(យូអិន)៖ ការវាយប្រហារតាមផ្លូវអាកាសដាក់លើក្រុង Rafah នៃទីជំរកចុងក្រោយក្នុងតំបន់ហ្គាហ្សា ស្ទ្រីបនៅតែបន្តធ្វើឡើង បើទោះបីជាមានដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវការឈប់បាញ់ជាបន្ទាន់នោះក៏ដោយ។ ហេតុអ្វីបានជាដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនអាចបង្ខំអ៊ីស្រាអែលត្រូវអនុវត្តតាម?

អ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកដាក់លើតំបន់ Rafah បើទោះបីជាមានការដាក់ចេញ ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិដែលអំពាវនាវឱ្យមាន ការឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា។ សេចក្តីរាយការណ៍កាលពីថ្ងៃពុធ បានបង្ហាញថា ការវាយប្រហារតាមផ្លូវអាកាសយ៉ាងហោច ចំនួន៤លើកដាក់ទៅលើក្រុង Rafah បានបង្កឱ្យ មានមនុស្សស្លាប់និងរងរបួស ជាច្រើននាក់។ ក្នុងចំណោមការវាយប្រហារមួយ ក្នុងរង្វង់ការវាយប្រហារទាំងបួនតាមផ្លូវអាកាសនោះ បានសម្លាប់មនុស្សចំនួន១១នាក់ ក្នុងមួយគ្រួសារក្នុងនោះរួមមានមនុស្សចាស់ ២នាក់អាយុ៧៥ឆ្នាំ និង៦២ឆ្នាំ។

ការបន្តវាយប្រហារដាក់លើតំបន់ Rafah គឺ២ថ្ងៃក្រោយមានការចេញដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ២៧២៨ ដែលការវាយប្រហារនេះ ត្រូវបាន គេចាត់ទុកជាអំពើមើលងាយរបស់អ៊ីស្រាអែល ដែលមិនបានយកចិត្តទុកដាក់ លើបទបញ្ជា របស់អង្គការពិភពលោកនេះឡើយ ខណៈរដ្ឋអ៊ីស្រាអែលគឺជាសមាជិកមួយរូប របស់អង្គការសហប្រជាជាតិនោះ។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz បាននិយាយនៅលើប្រព័ន្ធបណ្តាញសង្គម ក្រោយការចេញដំណោះស្រាយនោះថា ប្រទេសរបស់លោក នឹងមិនគោរពតាមដំណោះស្រាយ២៧២៨របស់អង្គការសហប្រជាជាតិនោះឡើយ។ លោករដ្ឋមន្ត្រី Katz បាននិយាយ បញ្ជាក់ថា «រដ្ឋអ៊ីស្រាអែលនឹងមិនបញ្ឈប់ការបាញ់គ្នាទេ»។ លោកបន្តថា «យើងនឹងកម្ទេចក្រុមហាម៉ាស ហើយបន្តប្រយុទ្ធរហូត ដល់ចំណាប់ខ្មាំងចុង ក្រោយត្រូវបានវិលត្រឡប់មកផ្ទះវិញ»

ដំណោះស្រាយលេខ២៧២៨ ដែលដាក់ចេញដោយសមាជិកមិនអចិន្ត្រៃយ៍ទាំង ១០ នៃក្រុម ប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិនេះ បានទាមទារបទឈប់បាញ់ជាបន្ទាន់មួយ សម្រាប់ ខែរ៉ាម៉ាដន, ការ ដោះលែងចំណាប់ខ្មាំងជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ និង "តម្រូវការ បន្ទាន់ដើម្បីពង្រីក លំហូរជំនួយ" ទៅកាន់តំបន់ហ្គាហ្សា។ ការវាយប្រហារ តាមផ្លូវអាកាសមួយគ្រាប់ផ្សេងទៀត ក្នុងតំបន់ Rafah នារសៀលថ្ងៃពុធ បានសម្លាប់ជនជាតិប៉ាឡេស្ទីន៤នាក់ រួមមានម្នាក់ជាស្ត្រីនិងម្នាក់ជាកុមារ និងបានធ្វើឱ្យមនុស្ស ច្រើននាក់រងរបួសថែមទៀត។

****តើដំណោះស្រាយ២៧២៨របស់អង្គការសហប្រជាជាតិ អាចចងអ៊ីស្រាអែលឱ្យអនុវត្តបាន ដែរឬទេ?

ក្រុមអ្នកជំនាញបាននិយាយថា គន្លឹះសំខាន់គឺការបកស្រាយផ្សេងៗគ្នាពាក់ព័ន្ធនឹងការចាត់ ទុកថាតើដំណោះស្រាយ២៧២៨ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ មានលក្ខណៈជាកាតព្វកិច្ចឬមិនមែនជាកាតព្វកិច្ច?

