(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនានេះបានផ្ញើសារអបអរសាទរដល់លោក Prabowo Subianto សម្រាប់ជ័យជម្នះរបស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី បន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ី ទទួលស្គាល់លទ្ធផលបោះឆ្នោតជាផ្លូវការ និងប្រកាសថារូបលោកជា ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី កាលពីថ្ងៃពុធម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។

លោក Prabowo និងដៃគូជាបេក្ខជនអនុប្រធានាធិបតីរបស់លោក គឺលោក Gibran Rakabuming Raka ដែលជាកូនប្រុសរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីចាំផ្ទះ លោក Joko Widodo បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ជាមួយសន្លឹកឆ្នោតគាំទ្រ ៩៦លានសន្លឹក ឬស្មើនឹង ៥៩ភាគរយ។

ចិនគឺជាប្រភពវិនិយោគបរទេសដ៏ធំបំផុតមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ កាលពីឆ្នាំមុន ទីក្រុងហ្សាការតាបានបើកសម្ពោធផ្លូវដែកល្បឿនលឿនដំបូងបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលស្ថិតនៅក្រោមគម្រោងជំនួយរាប់ពាន់លានដុល្លារពីចិន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនចិនក៏បានបោះទុនវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារផងដែរក្នុងប្រទេសឥណ្ឌូណេស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសលើវិស័យរ៉ែនីកែល (nickel)៕