(គែរ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនាបាននិយាយថាជំហានឆ្ពោះទៅរកការភ្ជាប់ទំនាក់ទំនងប្រក្រតីរវាង អ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ដែលមានភាពរអាក់រអួលដោយសារសង្រ្គាមនៅហ្កាហ្សា ត្រូវបានមើលឃើញថានៅតែមានភាពរីកចម្រើនយ៉ាងល្អប្រសើរ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅឯសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៉ីប លោក Blinken បាននិយាយថាដំណើរទស្សនកិច្ចរបស់លោក ទៅកាន់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធកន្លង ទៅនេះ សម្រេចបានកិច្ចពិភាក្សាមួយយ៉ាងល្អប្រសើរ ជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman និងរដ្ឋមន្ត្រីការបរទេស ព្រះអង្គម្ចាស់ Faisal bin Farhan។

ប្រមុខការទូតអាមេរិករូបនេះបានបន្តថាលោកមិនអាចកំណត់ពេលវេលាលើការភ្ជាប់ទំនាក់ទំនងប្រក្រតីរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីតបាននោះទេ ប៉ុន្តែបានបញ្ជាក់ថា កិច្ចពិភាក្សាបាន និងកំពុងខិតកាន់តែកៀកទៅរកចំណុចដែលយើងបានព្រមព្រៀងគ្នា។ «វានឹងក្លាយជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសទាំង២ និងតំបន់ទាំងមូល»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Blinken។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែល បានស្វះស្វែងរកជាយូរណាស់មកហើយ នូវកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងប្រក្រតីរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ដែលនឹងនាំទៅរកការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់អារ៉ាប៊ីសាអូឌីតផងដែរ។ ប៉ុន្តែ ទីក្រុងរីយ៉ាដ បានដាក់លក្ខខណ្ឌថាកិច្ចព្រមព្រៀងនេះ អាចនឹងកើតឡើងទាល់តែរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយត្រូវបានទទួលស្គាល់។ តែអ៉ីស្រាអែលនៅតែជំទាស់ចំពោះរឿងនេះ៕