(តៃប៉ិ)៖ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បាននិយាយនៅថ្ងៃពុធ ទី២០ ខែមីនានេះថាចិនបានសាងសង់មូលដ្ឋានយោធាយ៉ាងសម្បើមនៅលើកោះចំនួន៣ ដែលស្ថិតនៅ ជុំវិញកោះមួយគ្រប់គ្រងដោយតៃវ៉ាន់ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ ប៉ុន្តែថាទីក្រុងតៃប៉ិ មិនមែនកំពុងព្យាយាមបង្កើនភាពតានតឹងនៅក្នុងដែនទឹកយុទ្ធសាស្ត្រដ៏សំខាន់មួយនេះ នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទាំងតៃវ៉ាន់ និងចិន បានអះអាងទាមទារអធិបតេយ្យគ្រប់គ្រងមួយផ្នែកធំលើតំបន់សមុទ្រចិនខាងត្បូង ប៉ុន្តែតៃវ៉ាន់កំពុងគ្រប់គ្រងកោះតូចមួយតែប៉ុណ្ណោះ នៅក្នុងទីប្រជុំកោះជម្លោះ Spratly ឈ្មោះថា Itu Aba ដែលតៃវ៉ាន់ហៅថា Taiping។ ចំណែក ការលើកឡើងខាងលើរបស់លោក Joseph Wu ធ្វើឡើងចំពេលសមាជិកសភាតៃវ៉ាន់មួយចំនួនមកពីគណបក្ស កាន់អំណាច និងគណបក្សប្រឆាំងបានអំពាវនាវឱ្យមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen ធ្វើទស្សនកិច្ចទៅកាន់កោះ Itu Aba នៅមុនលោកស្រីផុតអាណត្តិនៅខែឧសភាខាងមុខ។

នៅពេលត្រូវបានអ្នកសារព័ត៌មានអំពីការអំពាវនាវឱ្យលោកស្រី Tsai ធ្វើដំណើរទៅកាន់កោះ Itu Aba លោក Joseph Wu បាននិយាយថាកោះមួយនេះគឺជាកម្មសិទ្ធិរបស់តៃវ៉ាន់ ហើយ រដ្ឋាភិបាលនឹងការពារអធិបតេយ្យរបស់ខ្លួនលើកោះនេះ។ លោកបន្ថែមថា ចិន និងហ្វីលីពីន កំពុងមានភាពតានតឹងនឹងគ្នាដ៏គ្រោះថ្នាក់ក្នុងតំបន់សមុទ្រចិនខាងត្បូង ប៉ុន្តែស្ថានការណ៍ នៅកោះ Itu Aba ក៏កំពុងតានតឹងដូចគ្នាដែរ។ តាមប្រមុខការទូតតៃវ៉ាន់រូបនេះ ចិនបានសាងសង់មូលដ្ឋានយោធាយ៉ាងសម្បើមនៅលើកោះចំនួន៣ គឺ Subi Reef, Fiery Cross Reef និងកោះ Mischief Reef ដែលសុទ្ធសឹងតែស្ថិតនៅក្បែរកោះ Taiping។

គួរបញ្ជាក់ថា ក្រៅតែតៃវ៉ាន់ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ ក៏កំពុងទាមទារចំណែកគ្រប់គ្រងរៀងៗខ្លួនលើតំបន់សមុទ្រចិនខាងត្បូង ជាមួយចិនផងដែរ៕