(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម បានប្រកាសឱ្យដឹងថា នៅថ្ងៃពុធនេះ គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានសម្រេចទទួលយក ការលាលែងពីតំណែងរបស់ប្រធានាធិបតីលោក Vo Van Thuong បន្ទាប់ពីរូបលោកទើបតែឡើងកាន់តួនាទីនេះ បានត្រឹម១ឆ្នាំប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលវៀតណាម មិនបានបញ្ជាក់លម្អិតពីហេតុផលនៃការលាលែងរបស់លោក Vo Van Thuong នោះទេ ដោយគ្រាន់តែនិយាយថា លោកបានបំពានលើបទបញ្ញត្តិរបស់គណបក្ស និងការប្រព្រឹត្តកំហុសឆ្គងដែលបានជះផលអវិជ្ជមានដល់សាធារណៈមតិ កិត្តិយសរបស់គណបក្ស រដ្ឋ និងខ្លួនលោកផ្ទាល់។

គណៈកម្មាធិការមជ្ឈិមដែលជាស្ថាប័នសម្រេចចិត្តកំពូលនៃគណបក្សកុម្មុយនិស្ដវៀតណាម បានទទួលយកការលាលែងពីតំណែងរបស់លោក Vo Van Thuong តែជាងមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានបោះឆ្នោត ជ្រើសតាំងជាប្រធានាធិបតី។ ចំណែក កិច្ចប្រជុំពិសេសមួយរបស់ សភាវៀតណាម នឹងត្រូវធ្វើឡើងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាពេលដែលអ្នកតំណាងរាស្ត្រត្រូវបានរំពឹងថានឹងទទួលស្គាល់ការសម្រេចចិត្តរបស់គណបក្សកុម្មុយនិស្ដ។

គួរបញ្ជាក់ថា ការលាលែងពីតំណែងរបស់លោក Vo Van Thuong មានអាយុ៥៣ឆ្នាំ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប៉ូលិសវៀតណាមបានប្រកាសពីការឃាត់ខ្លួន អតីតមន្ត្រីវៀតណាមម្នាក់ប្រចាំខេត្ត Quang Ngai ដែលមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយកាលពីជាង១០ឆ្នាំមុន អំឡុងលោក Thuong នៅកាន់តំណែងជាប្រធានបក្ស ប្រចាំខេត្តមួយនេះ៕