(ហែលស៉ិនគី)៖ នៅថ្ងៃសុក្រនេះរដ្ឋមន្រ្តីពាណិជ្ជកម្ម និងការអភិវឌ្ឍ លោក Ville Tavio បានប្រកាសថា ហ្វាំងឡង់នឹងផ្តល់ មូលនិធិដល់ទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ ២០២៤។

លោក Tavio បានប្រាប់សន្និសីទសារព័ត៌មាន យ៉ាងដូច្នេះថា «UNRWA កំពុងធ្វើឱ្យប្រសើរឡើងជាងមុន ជុំវិញហានិភ័យ នៃការគ្រប់គ្រងរបស់ខ្លួន មានន័យថាការបង្ការ និងត្រួតពិនិត្យលើការប្រព្រឹត្តខុសយ៉ាងដិតដល់ត្រូវបានធ្វើឡើង ដើម្បីផ្តល់នូវការធានាគ្រប់គ្រាន់សម្រាប់ពួកយើង ឱ្យបន្តផ្តល់ការគាំទ្រ។ ថវិកាមូលនិធិមួយចំនួនរបស់ហ្វាំងឡង់ នឹងប្រើសម្រាប់គ្រប់គ្រងលើហានិភ័យនោះ»

គួរបញ្ជាក់ថា បន្ទាប់ពីអ៉ីស្រាអែលចោទប្រកាន់ថា បុគ្គលិកមួយចំនួនរបស់ UNRWA មានពាក់ព័ន្ធនឹងការវាយប្រហារថ្ងៃទី៧ តុលា របស់ក្រុមហាម៉ាសលើទឹកដីរបស់ខ្លួន ម្ចាស់ជំនួយនានារួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បានផ្អាកការផ្តល់មូលនិធិរបស់ខ្លួន ដែលធ្វើឱ្យប្រតិបត្តិការក្នុងតំបន់ហ្គាហ្សាជួបការលំបាក។ មកទល់នឹងពេលនេះ កាណាដា អូស្រ្តាលី និងស៊ុយអែត បានផ្តល់មូលនិធិឡើងវិញហើយ ខណៈដែលបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្ស ដូចជាអារ៉ាប៊ីសាអូឌីតក៏បានបង្កើនថវិកាដល់ UNRWA ផងដែរ៕