ក្រោយដំណោះស្រាយបានអនុម័តភ្លាម មន្ត្រីអាមេរិកបាននិយាយថា ដំណោះស្រាយនោះមិនមែនជាដំណោះស្រាយនៃកាតព្វកិច្ចនោះទេ Non-Binding។ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller, មន្ត្រីទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby និង ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield សុទ្ធ តែបានប្រើភាសាតែមួយគឺNon-Binding។ ប៉ុន្តែឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Zhang Jun បានជំទាស់ថាដំណោះស្រាយនោះ គឺជាដំណោះស្រាយមានលក្ខណៈជាកាតព្វកិច្ច Binding ។ មន្ត្រីអ្នកនាំពាក្យរង អង្គការសហប្រជាជាតិលោក Farhan Haq បានថ្លែងថា ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នោះគឺជាច្បាប់អន្តរជាតិ ដែលក្នុងន័យនេះ លោកបានបញ្ជាក់ថា វាគឺជាដំណោះស្រាយ នៃកាតព្វកិច្ចដូចជាច្បាប់អន្តរជាតិ។

ប៉ុន្តែមន្ត្រីជំនាញបានថ្លែងការចាត់ទុកថាដំណោះស្រាយនោះជាកាតព្វកិច្ចឬមិនមែនជាកាតព្វកិច្ច គឺស្រេចតែលើសម្តីបកស្រាយ។ មន្ត្រីជំនាញបាននិយាយថា បើការបកស្រាយនិយាយថា ដំណោះស្រាយនោះគឺស្ថិតក្នុងជំពូកទី VI នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គឹនឹងចាត់ទុកវា ថាជាដំណោះស្រាយមិនជាប់កាតព្វកិច្ច Non-Binding ប៉ុន្តែបើការបកស្រាយនិយាយថាវាស្ថិត ក្នុងជំពូកទីVII វិញ វានឹងក្លាយជាដំណោះស្រាយ ដែលជាប់កាតព្វកិច្ច Binding វិញជាមិនខាន។ សំណួរមួយទៀត ត្រូវបានលើកឡើងមកថា ចុះបើសិនជាមានការបកស្រាយដំណោះស្រាយ នោះជាដំណោះស្រាយដែលត្រូវតែបំពេញវិញ ថាតើអ្នកណាឬប្រទេសណា ដែលនឹងអាចអនុវត្តបាននូវមាត្រាធម្មនុញ្ញនោះ?

លោកសាស្ត្រាចារ្យ Yossi Mekeberg នៃក្រុមThink Tank នៃវិទ្យាស្ថាន Chatham House ក្នុងប្រទេសអង់គ្លេស បានថ្លែងថាចម្លើយនោះ គឺគ្មានអ្នកណា អាចធ្វើបានឡើយ…ហើយមានប្រទេសតែមួយប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការនេះបាន គឺសហរដ្ឋអាមេរិកដែលបានបញ្ជាក់រួច មកហើយថាដំណោះស្រាយនោះ គឺវាមិនជាប់ពាក់ព័ន្ធនឹងកាតព្វកិច្ចត្រូវបំពេញឡើយ។ ដូច្នេះ សេចក្តីសម្រេចនានា នៃជោគវាសនាទាំងនេះ នឹងមិនអាចឆ្លងផុតពីសហរដ្ឋអាមេរិកបានឡើយ។

