(ម៉ានីល)៖ នៅថ្ងៃចន្ទនេះ ហ្វីលីពីនបានកោះហៅបេសកជនចិន ដើម្បីសម្តែងការតវ៉ាចំពោះអ្វីដែលខ្លួនចាត់ទុកថាជា «សកម្មភាពរំលោភបំពាន» ពីសំណាក់ឆ្មាំឆ្នេរសមុទ្រចិននៅឯតំបន់សមុទ្រចិនខាងត្បូង កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ ២០២៤។

ក្រសួងការបរទេសហ្វីលីពីន បានចោទប្រកាន់ថា ឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹកទៅលើទូកស៉ីវិល ដែលទៅផ្គត់ផ្គង់កងទ័ព នៅឯចំណុចថ្មប៉ប្រះទឹក Second Thomas Shoal កាលពីថ្ងៃសៅរ៍ ហើយថាបានធ្វើឱ្យទូករងការខូចខាត និងរបួសនាវិក។

ជុំវិញការកោះហៅបេសកជនចិនខាងលើនេះ ក្រសួងការបរទេសហ្វីលីពីន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «ការបន្តជ្រៀតជ្រែករបស់ចិនចំពោះទម្លាប់ និងសកម្មភាពស្របច្បាប់របស់ហ្វីលីពីន នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) គឺមិនអាចទទួលយកបានឡើយ។ នោះជាការរំលោភលើសិទ្ធិអធិបតេយ្យ និងយុត្តាធិការរបស់ហ្វីលីពីន»

គួរបញ្ជាក់ថា នេះជាសេចក្តីរាយការណ៍អំពីការប៉ះទង្គិចគ្នាថ្មីចុងក្រោយរវាងហ្វីលីពីន និងចិននៅឯចំណុចមានវិវាទ នៃតំបន់សមុទ្រចិនខាងត្បូង។ ប្រធានទីភ្នាក់សន្តិសុខហ្វីលីពីន ក៏បានកោះប្រជុំកម្រិតខ្ពស់មួយផងដែរនៅថ្ងៃចន្ទនេះ ដើម្បីរៀបចំអនុសាសន៍ដាក់ជូន លោកប្រធានាធិបតី Ferdinand Marcos Jr អំពីវិធីឆ្ពោះទៅមុខក្នុងជម្លោះ៕