(ហ្សេរុយសាឡឹម)៖ កងទ័ពអ៊ីស្រាអែលបានឱ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធប្រហែល ៩០ នាក់ និងចាប់ខ្លួនបាន ១៦០ នាក់ នៅក្នុងការវាយឆ្មក់មួយនៅលើមន្ទីរពេទ្យ Al-Shifa ក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

មន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យធំជាងគេនៅហ្គាហ្សាស្ទ្រីបមុនសង្គ្រាម ឥឡូវនេះគឺជាកន្លែងថែទាំសុខភាពមួយ ក្នុងចំណោមកន្លែងថែទាំសុខភាព ដែលដំណើរការដោយផ្នែកនៅភាគខាងជើងហ្គាហ្សាស្ទ្រីប ហើយក៏ជាលំនៅដ្ឋានជនស៊ីវិលដែលផ្លាស់ទីលំនៅផងដែរ។

កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្នុងរយៈពេលមួយថ្ងៃកន្លងមក កងកម្លាំងបានកម្ចាត់ពួកភេរវករ និងបានរកឃើញអាវុធនៅក្នុងតំបន់មន្ទីរពេទ្យ ក្នុងពេលជាមួយគ្នាបានការពារគ្រោះថ្នាក់ដល់ជនស៊ីវិល អ្នកជំងឺ ក្រុមពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រ»

ការ​វាយឆ្មក់​របស់​អ៊ីស្រាអែល​លើ​មន្ទីរពេទ្យ​ បាន​ចាប់​ផ្តើម​នៅ​ព្រឹក​ថ្ងៃ​ចន្ទ។ កងទ័ពបាននិយាយថា ខ្លួនបានបញ្ជូនកងកម្លាំងពិសេសដែលគាំទ្រដោយថ្មើរជើង និងរថក្រោះ ដោយផ្អែកលើព័ត៌មានថា ពួកសកម្មប្រយុទ្ធកំពុងប្រើប្រាស់មន្ទីរពេទ្យម្តងទៀត។

គួរជម្រាបថា អ៊ីស្រាអែលបានប្រឈមមុខនឹងការរិះគន់យ៉ាងធ្ងន់ធ្ងរកាលពីខែវិច្ឆិកាឆ្នាំមុន នៅពេលដែលកងកម្លាំងវាយឆ្មក់ចូលមន្ទីរពេទ្យ Al-Shifa ជាលើកដំបូង។ កាលណោះ កងកម្លាំង​បាន​រក​ឃើញ​ផ្លូវ​រូង​ក្រោម​ដី​នៅ​ទីនោះ ដែល​ពួកគេ​និយាយ​ថា​ត្រូវ​បាន​ប្រើ​ដោយ​ក្រុម​ហាម៉ាស​ជា​មជ្ឈមណ្ឌល​បញ្ជា និង​គ្រប់គ្រង។ ក្រុមហាម៉ាស និងបុគ្គលិកពេទ្យបដិសេធថា មិនប្រើប្រាស់មន្ទីរពេទ្យសម្រាប់គោលបំណងយោធា ឬសម្រាប់ក្រុមអ្នកប្រយុទ្ធឡើយ៕