(គៀវ)៖ បេសកម្មអ៊ុយក្រែនប្រចាំអង្គការ NATO បាននិយាយថា អ៊ុយក្រែនបានស្នើសុំសម្ព័ន្ធមិត្តលោកខាងលិច សម្រាប់ការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស ក្នុងអំឡុងពេលកិច្ចប្រជុំវិសាមញ្ញមួយ នៃក្រុមប្រឹក្សាណាតូ-អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីរងការរវាយប្រហារដោយមីស៊ីលរុស្ស៊ីជាបន្តបន្ទាប់ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងប្រព័ន្ធថាមពល។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

កាលពីថ្ងៃសុក្រសប្តាហ៍មុន រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតរបស់ខ្លួន លើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានបំផ្លាញអង្គភាពផលិតថាមពលអគ្គីសនីនៅឯទំនប់ធំមួយ និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី សម្រាប់ប្រជាជនជាងមួយលាននាក់ នៅក្នុងតំបន់មួយចំនួន។

គណៈប្រតិភូអ៊ុយក្រែន បានសរសេរនៅលើវេទិកាទំនាក់ទំនងសង្គម X ថា​ រដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov បានជូនដំណឹងដល់សម្ព័ន្ធមិត្តលោកខាងលិច អំពីផលវិបាកនៃការវាយប្រហាររុស្ស៉ី ដោយជំរុញឱ្យពួកគេផ្តល់ប្រព័ន្ធការងារបន្ថែមទៀត។

គួរជម្រាបថា ទីក្រុងមូស្គូបានពណ៌នាអំពីការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួនចុងក្រោយនេះថា ជាផ្នែកនៃការវាយប្រហារ «សងសឹក» ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងគៀវទៅលើតំបន់រុស្ស៊ី និងបានបង្កើនការប្រើប្រាស់មីស៊ីលផ្លោងដែលពិបាកបញ្ឈប់។

នៅថ្ងៃព្រហស្បតិ៍ដដែលនេះ មន្ត្រីម្នាក់នៅក្នុងរដ្ឋធានីគៀវរបស់អ៊ុយក្រែន បាននិយាយថា វិធានការសន្តិសុខនឹងត្រូវបានបង្កើននៅក្នុងទីក្រុងនេះ បន្ទាប់ពីការវាយប្រហារមីស៊ីលផ្លោងរបស់រុស្ស៊ីជាបន្តបន្ទាប់ និងការគំរាមកំហែងកាន់តែខ្លាំងឡើង៕