្តមសេនីយ៍កំពូលៗ របស់ប៉ាគីស្ថាន។
នៅបន្ទាប់ពីការបោះឆ្នោត សភាថ្មីរបស់ប៉ាគីស្ថាន នឹងធ្វើការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ហើយប្រសិនបើគ្មានគណបក្សណាមួយទទួលបានសំឡេងភាគច្រើន គ្រប់គ្រាន់ទេ នោះគណបក្សដែលទទួលបានអាសនៈច្រើនជាងគេក្នុងសភា អាចនឹងដឹកនាំការបង្កើតរដ្ឋាភិបាលចម្រុះមួយ។
គួរបញ្ជាក់ថា នៅក្នុងថ្ងៃបោះឆ្នោតផងដែរ អាជ្ញាធរប៉ាគីស្ថាន បានសម្រេចបិទដំណើរការសេវាទូរស័ព្ទនៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ជាមួយការអះអាងថា ដើម្បីរក្សាសណ្ដាប់ធ្នាប់ បន្ទាប់ពីមនុស្ស ២៨នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក ២គ្រាប់កាលពីថ្ងៃពុធ៕
រូបភាពពី Reuters