(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង​ KCNA នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា បានរាយការណ៍ថា ប្រមុខចារកម្មរុស្ស៉ីបានធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង កាលពីដើមសប្ដាហ៍កន្លងទៅនេះ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការសន្តិសុខ ខណៈប្រទេសទាំង២កំពុងពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅក្នុងបរិបទនៃសង្រ្គាម នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Sergei Naryshkin ជាប្រមុខសេវាស៊ើបការណ៍សម្ងាត់ក្រៅប្រទេសរបស់រុស្ស៉ី បានជួបរដ្ឋមន្ត្រីសន្តិសុខរដ្ឋកូរ៉េខាងជើង លោក Ri Chang Dae អំឡុងដំណើរ ទស្សនិច្ចក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា។ ​KCNA​ បានឱ្យដឹងថាមន្ត្រីជាន់ខ្ពស់ទាំង២ បានពិភាក្សាពីការជំរុញកិច្ចសហប្រតិបត្តិការដើម្បី ទប់ទល់នឹងការកើនឡើងការធ្វើចារកម្ម និងផែនការទុច្ចរិតរបស់កងកម្លាំងសត្រូវ។

គួរបញ្ជាក់ថា ទាំងរុស្ស៉ី និងកូរ៉េខាងជើង សុទ្ធតែកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក ដោយក្នុងនោះមូស្គូ ជាប់ទណ្ឌកម្មដោយសារសង្រ្គាមប្រឆាំងអ៊ុយក្រែន រីឯកូរ៉េខាងជើងដោយសារតែការធ្វើតេស្តអាវុធនុយក្លេអ៊ែរ។ កាលពីខែកញ្ញា ឆ្នាំ២០២៣ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបគ្នាក្នុងកិច្ចប្រជុំកំពូលមួយនៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី ជាទីដែលលោក គីម បានប្រកាសថា ទំនាក់ទំនងជាមួយទីក្រុងមូស្គូ គឺជាអាទិភាពទីមួយសម្រាប់ប្រទេសរបស់លោក។

ភ្លាមៗនោះដែរ សហរដ្ឋអាមេរិកបានចោទប្រកាន់ថាកូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី សម្រាប់ប្រើប្រាស់នៅសមរភូមិអ៊ុយក្រែន ហើយកាលពីដើមខែមីនានេះ កូរ៉េខាងត្បូងក៏បានអះអាងដែរថាទីក្រុងព្យុងយ៉ាងបានបញ្ជូនអាវុធ ៧០០០កុងតឺន័រ ទៅកាន់រុស្ស៉ី ចាប់តាំងពីការចាប់ផ្ដើមផ្ទេរអាវុធកាលពីខែកក្កដាឆ្នាំមុនមក។ ប៉ុន្តែ ទាំងរុស្ស៉ី និងកូរ៉េខាងជើងបានច្រានចោលការចោទប្រកាន់ទាំងនេះ៕