***អ៊ីស្រាអែលបន្តការវាយប្រហារតាមផ្លូវអាកាស បើទោះបីជាមានដំណោះស្រាយអង្គការសហប្រជាជាតិ

ការវាយប្រហារលើតំបន់ផ្សេងទៀត ក្នុងតំបន់ហ្គាហ្សាក្រៅពីលើក្រុង Rafahត្រូវបានគេរាយការណ៍ផងទៀត ក្នុងនោះរួមទាំង នៅតំបន់ជំរំជនភៀសខ្លួន Jabalia។ នៅក្នុងតំបន់ភាគខាងជើងនោះ មនុស្ស៧នាក់បានស្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាស ដាក់ចំទៅលើផ្ទះមួយខ្នង។ ក្រុមយោធាអ៊ីស្រាអែលបាន និយាយថាការវាយប្រហាររបស់ពួកគេ គឺសម្តៅចំពោះក្រុមប្រដាប់អាវុធហាម៉ាស ដែលគេចោទថា បានយកជីវិតប្រជាជនមកធ្វើជាខែល ប៉ុន្តែក្រុមហាម៉ាសបានបដិសេធថាគេមិនបានធ្វើយ៉ាងដូច្នេះឡើយ។

សេចក្តីរាយការណ៍អាល់ហ្សាហ្ស៊ីរ៉ា រយៈពេល២៤ម៉ោងចុងក្រោយនេះ បានឱ្យដឹងថា អ៊ីស្រាអែលបង្កើនការវាយប្រហារដាក់ទៅលើតំបន់ Rafah ជាច្រើនលើកដែលការវាយប្រហារនោះ បានប៉ះចំផ្ទះចំនួនបីកន្លែង។ សេចក្តីរាយការណ៍បន្តថាការវាយប្រហារ បានបន្តតាមកន្លែងជា ច្រើនក្នុងតំបន់ហ្គាហ្សានោះ។ នៅជាមួយគ្នានេះដែរ, អ៊ីស្រាអែលបាននិយាយថាកងកម្លាំងរបស់ខ្លួន បានបន្តឡោមព័ទ្ធមន្ទីរពេទ្យ Al-Shifa ដែលនៅទីនោះអ៊ីស្រាអែលអះអាងថា បានសម្លាប់យុទ្ធជនហាម៉ាសមួយចំនួន ថែមទៀត។

ការវាយប្រហារតាមផ្លូវអាកាស និងតាមកងកម្លាំងថ្មើរជើងរបស់អ៊ីស្រាអែល ដាក់មកលើតំបន់ហ្គាហ្សា បានបណ្តាលឱ្យមានមនុស្សស្លាប់ ជាងបីម៉ឹន២ពាន់នាក់ហើយ ជាមួយនឹងមានមនុស្ស ស្លាប់ច្រើនពាន់នាក់ទៀត ដែលគេជឿថាបានកប់នៅក្រោមគំនរបែកបាក់…និងមានពលរដ្ឋប្រ មាណ៨០ភាគរយក្នុងចំនួន២លាន៣សែននាក់ នៃប្រជាជនប៉ាឡេស្ទីនទាំងមូល បានក្លាយជាជនភៀសសឹក ក្នុងនោះជាច្រើនម៉ឺននាក់បានប្រឈមនឹង ហានិភ័យខ្វះស្បៀងអាហារទទួលទាន។ សង្គ្រាមនេះ បានផ្ទុះឡើងក្រោយ កងកម្លាំងប្រដាប់អាវុធហាម៉ាស់ បានចូលលុកលុយ លើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី៧ តុលា ឆ្នាំ២០២៣ដោយ បានសម្លាប់មនុស្ស១ពាន់១៣៩នាក់ និងចាប់ជាចំណាប់ខ្មាំង ប្រមាណ២៤០នាក់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានថ្លែងប្រាប់ សមាជិកសភាអាមេរិកទាំង២គណបក្ស កាលពីថ្ងៃទី២៧ មីនាថា «អ៊ីស្រាអែលគ្មានជំរើសអ្វី ក្រៅតែពីចូលទៅក្នុងតំបន់ Rafah» ដែលវាជាទិសដៅរបស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការកំចាត់ក្រុមហាម៉ាស់។ អ៊ីស្រាអែលកំពុងរៀបចំគម្រោងវាយប្រហារ ដោយកងកម្លាំងថ្មើរជើង ក្នុងការចូលទៅក្នុងតំបន់ Rafah ដោយសារតែអ៊ីស្រាអែលជឿថា មានក្រុមហាម៉ាសចំនួន៤កងវរសេនាតូច បានស្ថិត ក្នុងតំបន់ Rafah នៃសំបុកទីតាំងចុងក្រោយនោះ ខណៈដែលរដ្ឋបាលលោកចូបៃដិន បានព្យាយាមទប់ស្កាត់ឱ្យអនុវត្ត នូវការប្រើវិធីវាយលុកនោះឡើយ ប៉ុន្តែប្រើប្រាស់នូវវិធីផ្សេង។

