(ស៊ូវ៉ា)៖ លោក Frank Bainimarama អតីតនាយករដ្ឋមន្រ្តីកាន់អំណាចយូរជាងគេរបស់ប្រទេសដីកោះហ្វីជី បានរួចផុតពីការជាប់ពន្ធនាគារ ហើយមិនត្រូវបានដាក់ទោសអ្វីទាំងអស់ ដោយតុលាការជាន់ទាប នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរូបលោកត្រូវបានរកឃើញថា មានទោសពីបទរារាំងដំណើរការប្រព័ន្ធយុត្តិធម៌ ក៏ដោយក្តី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ ២០២៤។

នៅក្នុងខែមីនានេះ លោក Bainimarama ត្រូវបានតុលាការជាន់ខ្ពស់រកឃើញថា មានទោសពីបទការរារាំងដំណើរការប្រព័ន្ធយុត្តិធម៌ អំឡុងពេលកាន់តំណែងជានាយករដ្ឋមន្រ្តី ដោយបានបញ្ជាឱ្យអគ្គស្នងការប៉ូលិស លោក Sitiveni Qiliho បញ្ឈប់ការស៉ើបអង្កេតលើករណីសង្ស័យអំពើពុករលួយ នៅឯសកលវិទ្យាល័យ University of South Pacific។ តុលាការជាន់ខ្ពស់របស់ហ្វីជី បានលុបចោលសាលក្រមមិនមានកំហុស ដែលចេញដោយចៅក្រម លោក Seini Paumau កាលពីឆ្នាំមុន ហើយបញ្ជូនសំណុំរឿងនេះ ទៅកាន់តុលាការជាន់ទាប ដើម្បីកាត់ក្តីម្តងទៀត។

នៅថ្ងៃព្រហស្បតិ៍នេះ ចៅក្រម Paumau បានចេញសាលក្រមថ្មី ដែលយោងលើបញ្ហាសុខភាពរបស់ លោក Bainimarama ហើយសម្រេចឱ្យរូបលោករួចពីការចាប់ពន្ធនាគារ និងមិនដាក់ទោសទណ្ឌអ្វីទាំងអស់ ក្រោមហេតុផលថា បទល្មើសដែលបានប្រព្រឹត្ត គឺមិនមានកម្រិតធ្ងន់ធ្ងរឡើយ ហើយគ្មានភស្តុតាងបង្ហាញថា លោក Bainimarama បានប្រព្រឹត្តយ៉ាងដូច្នោះ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬផលប្រយោជន៍ហិរញ្ញវត្ថុនោះទេ។ យ៉ាងនេះក្តី នាយកស្តីទីនៃការិយាល័យរដ្ឋអាជ្ញាហ្វីជី លោក John Rabuku បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងសេចក្តីសម្រេចនេះ។ បើតាមការិយាល័យលោក Rabuku ការកាត់ទោសខាងលើ មានលក្ខណៈស្រាលពេក និងផ្ទុយពីច្បាប់។

គួរបញ្ជាក់ថា លោក Bainimarama បានដឹកនាំប្រទេសហ្វីជី អស់រយៈពេល ១៦ឆ្នាំ ​រហូតដល់ចាញ់ការបោះឆ្នោតខែធ្នូ ឆ្នាំ ២០២២ ក្រោមដៃរបស់ក្រុមគណបក្សចម្រុះដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Sitiveni Rabuka៕