(ប៉េកាំង)៖ ប្រជាជាតិចិនត្រូវបានគេស្គាល់ថាជាប្រជាជាតិមួយ ដែលប៉ិនប្រសប់ក្នុងការធ្វើចំណីអាហារឆ្ងាញ់ៗ ហើយបានបង្កើតនូវវប្បធម៌ហូបចុកដ៏ពិសេសរបស់ខ្លួន ដែលក្នុងនោះ «ប្រព័ន្ធម្ហូបធំៗទាំង ៨» មានឈ្មោះបោះសំឡេងទាំងក្នុង និងក្រៅប្រទេស។

ទឹកដីដ៏ធំទូលាយរបស់ចិនបានញ៉ាំងឱ្យមនុស្សម្នា ដែលរស់នៅតំបន់ខុសៗគ្នាមានទម្លាប់ហូបចុកទីទៃគ្នា ឧទាហរណ៍ដូចជា អ្នករស់នៅភាគខាងត្បូងចូលចិត្តហូបបាយ និងម្ហូបដែលមានរសជាតិរាងផ្អែម ចំណែកអ្នកភាគខាងជើងចូលចិត្តហូបចំណី ធ្វើពីម្សៅមីនិងមានរសជាតិរាងប្រៃ អ្នកភាគខាងកើតចូលចិត្តរសជាតិរាងជូរ ឯអ្នកភាគខាងលិចចូលចិត្តរសជាតិរាងហឹរ ដែលបង្កើតបានជាវប្បធម៌ហូបចុកចម្រុះបែប ។

ជំនឿចិត្តលើខ្លួនឯងខាងវប្បធម៌បានញ៉ាំងឱ្យប្រជាជនចិន ស្វែងរកការអភិរក្សនិងអភិវឌ្ឍវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន តាមរយៈខាងច្នៃប្រឌិតថ្មី។ ជាពិសេសនៅក្នុងយុគសម័យថ្មី ដែលព័ត៌មានវិទ្យាបានរីកដុះដាលយ៉ាងខ្លាំង វប្បធម៌ហូបចុកដូចជា ចំណីអាហារពិសេសប្រចាំតំបន់ជាដើម បានត្រូវផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម និងកម្មវិធីវីដេអូតាមទូរស័ព្ទដៃជាបន្តបន្ទាប់ ដែលបានធ្វើឱ្យចំណីអាហារពិសេសទាំងនេះក្លាយជា «តារាល្បីតាមបណ្តាញអ៊ីនធឺណេត»

មួយរយៈកាលមុន ក្រុង ជឺប៉ ខេត្ត សានទុង ស្រាប់តែល្បីឈ្មោះនៅទូទាំងប្រទេសចិនតាមរយៈបណ្តាញ ទំនាក់ទំនងសង្គមដោយសារ «សាច់អាំង ជឺប៉»។ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ឈុត «សាច់អាំង ជឺប៉» បានត្រូវដាក់លក់តាមហាងលក់សាច់អាំងជាច្រើន នៅទូទាំងប្រទេស ដែលបានធ្វើឱ្យពលរដ្ឋកាន់តែច្រើនស្គាល់ក្រុង ជឺប៉។

តាមពិតទៅ «សាច់អាំង ជឺប៉» មិនមែនទើបតែមាននោះទេ ចុះហេតុអ្វីស្រាប់តែល្បីពេញ ប្រទេសបែបនេះ? កត្តាទីមួយគឺដោយសារ ភាពងាយស្រួលក្នុងការធ្វើដំណើរ។ ស្ថានីយរថភ្លើងល្បឿនលឿនក្រុង ជីប៉ បានផ្តល់ភាពងាយស្រួលខ្លាំងសម្រាប់អ្នកដំណើរទៅកាន់ ទីក្រុងមួយនេះ ដែលមានអ្នកធ្វើដំណើរជាពិសេសពីខេត្ត-ក្រុងផ្សេងៗ ដើម្បីទៅភ្លក់រសជាតិ«សាច់អាំង ជឺប៉» ដោយចំណាយពេលទៅមក តែប៉ុន្មានម៉ោងប៉ុណ្ណោះ ។

កត្តាទីពីរគឺដោយសារវប្បធម៌ហូបចុករបស់ខេត្ត សានទុង។ ខេត្ត សានទុង ជាប្រភពដ៏ចំណាស់នៃវប្បធម៌និងអរិយធម៌ចិន ពិសេសលទ្ធិខុងជឺ។ «សាច់អាំង ជឺប៉» មានប្រវត្តិសាស្ត្រដ៏យូរលង់ ហើយត្រូវបានបន្តវេន និងផ្សព្វផ្សាយមកទល់បច្ចុប្បន្ន ពលរដ្ឋក្នុងតំបន់បានលើកស្ទួយ ចំណីអាហារពិសេស នៃស្រុកកំណើតខ្លួន ធ្វើឱ្យវប្បធម៌ហូបចុកក្នុងតំបន់អាចស្ថិតស្ថេរគង់វង្ស។

