(កង់បេរ៉ា)៖ នៅថ្ងៃព្រហស្បតិ៍នេះ អូស្រ្តាលីនិងចក្រភពអង់គ្លេស បានចុះកិច្ចព្រមព្រៀងការពារជាតិ និងកិច្ចសហប្រតិបត្តិការសន្តិសុខថ្មីមួយ ដែលនឹងធ្វើផ្តល់ភាពងាយស្រួលជាងមុន ដើម្បីឱ្យកងកម្លាំងយោធារបស់ពួកគេ ធ្វើប្រតិបត្តិការរួមគ្នានៅប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Cameron និងរដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Grant Shapps កំពុងស្ថិតនៅប្រទេសអូស្រ្តាលី ដើម្បីចូលរួមកិច្ចពិភាក្សាប្រចាំឆ្នាំ នាថ្ងៃសុក្រនេះ ជាមួយសមភាគីរបស់អ្នកទាំងពីរ នៅទីក្រុង Adelaide ហើយប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី បានរាយការណ៍ថា អំំឡុងពេលនោះ ក្រុមហ៊ុនអង់គ្លេសមួយ នឹងត្រូវប្រកាសឈ្មោះជាក្រុមហ៊ុនទទួលបន្ទុក ការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ១គ្រឿង នៅក្រោមកិច្ចព្រមព្រៀង AUKUS។

លោក Shapps បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងថ្មីខាងលើ តម្រូវឱ្យប្រទេសទាំងពីរ ប្រឹក្សាយោបល់គ្នាទៅវិញទៅមក ប្រសិនបើពួកគេស្ថិតក្រោម ការគំរាមកំហែង។ រីឯរដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Richard Marles បាននិយាយថា កិច្ចព្រមព្រៀងនេះ បន្ថែមផ្នែកយុទ្ធសាស្រ្តមួយជ្រុងទៀតទៅក្នុង ភាពជាដៃគូដ៏ចំណាស់បំផុតមួយរបស់អូស្រ្តាលី ហើយបាននិយាយថា អង់គ្លេសបច្ចុប្បន្នមានវត្តមានធំជាងមុន នៅ​តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ បើតាមលោក Marles នៅឆ្នាំក្រោយ អង់គ្លេសក៏នឹងបញ្ជូនក្រុមនាវាចម្បាំង ដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង មកកាន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ផងដែរ។

គួរបញ្ជាក់ថា អូស្រ្តាលីកំពុងប្រឹងប្រែងពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការការពារជាតិរួមគ្នា ក៏ដូចជាការធ្វើសមយុទ្ធយោធាជាមួយ​សហរដ្ឋអាមេរិក និងបណ្តាដៃគូនៅក្នុងតំបន់ បន្ទាប់ពីរបាយការណ៍វាយតម្លៃផ្នែកការពារជាតិមួយរបស់ខ្លួន បានកត់សម្គាល់ឃើញថា ចិនកំពុងកសាងសមត្ថភាពយោធាយ៉ាងខ្លាំងក្លា ជាងប្រទេសណាទាំងអស់ គិតចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២មក៕