(ហាណូយ)៖ សភាវៀតណាមនាថ្ងៃព្រហស្បតិ៍នេះ បានតែងតាំងអនុប្រធានាធិបតី លោកស្រី Vo Thi Anh Xuan ជាប្រមុខរដ្ឋស្តីទី បន្ទាប់ពីប្រធានាធិបតីលោក Vo Van Thuong ត្រូវបានបង្ខំឱ្យលាលែងពីតំណែង ចំពោះមុខយុទ្ធនាការបោសសំអាតអំពើពុករលួយ ​របស់គណបក្សកុម្មុយនិស្តវៀតណាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤។

លោក Thuong អាយុ៥៣ឆ្នាំ ក្លាយជាប្រធានាធិបតីវៀតណាមទី២ ដែលបានធ្លាក់ពីតំណែង ក្នុងរយៈពេលត្រឹមតែជាង១ឆ្នាំប៉ុណ្ណោះ ហើយ​ប្រការនេះធ្វើឱ្យលោកស្រី Xuan ដែលស្ថិតក្នុងចំណោមស្រ្តីមួយចំនួនតូច ដែលកាន់តួនាទីធំក្នុងនយោបាយវៀតណាម ត្រូវចូលកាន់តួនាទី​ជាប្រធានាធិបតីស្តីទី សាជាថ្មីម្តងទៀត មុនពេលប្រធានាធិបតីថ្មី ត្រូវបានសភាជ្រើសតាំង។ លោកស្រី Xuan ធ្លាប់ធ្វើជា​ប្រធានាធិបតីស្តីទីបាន​៦សប្តាហ៍ បន្ទាប់ពីលោក Nguyen Xuan Phuc បានលាលែងពីតំណែងប្រធានាធិបតី កាលពីឆ្នាំមុន ដោយសារតែអំពើរំលោភបំពាន និងការប្រព្រឹត្តខុសឆ្គង ដោយក្រុមមន្រ្តីស្ថិតក្រោមឱវាទរបស់លោក។

កាលពីថ្ងៃពុធសប្តាហ៍នេះ គណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម បានទទួលយកការលាលែងពីតំណែងរបស់លោក Thuong និងបានដករូបលោកចេញពី ការិយាល័យនយោបាយ ដែលជាស្ថាប័នមានឥទ្ធិពលកំពូលបំផុតរបស់គណបក្ស ហើយតួនាទីរបស់លោកជា ​ប្រធានក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិ ក៏ត្រូវបានដកហូត ផងដែរ។ ប្រមាណជា៨៨ភាគរយ នៃសមាជិកសភាវៀតណាម បានគាំទ្រការដកតំណែងប្រធានាធិបតីរបស់លោក Thuong ក្នុងការបោះឆ្នោត នាថ្ងៃព្រហស្បតិ៍នេះ។ បើតាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ភាពខ្វះសមត្ថភាព និងកំហុសឆ្គងរបស់លោក Thuong បានជះផលប៉ះពាល់អវិជ្ជមានដល់​សាធារណមតិ និងធ្វើឱ្យខូចមុខមាត់របស់គណបក្ស រដ្ឋ និងខ្លួនលោកផ្ទាល់។

គួរបញ្ជាក់ថា លោក Thuong ធ្លាប់ត្រូវគេមើលឃើញជា បុគ្គលមានទំនាក់ទំនងជិតស្និទ្ធជាមួយ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ដែលជាបុគ្គលមានអំណាចធំជាងគេបង្អស់ នៅក្នុងប្រទេសវៀតណាម និងជាស្ថាបនិកយុទ្ធនាការបោសសំអាតអំពើពុករលួយ ដែលត្រូវបានពង្រឹងយ៉ាងខ្លាំង អំឡុងពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ សភាវៀតណាមអាចនឹងប្រកាសអំពីការជ្រើសតាំងប្រធានាធិបតីថ្មី នៅពេលដែលខ្លួនបើកសម័យប្រជុំពេញអង្គជាទូទៅ នាខែឧសភាខាងមុខ ឬក៏ឆាប់ជាងនេះ ប្រសិនបើមានការបើកសម័យប្រជុំវិសាមញ្ញ៕