(ហ្គាហ្សា)៖ រដ្ឋាភិបាលរបស់ប្រទេសអាហ្រ្វិកខាងត្បូង បានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនបានស្នើឱ្យតុលាការអន្តរជាតិ (ICJ) ពិចារណាថា តើការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការបន្តប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងទីក្រុង Rafah តម្រូវឱ្យតុលាការអន្តរជាតិមួយនេះ ប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន ដើម្បីការពារសិទ្ធិប៉ាឡេស្ទីនបន្ថែមទៀតដែរឬទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាកងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

គួរបញ្ជាក់ថា កាលពីខែមុន តុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាឱ្យអ៊ីស្រាអែល ចាត់វិធានការទាំងអស់នៅក្នុងអំណាចរបស់ខ្លួន ដើម្បីការពារកងកម្លាំងរបស់គេ ពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា នៅក្នុងករណីដែលនាំដោយអាហ្វ្រិកខាងត្បូង។

អ៊ីស្រាអែលគ្រោងនឹងពង្រីកការវាយលុកតាមផ្លូវគោកចូលទៅក្នុងទីក្រុង Rafah ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ បានភៀសខ្លួនគេចពីការវាយប្រហារ ដែលបានបំផ្លាញភាគច្រើននៃតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ០៧ ខែតុលា៕

រូបភាពពី AFP