(ប៉ារីស)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រសួងការពារជាតិបារាំងបានចាត់ទុកការអត្ថាធិប្បាយ របស់ប្រមុខទីភ្នាក់ងារស៉ើបការណ៍សម្ងាត់រុស្ស៉ី ដែលថាទីក្រុងប៉ារីសកំពុងរៀបចំបញ្ជូនកងទ័ព ២,០០០នាក់ទៅអ៊ុយក្រែន គឺជារឿងប្រឌិត និងគ្មានភាពទទួលត្រូវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ ២០២៤។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបារាំងបញ្ជាក់ថា «ឈុតឆាកអត្ថាធិប្បាយរបស់ លោក Sergei Naryshkin ដែលជាប្រធានទីភ្នាក់ងារស៉ើបការណ៍សម្ងាត់រុស្ស៉ី បានបង្ហាញម្តងទៀតអំពីការប្រើប្រាស់ព័ត៌មានក្លែងក្លាយជាប្រព័ន្ធរបស់រុស្ស៉ី។ យើងចាត់ទុកថានេះជា លក្ខណៈនៃការញុះញង់ដោយគ្មានភាពទទួលខុសត្រូវ»

លោក Naryshkin ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS ដែលនិយាយថា បារាំងកំពុងរៀបចំបញ្ជូនកងទ័ព ២,០០០នាក់មកជួយអ៊ុយក្រែន ហើយថាកងទ័ពបារាំងនឹងក្លាយជាគោលដៅស្របច្បាប់ ប្រសិនបើពួកគេឈានជើងចូលមកទឹកដីរុស្ស៉ី ដោយកាន់អាវុធ។

គួរបញ្ជាក់ថា ទំនាក់ទំនងបារាំង-រុស្ស៉ីកាន់យ៉ាប់យ៉ឺនថែមទៀត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈដែលលោកប្រធានាធិបតី ម៉ាក្រុងជំរុញឱ្យមានវិធីសាស្រ្តថ្មីដើម្បីគាំទ្រដល់អ៊ុយក្រែន ជាមួយនិងការចុះកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីរយៈពេលវែង ក៏ដូចជាការសន្យាបញ្ជូនមីស៉ិលរយៈចម្ងាយឆ្ងាយថែមទៀត៕