(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការពារជាតិអាមេរិក បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនាថាក្រុមឧទ្ទាមហ៊ូទី បានវាយប្រហារលើកប៉ាល់ ស៊ីវិល និងនាវាចម្បាំង នៅក្នុងតំបន់សមុទ្រក្រហម យ៉ាងហោច ៥០ដង ចាប់តាំងពីការចាប់ផ្ដើមការវាយប្រហាររបស់ពួកគេកាលពីចុងឆ្នាំមុនមក។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមហ៊ូទីមានអ៉ីរ៉ង់ជាមេកើយ បានបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម អស់រយៈពេលជាច្រើនខែមកហើយ បើទោះជា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដឹកនាំយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរួមគ្នា​ លើមូលដ្ឋានរបស់ក្រុមមួយនេះក្នុងប្រទេសយេម៉ែន ម្ដងហើយម្ដងទៀត ក៏ដោយ។

ថ្លែងប្រាប់គណៈកម្មាធិការ​សេវាយោធានៃ​រដ្ឋសភា​អាមេរិក ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោកស្រី Celeste Wallander បានគូសបញ្ជាក់ដូច្នេះថា «ក្នុងតំបន់ សមុទ្រក្រហម ក្រុមហ៊ូទីកំពុងបង្កផលប៉ះពាល់ដល់បណ្ដាញផ្លូវទឹកធ្វើពាណិជ្ជកម្មដ៏សំខាន់របស់ពិភពលោក ជាមួយការវាយប្រហារយ៉ាងហោច ៥០ដងប្រឆាំងនឹង កប៉ាល់ ដឹកទំនិញ និងនាវាចម្បាំង»

គួរបញ្ជាក់ថា ក្រុមហ៊ូទី មានមូលដ្ឋានក្នុងប្រទេសយេម៉ែន បានចាប់ផ្ដើមវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម និងឈូងសមុទ្រ Aden ចាប់តាំងពី ខែវិច្ឆិកា ឆ្នាំមុនមក នៅក្នុងយុទ្ធនាការមួយដែលពួកគេអះអាងថាដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា៕