(ស៉ីដនី)៖ នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Cameron បាននិយាយថា ចក្រភពអង់គ្លេសនឹងធ្វើការជាមួយ​នរណាក៏ដោយ ដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤។

លោក Cameron បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Adelaide នៃប្រទេសអូស្រ្តាលី បន្ទាប់ពីរូបលោក រួមទាំងលោក Grant Shapps ដែលជារដ្ឋមន្រ្តីការពារជាតិអង់គ្លេស បានជួបពិភាក្សាគ្នាជាមួយ ប្រមុខការទូតនិងប្រមុខការពារជាតិអូស្រ្តាលី។ ពេលនោះ លោក Cameron ត្រូវបានក្រុមអ្នកកាសែតសាកសួរថា តើប្រសិនបើអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាប់ឆ្នោតសាជាថ្មី វានឹងបង្កការគំរាមកំហែងដល់ សម្ព័ន្ធភាពសន្តិសុខ AUKUS ដែរឬទេ។ ប្រមុខការទូតអង់គ្លេស ក៏បានឆ្លើយតបយ៉ាងដូច្នេះថា «អ្វីដែលយើងនឹងធ្វើ... អ្វីដែលរដ្ឋាភិបាលអូស្រ្តាលីនឹងធ្វើ គឺសហការជាមួយនរណាក៏ដោយ ដែលក្លាយជាប្រធានាធិបតីអាមេរិក»

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អូស្រ្តាលីបានប្រកាសថា ខ្លួននឹងចំណាយលុយរាប់ពាន់លានដុល្លារ ទៅលើកំពង់ផែ កន្លែងសាងសង់នាវា រួមជាមួយរោងចក្រ ទាំងនៅក្នុងស្រុក និងនៅចក្រភពអង់គ្លេស សម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្រោមកិច្ចព្រមព្រៀងសន្តិសុខ AUKUS ហើយបានប្រកាសឈ្មោះក្រុមហ៊ុន BAE Systems របស់អង់គ្លេស ជាក្រុមហ៊ុនទទួលបន្ទុក​ជួយផលិតនាវាទាំងនោះ៕