(គៀវ)៖ ប្រភពពីមន្ត្រីឥណ្ឌាបានឱ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌានាសប្តាហ៍ក្រោយ ខណៈដែលទីក្រុងគៀវ ស្វែងរកការគាំទ្រសម្រាប់ផែនការសន្តិភាពរបស់ខ្លួន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំជាន់ខ្ពស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីជាងពីរឆ្នាំមុន។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០​ ខែមីនា ឆ្នាំ២០២៤។

មន្ត្រីឥណ្ឌាពីររូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ដំណើរទស្សនកិច្ចរបស់ លោក Kuliba ធ្វើឡើងតាមការអញ្ជើញរបស់សមភាគីឥណ្ឌា លោក Subrahmanyam Jaishankar បន្ទាប់ពីមានការសន្ទនាតាមទូរសព្ទរវាងមេដឹកនាំនៃប្រទេសទាំងពីរ កាលពីដើមឆ្នាំ។

ផែនការសន្តិភាពអ៊ុយក្រែន គឺអំពាវនាវឱ្យមានការដកកងកម្លាំងរុស្ស៊ីទាំងស្រុងពីទឹកដីរបស់ខ្លួន ការស្ដារឡើងវិញនូវព្រំដែនក្រោយសូវៀតឆ្នាំ ១៩៩១ និងការដាកដើម្បីរក្សាឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។

មន្ត្រីម្នាក់បាននិយាយថា ក្រៅពីកិច្ចពិភាក្សាជាមួយមន្ត្រីឥណ្ឌា លោក Kuleba ក៏គ្រោងនឹង «ពិនិត្យឡើងវិញនូវគណៈកម្មការអន្តររដ្ឋាភិបាលឥណ្ឌូ-អ៊ុយក្រែន» ដោយសំដៅទៅលើក្រុមដែលទទួលខុសត្រូវក្នុងការរក្សាទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរផងដែរ។

គួរជម្រាបថា ទីក្រុងញូវដែលីដែលធ្លាប់មានទំនាក់ទំនងសេដ្ឋកិច្ច និងការពារជាតិជិតស្និទ្ធជាមួយទីក្រុងមូស្គូ រហូតមកដល់ពេលនេះបានបដិសេធមិនរិះគន់រុស្ស៊ី ជុំវិញការលុកលុយខែកុម្ភៈឆ្នាំ ២០២២ ដោយថែមទាំងបានជំនួសមកវិញនូវការបង្កើន ការទិញប្រេងពីរុស្ស៊ីដល់កម្រិតកំណត់ត្រា៕