(មូស្គូ)៖ នាយកទីភ្នាក់ងារសន្តិសុខដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី (FSB) បាននិយាយនៅថ្ងៃអង្គារនេះថា លោកជឿថាអ៊ុយក្រែន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានចូលរួមក្នុងការវាយប្រហារលើសាលប្រគុំតន្ត្រីមួយនៅជាយទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៩ នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០២៤។

អ៊ុយក្រែន​ដែល​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀតការ​ទាក់​ទង​នឹង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សុក្រ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​រុស្ស៊ី​ថា​ ជា​ការ​កុហក។ ក្រុមរដ្ឋឥស្លាម ដែលជាក្រុមសកម្មប្រយុទ្ធ ដែលធ្លាប់បានស្វះស្វែងគ្រប់គ្រងតំបន់ដ៏ធំនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរី បានអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារដ៏ធំនេះ។

លោក Alexander Bortnikov នាយកសេវាសន្តិសុខសហព័ន្ធ (FSB) បាននិយាយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារសប្តាហ៍នេះថា «យើងជឿថាសកម្មភាពនេះត្រូវបានរៀបចំឡើង ដោយពួកជ្រុលនិយមរដ្ឋអ៊ីស្លាម ហើយត្រូវបានសម្របសម្រួលដោយសេវាកម្មចារកម្មលោកខាងលិច»

លោកបាននិយាយទៀតថា «សេវាកម្មពិសេសរបស់អ៊ុយក្រែនត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងបញ្ហានេះ» ដោយបន្ថែមថា ទីក្រុងគៀវបានជួយរៀបចំក្រុមអ៊ីស្លាមជ្រុលនិយម នៅក្នុងទីតាំងណាមួយនៅតំបន់មជ្ឈិមបូព៌ា។

នៅពេលសួរដោយអ្នកសារព័ត៌មានរុស្ស៊ីថា តើអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន សហរដ្ឋអាមេរិក និងអង់គ្លេស មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារសាលប្រគុំតន្ត្រីឬអត់នោះ លោក Bortnikov បាននិយាយថា «យើងគិតដូច្នេះ។ ក្នុងករណីណាក៏ដោយ យើងកំពុងនិយាយអំពីការរៀបចំ នៃអ្វីដែលយើងបានឃើញ។ នេះគឺជាព័ត៌មានទូទៅ»

ទោះជាយ៉ាងណា លោកមិនបានផ្តល់ភស្តុតាងជាក់ស្តែងសម្រាប់ការអះអាងទាំងនោះទេ។

លោក Bortnikov វ័យ ៧២ ឆ្នាំដែលបានធ្វើជានាយក FSB ចាប់តាំងពីឆ្នាំ ២០០៨ បាននិយាយថា ប្រទេសរុស្ស៊ីមិនទាន់កំណត់អត្តសញ្ញាណថា អ្នកណាជាអ្នកបញ្ជាឱ្យមានការវាយប្រហារដ៏សាហាវបំផុតនៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេលពីរទសវត្សរ៍នេះនៅឡើយទេ ប៉ុន្តែបាននិយាយថា ការសងសឹកនឹងត្រូវធ្វើឡើង។

គួរជម្រាបថា ចាប់តាំងពី លោក ពូទីន បានបញ្ជូនកងទ័ពចូលអ៊ុយក្រែនក្នុងឆ្នាំ ២០២២ វិមានក្រឹមឡាំងបានចាត់ទុកប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក និងអង់គ្លេស ជាសត្រូវ ហើយការសម្រេចចិត្តរបស់ពួកគេក្នុងការគាំទ្រអ៊ុយក្រែន បានធ្វើឱ្យពួកគេក្លាយជាភាគីនៃសង្រ្គាមជាមួយរុស្ស៊ី។

រុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាអ្នកទទួលខុសត្រូវចំពោះការផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream នៅសមុទ្របាល់ទិកក្នុងខែកញ្ញា ឆ្នាំ២០២២។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ បដិសេធការចោទប្រកាន់នេះផងដែរ៕