ទីបីគឺដោយសារភាពច្នៃប្រឌិតថ្មីនៃរសជាតិ និងវិធីផ្សព្វផ្សាយបែបថ្មី។ ការរក្សាទុកនូវទម្រង់ដើម តែធ្វើការច្នៃប្រឌិតថ្មីនូវរសជាតិ ឱ្យស្របតាមតម្រូវការរបស់អតិថិជនដែលចង់ភ្លក់នូវអ្វីដែលថ្មីនិងប្លែក វាជាកត្តាមួយនៃភាពទាក់ទាញរបស់ចំណីអាហារ ដែលមានប្រវត្តិសាស្ត្រយូរលង់។ បច្ចុប្បន្នជាយុគសម័យឌីជីថល បណ្តាញទំនាក់ទំនងសង្គមដូចជាកម្មវិធីវីដេអូជាដើម ជាមធ្យោបាយផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព ដែលពលរដ្ឋនៅទីណាៗ ក៏អាចមើលឃើញពីការផ្សព្វផ្សាយ បានយ៉ាងងាយស្រួល ។ ដូច្នេះ ការប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយបែបថ្មី បានធ្វើឱ្យចំណីអាហារប្រពៃណី ដែលយើងឃើញរាល់ថ្ងៃ «រស់» ឡើងវិញ។

ទីបួនគឺដោយសារតម្លៃថោកសមរម្យ និងភាពរួសរាយរាក់ទាក់របស់ពលរដ្ឋក្នុងតំបន់។ «បានល្បីក៏ឡើងថ្លៃ» នេះជាការឆក់ឱកាសរបស់ អាជីវករមួយចំនួន ប៉ុន្តែសម្រាប់ «សាច់អាំង ជឺប៉» គឺលក់ក្នុងតម្លៃដូចពេលធម្មតា បើទោះបីជាមានភ្ញៀវកើនឡើងយ៉ាងគំហុកក្តី។ ម៉្យាងវិញទៀត ភាពរួសរាយរាក់ទាក់របស់ម្ចាស់ហាងនិងអ្នកខេត្ត សានទុង ក៏ជាកត្តាសំខាន់ដែលនាំឱ្យ «សាច់អាំង ជឺប៉» ល្បីឈ្មោះផងដែរ ពោលគឺការទទួលទានសាច់អាំងក្នុងហាង ដែលប្រកបដោយបរិយាកាសរាក់ទាក់ សប្បាយរីករាយ ហាក់បីដូចជាការទទួលទានអាហារ ជាមួយសាច់ញាតិនិងមិត្តភក្តិ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរ ចំពោះភ្ញៀវដែលធ្វើដំណើរទៅពីខេត្ត-ក្រុងផ្សេងៗ ដូចពាក្យចិនមួយឃ្លាពោលថា «មនោសញ្ចេតនាក្នុងជីវភាពធម្មតា អាចលួងចិត្តជនសាមញ្ញបំផុត» ។

ក្រៅពី«សាច់អាំង ជឺប៉» នាពេលថ្មីៗកន្លងទៅនេះ «អាហារស្រុសហឹរ» ( Spicy Hot Pot ) នៅក្រុង ធានសួយ ខេត្ត កានស៊ូ ដែលជាអាហារសម្រន់មានប្រភពពីខេត្ត ស៊ឺឈួន ក៏ស្រាប់តែទាក់ទាញចំណាប់អារម្មណ៍របស់ មហាជនទូទាំងប្រទេសផងដែរ ។ ពលរដ្ឋដែលមកពីតំបន់នានាទូទាំងប្រទេសចិន បូករួមទាំងជនបរទេសជាច្រើនដែលរស់នៅក្នុងប្រទេសចិនផង បាននាំគ្នាទៅដើរកម្សន្តនិងភ្លក់រសជាតិ «អាហារស្រុសហឹរ» នៅក្រុង ធានសួយ។

«ចំណីអាហារមួយមុខ ល្បីមួយតំបន់» ការលើកតម្កើងវប្បធម៌ហូបចុកក្នុងតំបន់ ដើម្បីធ្វើឱ្យវាមានប្រជាប្រិយភាពខ្លាំងឡើងវិញ មិនត្រឹមតែមានអំណោយផលដល់ វិស័យហូបចុកប៉ុណ្ណោះទេ ក៏មានអំណោយផលដល់វិស័យទេសចរណ៍ផងដែរ តួយ៉ាងដូចជាករណីដែល «សាច់អាំង ជឺប៉» និង «អាហារស្រុសហឹរ ធានសួយ» ល្បីពេញមួយប្រទេសក៏បានទាក់ទាញទេសចរជាច្រើន ពិសេសយុវជនឱ្យទៅទីនោះ ដើម្បីភ្លក់រសជាតិដើមនៃចំណីអាហារពិសេស ដែលល្បីតាមបណ្តាញទំនាក់ទំនងសង្គមផង និងធ្វើដំណើរកម្សាន្តផង។

ការអភិរក្សនិងការច្នៃប្រឌិតថ្មីវាមិនផ្ទុយគ្នាទេ របស់ប្រពៃណីដែលល្អផូរផង់យើងត្រូវអភិរក្សឱ្យបានគង់រង្ស ហើយក្នុងដំណើរការអភិរក្ស គួរបញ្ចូលនូវការច្នៃប្រឌិតថ្មី ដើម្បីឱ្យរបស់ប្រពៃណីមានកម្លាំងជីវិតថ្មី និងមុខមាត់ថ្មី ដែលកាន់តែអាចស្តែងពីភាពជឿជាក់លើខ្លួនឯង ខាងវប្បធម៌របស់ប្រជាជាតិមួយ ព្រមទាំងឈានដល់ការអភិរក្ស និងអភិវឌ្ឍវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណីឱ្យ បានស្ថិតស្ថេរគង់វង្សនិងមានភាពត្រចះត្រចង់ដោយពិតប្រាកដ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន