(បែរឡាំង)៖ ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធ បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋអាជ្ញាអាល្លឺម៉ង់ បានចោទប្រកាន់មន្ត្រីមួយរូបដែលបម្រើការក្នុងទីភ្នាក់ងារលទ្ធកម្មយោធា ពីបទប៉ុនប៉ងបញ្ជូនព័ត៌មានសម្ងាត់ទៅឱ្យទីភ្នាក់ងារស៉ើបការណ៍សម្ងាត់របស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ ២០២៤។

ជនជាតិអាល្លឺម៉ង់ ដែលការិយាល័យរដ្ឋអាជ្ញាបញ្ចេញថាឈ្មោះ Thomas H ត្រូវបានឃុំខ្លួនតាំងពីខែសីហាមកម្ល៉េះ បន្ទាប់ពីត្រូវចាប់ខ្លួនក្នុងទីក្រុង Koblenz ជាទីធ្វើការរបស់លោកឱ្យទីភ្នាក់ងារលទ្ធកម្ម នៅឯភាគខាងលិចអាល្លឺម៉ង់ ហើយផ្ទះ និងកន្លែងធ្វើការរបស់លោកក៏ត្រូវបានឆែកឆេរផងដែរ។ លោកត្រូវបានចោទប្រកាន់ ពីការព្យាយាមចូលស្ថានកុងស៊ុលរុស្ស៉ីក្នុងទីក្រុង Bonn និងស្ថានទូតរុស្ស៉ីក្នុងទីក្រុងបែរឡាំង ម្តងហើយម្តងទៀត តាំងពីខែឧសភាឆ្នាំមុន ដោយគំនិតខ្លួនឯងផ្ទាល់។ មានពេលមួយនោះ លោក Thomas H បានយកព័ត៌មានដែលខ្លួនរកបាន បំណងបញ្ជូនទៅឱ្យទីភ្នាក់ងារស៉ើបការណ៍សម្ងាត់រុស្ស៉ី។ យ៉ាងនេះក្តី មិនមានការបញ្ជាក់ទេ ថាតើព័ត៌មានសម្ងាត់នោះត្រូវបានបញ្ជូនទៅដល់ដៃរុស្ស៉ីឬនៅ។

គួរបញ្ជាក់ថា អាល្លឺម៉ង់ ដែលជាអ្នកគាំទ្រដ៏ធំផ្នែកសម្ភារយោធាសម្រាប់អ៊ុយក្រែន បានក្លាយគោលដៅសំខាន់នៃប្រតិបត្តិការចារកម្មរបស់រុស្ស៉ី ហើយកាន់តែសកម្មឡើង ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែននៅឆ្នាំ ២០២២៕