(មូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Sergei Shoigu បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការផលិតគ្រាប់កាំភ្លើងធំបានកើនឡើងប្រហែល ២.៥ដងក្នុងឆ្នាំកន្លងទៅ ហើយការផលិតគ្រឿងបន្លាស់សម្រាប់កាំភ្លើងធំវិញ បានកើនឡើងចន្លោះ ២២ដង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ ២០២៤។

ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនផលិតអាវុធ លោក Shoigu និយាយថា ការបញ្ជាទិញដែលនាំមកនូវការពង្រីកផលិតកម្មកាំភ្លើងធំ បានទទួលជោគជ័យលឿនជាងផែនការ។ លោក Shoigu បញ្ជាក់ថា «បន្ទាប់ការចាប់ផ្តើមប្រតិបត្តិការរបស់ក្រុមហ៊ុនថ្មីៗ សន្ទុះនៃផលិតកម្មបានកើនឡើងប្រហែល ២.៥ដង។ ប្រសិនបើយើងនិយាយ តែនៅក្នុងក្រុមហ៊ុនដែលផលិតគ្រាប់សម្រាប់កាំភ្លើងធំ បរិមាណនៃផលិតកម្មគ្រឿងបន្លាស់សម្រាប់គ្រាប់រំសេវ គឺបានកើនឡើងជិត ២២ដង ហើយ ៧៥ភាគរយនៃគ្រឿងបន្លាស់ កំពុងត្រូវជួសជុលឡើងវិញ»

គួរបញ្ជាក់ថា សមត្ថភាពបច្ចុប្បន្នរបស់រុស្ស៉ីក្នុងការផលិតកាំភ្លើងធំ គឺជាកត្តាដែលអាចជួយសម្រេចដល់ដំណើរការនៃសង្រ្គាមអ៊ុយក្រែន ដែលភាគច្រើនប្រើប្រាស់កាំភ្លើងធំ និងយន្តហោះដ្រូន។ យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះបានទេ។ ប៉ុន្តែ CNN បានរាយការណ៍ដោយមិនបញ្ជាក់ប្រភពកាលពីដើមខែនេះថា រុស្ស៉ីកំពុងផលិតគ្រាប់កាំភ្លើងប្រហែលជិត ៣ដងធៀបនឹងការផលិតរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបរួមបញ្ចូលគ្នា៕