(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធថា ការលុបចោលដំណើរទស្សនកិច្ចរបស់ជំនួយការជាន់ខ្ពស់របស់លោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ គឺមានបំណងបង្ហាញក្រុមហាម៉ាស់ ឱ្យដឹងថា អ៊ីស្រាអែលនឹងមិនចុះចាញ់នឹងសម្ពាធអន្តរជាតិ ដែលកើនឡើងដើម្បីបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សានោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

លោកបានលើកឡើងបែបនេះ នៅក្នុងវីដេអូអត្ថាធិប្បាយមួយក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយសមាជិកព្រឹទ្ធសភាអាមេរិក លោក Rick Scott នៅថ្ងៃពុធនេះ។ នាឱកាសនោះ លោកបាននិយាយដូច្នេះថា «វាគឺជាសារដំបូង និងសំខាន់បំផុតចំពោះក្រុមហាម៉ាស់ថា៖ កុំភ្នាល់លើសម្ពាធនេះ វានឹងមិនបានការទេ»។

គួរជម្រាបថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ សមាជិកក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិចំនួន ១៤ រូបក្នុងចំណោម ១៥ រូប បានបោះឆ្នោតគាំទ្រសេចក្តីសម្រេច ដែលបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ ចំណែកសមាជិកមួយរូបទៀតនោះ គឺសហរដ្ឋអាមេរិក ដែលបានបោះឆ្នោតអនុប្បវាទ។

ក្រុមហាម៉ាសបានចេញមុខស្វាគមន៍ ដំណោះស្រាយបទឈប់បាញ់នេះ ខណៈអ៉ីស្រាអែលហាក់មិនអើពើនោះទេ ដោយនៅតែបន្តទម្លាក់គ្រាប់បែកលើតំបន់ភាគខាងជើង និងតំបន់ភាគខាងត្បូងហ្កាហ្សា៕