(ប៉េកាំង)៖ ពេលរងាបំផុតសីតុណ្ហភាពដល់ទៅ ៥២ អង្សាសេក្រោមសូន្យ ព្រិលមានកម្រាស់មធ្យម១ម៉ែត្រ-- នៅភាគខាងជើងនៃភូមិភាគ ស៊ីនជាំង ប្រទេសចិន មានអណ្តូងរ៉ែដ៏ធំមួយកន្លែង ឈ្មោះហៅថា កូកូទូហៃ/可可托海។ សព្វថ្ងៃជាតំបន់ទេសចរណ៍លម្ហែកាយ ថ្នាក់ជាតិចិន ពណ៌ខៀវបៃតងលាតសន្ធឹងដល់ជើងមេឃ ហើយអង្គការយូណេស្កូបានទទួលស្គាល់ថា ជាឧទ្យានភូគព្ភសាស្ត្រពិភពលោក។ នៅរដូវក្តៅនិងរដូវរំហើយ ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទីនេះគយគន់ទេសភាពវាលស្មៅ និងដីសើមដ៏ត្រជាក់ភ្នែកត្រជាក់ចិត្ត នៅរដូវរងានិងរដូវផ្ការីក អ្នកទេសចរមកទីនេះជិះស្គី គយគន់សម្រស់ធម្មជាតិដែលមានរស្មីសូរិយារះ និងអស្ដង្គតតាមកំពូលភ្នំព្រិល។

បើមិនចូលទស្សនាក្នុងសារមន្ទីរឃុំ កូកូទូហៃ អ្នកទេសចរនឹងមិនដឹងទេថា ឃុំដែលបច្ចុប្បន្នបង្ហាញពីភាពស្រស់ស្អាត នៃការធ្វើទំនើបកម្មតាមបែបផែនចិន ដែលមនុស្សជាតិ និងធម្មជាតិរួមរស់ដោយសុខសាន្ត កាលពីជាង ៧០មុនជា “សមុទ្ររ៉ែ” ដ៏ស្ងប់ស្ងាត់ ដែលបរិស្ថានរស់នៅមិនអំណោយផល ការងារកសាងស្ទើទាំងអស់ពឹងលើតែកម្លាំងរបស់មនុស្ស ទោះជាយ៉ាងនេះក្តី វាបានគាំទ្រឱ្យដួងតារាទីមួយរបស់ចិនរះក្នុងទីអវកាស។

ក្រោមលក្ខខណ្ឌយ៉ាងលំបាក ទីនេះបានកំណាយចេញនូវលោហៈធាតុកម្រមួយចំនួនធំ ដែលបានផ្តល់ជាវត្ថុធាតុដើមដ៏មានតម្លៃ ចំពោះការអភិវឌ្ឍឧស្សាហកម្ម បច្ចេកទេសនិងវិទ្យាសាស្ត្ររបស់ប្រទេសចិនថ្មី។ នៅសតវត្សឆ្នាំ១៩៦០និងឆ្នាំ ១៩៧០ ប្រទេសចិនបានស្រាវជ្រាវនិងផលិតផ្កាយរណបដំបូងគេ គ្រាប់បែកអ៊ីដ្រូសែនទីមួយ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទីមួយ ដែលជោគជ័យទាំងអស់នេះមិនអាចកាត់ផ្ដាច់ពី ការរួមចំណែករបស់អណ្តូងរ៉ែនេះឡើយ។

កាលនោះ បរិមាណរថយន្តនិងបាវក្រចៅដែលដាក់ថ្មរ៉ែនៅមានកម្រិត ការងារដឹកជញ្ជូនភាគច្រើនពឹងលើកម្លាំងមនុស្ស។ ដូចនេះ កន្ត្រកស្ពាយស្បែកគោដែលកម្មកធ្វើដោយដៃ បានក្លាយជាឧបករណ៍ដឹកជញ្ជូនដ៏សំខាន់។ កន្ត្រកស្ពាយស្បែកគោរូបរាង និងទំហំខុសៗគ្នា ដែលតូចបំផុតអាចផ្ទុកថ្មរ៉ែទម្ងន់លើសពី១០គីឡូក្រាម ធំបំផុតអាចផ្ទុកទម្ងន់លើសពី១០០គីឡូក្រាម។ នៅរដូវរងាអាចអូសដើរលើដីព្រិល នៅរដូវក្តៅគឺអាចស្ពាយលើខ្នងតែម្តង។

