(Reuters)៖ ទាហានអ៉ីស្រាអែល បានបង្ហោះរូបភាព និងវីដេអូដែលបង្ហាញពីសកម្មភាពរបស់ពួកគេកំពុងលេងសើចជាមួយខោស្ល៉ីបរបស់មនុស្សស្រី ដែលត្រូវបាន រកឃើញនៅក្នុងផ្ទះប្រជាជនប៉ាឡេស្ទីន ដោយបង្កឱ្យមានការរិះគន់ជាខ្លាំងពីសំណាក់អ្នកធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិស្ត្រី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងវីដេអូមួយ គេឃើញមានទាហានអ៉ីស្រាអែលម្នាក់ដៃម្ខាងកាន់កាំភ្លើង យកខោស្ល៉ីបមនុស្សស្រីដាក់លើមាត់របស់ទាហានម្នាក់ទៀត ដែលកំពុងដេកលើសាឡុង ខណៈទាហានខ្លះទៀតអង្គុយលើរថក្រោះដៃកាន់ម៉ាណឺកាំងមនុស្សស្រី ហើយនិយាយថា «ខ្ញុំបានរកឃើញប្រពន្ធដ៏ស្រស់ស្អាតម្នាក់ ជាទំនាក់ទំនងពិតប្រាកដ នៅហ្កាហ្សា ជានារីដ៏អស្ចារ្យ»។ វីដេអូ និងរូបថតទាំងនេះត្រូវបានបង្ហោះឡើងវិញដោយបុរសម្នាក់ឈ្មោះ Younis Tirawi ដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាន ប៉ាឡេស្ទីនម្នាក់ នៅលើគណនីបណ្ដាញទំនាក់ទំនងសង្គម X របស់លោក ដែលមានអ្នកតាមដាន ១០០ ០០០នាក់ នៅចន្លោះពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា។

ទីភ្នាក់ងារសារព័ត៌មាន Reuters វិញ បានផ្ទៀងផ្ទាត់ដោយឯករាជ្យលើការបង្ហោះចំនួន៨ នៅលើ Instagram និង YouTube និងបានស្នើសុំការអត្ថាធិប្បាយ ពីកងកម្លាំងអ៉ីស្រាអែល។ ជាការឆ្លើយតប អ្នកនាំពាក្យកងកម្លាំងអ៉ីស្រាអែល IDF បានឆ្លើយថា IDF កំពុងបើកការស៊ើបអង្កេតមួយ។ ប៉ុន្តែលោកស្រី Ravina Shamdasani ជាអ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស UN បាននិយាយថាការបង្ហោះវីដេអូ និងរូបភាពរបៀបនេះគឺជាការប្រមាថដល់ស្រ្តីប៉ាឡេស្ទីន និងស្ត្រីទាំងឡាយ៕