ថ្លែងក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈប្រតិភូសភា រៀបចំឡើងដោយគណៈកម្មាធិការ កិច្ចការសាធារណៈរបស់អ៊ីស្រាអែល-អាមេរិកាំង នៅទីក្រុងហ្សេរុយសាឡឹមនៅថ្ងៃពុធ ទី២៧ មីនា, លោក Netanyahu បាននិយាយថា វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរក្សាការគាំ ទ្រទ្វេភាគី ជាពិសេសក្នុងកាលៈទេសៈកំពុងឆ្លងកាត់នេះ។

លោក Netanyahu បាននិយាយប្រាប់ក្រុមសភាអាមេរិកទៀតថា «យើងបានសម្លាប់មេដឹក នាំជាន់ខ្ពស់ជាច្រើននៃក្រុមហាម៉ាស រួចមកហើយរួមទាំងមេហាម៉ាស់លេខបួន, មេហាម៉ាស លេខបី។ ហើយយើងនឹងតាមរកមេដឹកនាំហាម៉ាសលេខ២និងលេខ១ ថែមទៀត។ នោះគឺជា ជ័យជម្នះ, ជ័យជម្នះដែលកាន់តែ ខិតជិតមកដល់ ដែលវានៅតែប៉ុន្មានសប្តាហ៍ទៀតតែ ប៉ុណ្ណោះ»។ លោកបានបញ្ជាក់ថា លោកគ្មានជម្រើសអ្វីផ្សេងក្រៅតែពីការវាយលុកចូលក្នុង តំបន់ Rafah នៃសំបុកធំចុងក្រោយ របស់ហាម៉ាសនេះតែប៉ុណ្ណោះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្លែងប្រាប់សភាអាមេរិកទាំង២គណបក្សទៀតថា ចាប់តាំងពី មានព្រឹត្តិការណ៍ថ្ងៃទី៧ តុលា ឆ្នាំ២០២៣នោះមក, អ៊ីស្រាអែលបានធ្វើការ រួមស៊ីសង្វាក់គ្នាល្អប្រសើរ ជាមួយនឹងរដ្ឋបាលលោក ចូបៃដិន ប៉ុន្តែចុងក្រោយ ស្រាប់តែមានទស្សនៈខុសគ្នាលើ ការធ្វើសកម្មភាពចូលក្នុងតំបន់ Rafah។

ក្រុង Rafah គឺជាកន្លែងចុងក្រោយបង្អស់ហើយ ដែលអ៊ីស្រាអែលនៅមិនទាន់ប្រើប្រាស់កម្លាំងថ្មើរជើងចូលវាយប្រហារ។ ក្រុង Rafah ដែលរងនឹងការវាយប្រហារ តាមផ្លូវអាកាសជារៀងរាល់ថ្ងៃនោះ គឺជាក្រុងដែលមានជនភៀសសឹកប្រមាណជាងមួយលាន កំពុងពួនជ្រកកោននៅ ទីនោះដោយសារតែមិនច្រកឬកន្លែងដទៃណា ដែលពួកគេអាចចេញចូលទៀតបានឡើយនៅ ក្នុងតំបន់ហ្គាហ្សាស្ទ្រីបនោះ។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការបរទេសលោក Anthony Blinken ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ទាំងថ្ងៃចន្ទ និងថ្ងៃអង្គារផងទៀត នោះថែមទាំងបានបញ្ជាក់សាជាថ្មី នូវជំហរគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះសិទ្ធិរបស់អ៊ីស្រាអែល ដើម្បីការពារខ្លួនប៉ុន្តែបានប្រឆាំងនឹងគំនិតរបស់ លោក ណេថាន់ យ៉ាហ៊ូ ដែលចង់ធ្វើការវាយលុកដាក់ទៅលើក្រុង Rafah នោះ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយកាលពីថ្ងៃចន្ទបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសលោក Blinken បានប្រាប់ទៅ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលថាគេមាន «ជម្រើសផ្សេង» ដែលនឹងធានាបាននូវសន្តិសុខរបស់អ៊ីស្រាអែល កាន់តែប្រសើរផង និង ការការពារជនស៊ីវិលប៉ាឡេស្ទីនថែមទៀត។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ក្នុងជំនួបជាមួយសមភាគីអ៊ីស្រាអែល នាដើមសប្តាហ៍នេះផងដែរ បានថ្លែងថាការវាយលុកណាមួយ របស់អ៊ីស្រាអែលក្នុងពេលដែល គ្រោះទុរ្ភិក្សកំពុងកើតឡើងមកនេះ វានឹងធ្វើឱ្យតំបន់ហ្គាហ្សា កាន់តែប្រឈមគ្រោះមហន្តរាយមនុស្សធម៌ កាន់តែខ្លាំងឡើងថែមទៀត។

ក្នុងជំនួបរវាងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ជាមួយនឹងមន្ត្រីជាន់ខ្ពស់ អាមេរិកកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារក្នុងសប្តាហ៍នេះ, ភាគីអ៊ីស្រាអែលនិងអាមេរិកនៅតែខ្វែងគំនិតគ្នាជាដដែលប៉ុន្តែភាគីទាំង២ បានយល់ព្រមថានឹងបន្ត កិច្ចពិភាក្សាក្នុងកម្រិតក្រុមការងាររបស់ខ្លួន ថែមទៀតពាក់ព័ន្ធនឹងបញ្ហាដដែលនេះ។

លោកណេថាន់យ៉ាហ៊ូ បានប្រាប់គណៈប្រតិភូសភាអាមេរិកថា ជនភៀសសឹកប៉ាឡេស្ទីនក្នុង តំបន់ហ្គាហ្សា អាចនាំគ្នាចេញពីតំបន់ Rafah ហើយទៅទាំងក្រុមគ្រួសារទាំងអស់តែម្តង។ លោកថាពលរដ្ឋភៀសសឹកទាំងនេះ ក៏មានអ្នកជម្លៀសមកពីភាគខាងជើងនៃតំបន់ហ្គាហ្សា ស្ទ្រីបផងដែរ ដូច្នេះបើពលរដ្ឋភៀសសឹកទាំងនោះ អាចធ្វើដំណើរមកភាគខាងត្បូង ពួកគេក៏អាចវិលទៅកាន់ភាគខាងជើងវិញដែរ។

ភាពមិនចុះសម្រុងគ្នាលើ ការចង់ធ្វើសកម្មភាពវាយលុកតំបន់ Rafah ជាមួយនឹងភាពកាន់តែកើនឡើង នៃមហាវិបត្តិមនុស្សធម៌ ដែលមនុស្សខ្វះស្បៀងអាហា រនៃចំណោទុរ្ភិក្សនោះហើយ បានធ្វើឱ្យចំណងទំនាក់ទំនង រដ្ឋបាលលោកចូបៃដិន និងរដ្ឋបាលលោកណេថាន់ យ៉ាហ៊ូ បានប្រេះស្រាំរវាងគ្នានិងគ្នា។ ភាពប្រេះស្រាំនោះ បានប្រញាប់ឱ្យមេដឹកនាំអ៊ីស្រាអែលលុបចោល ដំណើរទស្សនកិច្ច របស់មន្ត្រីជាន់ខ្ពស់២រូប របស់ខ្លួនទៅកាន់រដ្ឋធានីវ៉ាស្ហ៊ីនតោ នក្រោយពេលសហរដ្ឋអាមេរិកបានផ្លាស់ប្តូរ ឥរិយាបថនយោបាយរបស់ខ្លួន ដោយទុកឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តលើដំណោះស្រាយ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជា បន្ទាន់នៅក្នុងតំបន់ហ្គាហ្សា។

មន្ត្រីសេតវិមានបាននិយាយបញ្ជាក់ចុងក្រោយ កាលពីថ្ងៃពុធ ទី២៧ មីនា ថា លោក ណេថាន់ យ៉ាហ៊ូ បានយល់ព្រម ថានឹងបញ្ជួន គណៈប្រតិភូអ៊ីស្រាអែល មកកាន់រដ្ឋធានីវ៉ាស្ហ៊ីនតោនសាជាថ្មី វិញម្តងទៀត ដើម្បីការពិភាក្សាលើបញ្ហាខ្វែងគំនិតគ្នា ស្តីពីគម្រោងវាយលុក ក្នុងតំបន់ Rafah នោះ។ ប៉ុន្តែក្រុមអ្នកវិភាគបានមើលឃើញថា ច្រកចេញទៅមុខហាក់ដូចជាមានភាពចង្អៀតណាស់៕