ស្បែកគោឆៅរឹងណាស់ កម្មកររ៉ែត្រូវស្ពាយទម្ងន់ធ្ងន់ដើរប្រហែល៨០០ម៉ែត្រ ទើបដល់ស្ថានីយស្ដុកទុក ។ កន្ត្រកស្ពាយបានបន្សល់ទុកស្នាមជាំ ជាច្រើនលើខ្នងនិងស្មារបស់ពួកគេ ។ នៅលើអណ្ដូងរ៉ែដែលមានខ្យល់ត្រជាក់រងារដល់ឆ្អឹង មនុស្សម្នាជាប់រវល់ស្ពាយថ្មរ៉ែជញ្ជូនទៅមកមិនចេះចប់ ព្រោះពួកគេដឹងច្បាស់ថា ខ្លួនបានលះបង់ញើសឈាមបន្ថែមទៀត គឺកាត់ចោលផ្ទាល់នូវសម្ពាធពីខាងក្រៅសម្រាប់មាតុប្រទេស។

ប្រទេសវិវឌ្ឍរីកចម្រើនដោយសារមានអ្នកតស៊ូស្នេហាជាតិគ្រប់ជនជាតិ ក្នុងគ្រប់វិស័យ។ លោក Xi Jinping ប្រធានរដ្ឋចិន ធ្លាប់បញ្ជាក់ច្រើនលើកថា សាមគ្គីតស៊ូ ខ្លួនទីពឹងខ្លួន ជាចរឹតស្មារតីរបស់ប្រជាជាតិចិនក៏ដូចជាបក្សកុម្មុយនីស្តចិន ជាមរតករតនៈមហាគ្រួសាររបស់ចិន ត្រូវប្រកាន់ខ្ជាប់។

ចាប់ពីឆ្នាំ ១៩៤៩ដែលជាឆ្នាំបង្កើតសាធារណរដ្ឋប្រជាមានិតចិន ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយវិជ្ជមាន ហេតុនេះហើយបានជាសាធារណរដ្ឋប្រជាមានិតចិនក៏ត្រូវបានហៅថា «ចិនថ្មី»។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពី “ពណ៌ក្រហមបូព៌ាលេខ១ ” ដែលជាផ្កាយរណបចិនដំបូងបង្អស់ក្នុងទីអវកាស។

គិតត្រឹមពេលនេះដួងតារាចិនដំបូងបង្អស់នៅតែ "ភ្លឺចែងចាំង" តាមគន្លងតារាវិថី ពិតណាស់ផ្កាយរណបមិនបញ្ចេញពន្លឺទេ យើងអាចឃើញវា នៅពេលវេលាដ៏សមល្មម វា “អាយុ” ៥៤ ឆ្នាំហើយ ចំណែកសាធារណៈរដ្ឋប្រជាមានិតចិន ក៏ឈានដល់ខួបបង្កើត៧៥ ឆ្នាំផងដែរ។ អ្នកនិយមចូលចិត្តវិទ្យាសាស្ត្រអវកាសរបស់ចិនរំពឹងថា នៅថ្ងៃណាមួយ ពេលអវកាសយានិកត្រឡប់ពីភពព្រះច័ន្ទ តាមផ្លូវនាំយក “សហការីជើងចាស់” ដែលហោះហើរអស់រយៈពេល ជាងពាក់កណ្តាលសតវត្សនេះ នាំយកត្រឡប់មកផ្ទះវិញ៕

វិទ្យុមិត្តភាពកម្ពុជាចិន