(ស៊ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃពុធ ទី២០ ខែមីនានេះបាននិយាយថាឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំសហរដ្ឋអាមេរិក កំពុងធ្វើការងារបានយ៉ាងល្អប្រសើរ បន្ទាប់ពី លោក ដូណាល់ ត្រាំ បាននិយាយថាលោកឯកអគ្គរដ្ឋទូតមិនមែនជាមនុស្សឆ្លាតទេ ហើយអាចនឹងត្រូវបានបណ្ដេញចេញពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ នៅក្នុងបទសម្ភាសន៍មួយតាមទូរទស្សន៍ បានរិះគន់ចំៗដាក់អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំសហរដ្ឋអាមេរិក លោក Kevin Rudd ដែលជាមនុស្សម្នាក់តែងតែរិះគន់ធ្ងន់ប្រឆាំងនឹងអតីតប្រធានាធិបតីអាមេរិករូបនេះ។ នៅពេលត្រូវបានសាកសួរពីការអត្ថាធិប្បាយរបស់លោក Rudd លោក ត្រាំ បាននិយាយថាលោកបានឮមកថាលោក Rudd មិនមែនជាមនុស្សឆ្លាតនោះទេ។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានឮថាគាត់មិនមែនជាមនុស្សឆ្លាតទេ ដូច្នេះប្រសិនបើគាត់នៅតែមានអាកប្បកិរិយាអរិភាព នោះគាត់មិនអាចស្ថិតនៅទីនេះ (សហរដ្ឋអាមេរិក) តទៅទៀតទេ»

តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យម្នាក់របស់រដ្ឋាភិបាលអូស្ត្រាលី បានការពារលោក Kevin Rudd ​ហើយថារូបលោកកំពុងធ្វើការងារបានយ៉ាងល្អប្រសើរ ក្នុងនាមជា ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លោក Kevin Rudd ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំសហរដ្ឋអាមេរិក កាលពីខែមីនា ឆ្នាំ២០២៣ ហើយរូបលោកក៏ត្រូវគេស្គាល់ដែរថា ជាមនុស្សម្នាក់ដែលរិះគន់លោក ត្រាំ ឥតសំច្ចៃមាត់ ដោយលោកបានចាត់ទុកលោក ត្រាំ ជាប្រធានាធិបតីអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ និងជាជនក្បត់ចំពោះ លោកខាងលិច៕