(ស៉ីដនី)៖ រដ្ឋាភិបាលនៃប្រទេសដីកោះក្នុងតំបន់ប៉ាស៉ីហ្វិក គឺហ្វីជី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ហ្វីជីនឹងចុះកិច្ចព្រមព្រៀងជាមួយអូស្រ្តាលី ដើម្បីធ្វើឱ្យប្រសើរឡើងនូវកំពង់ផែ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសាងសង់នាវា មួយខែបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីថា អាចនឹងសហការជាមួយចិនលើគម្រោងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ ២០២៤។

គណៈរដ្ឋមន្រ្តីបានយល់ព្រមចុះអនុស្សរណៈយោគយល់គ្នា ជាមួយអូស្ត្រាលីលើគម្រោងនេះ បន្ទាប់ពីអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ហិរញ្ញប្បទាន ដែលជាហិរញ្ញប្បទានឥតសំណងលើកដំបូងសម្រាប់រដ្ឋាភិបាល និងសាជីវកម្មកំពង់ផែហ្វីជី។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលហ្វីជី បានបញ្ជាក់ថា «ការធ្វើឱ្យឧស្សាហកម្មសាសង់នាវានៅហ្វីជីរស់ឡើងវិញ គឺជាអាទិភាពដ៏សំខាន់។ វាមានសក្តានុពលក្នុងការបង្កើនការងារ អភិវឌ្ឍ និងពង្រីកជំនាញពិសេសក្នុងចំណោមប្រជាជនហ្វីជី ទាក់ទាញការវិនិយោគ និងកំណើនសេដ្ឋកិច្ច»។

គួរបញ្ជាក់ថា អូស្រ្តាលី ដែលជាអ្នកបរិច្ចាគដ៏ធំសម្រាប់ប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិក កំពុងកំពុងបង្កើនការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រឆាំងនឹងវត្តមានរបស់ចិន នៅក្នុងការពង្រីកទំនាក់ទំនងសន្តិសុខ ប៉ូលិសនៅក្នុងតំបន់៕