(បេរូត)៖ ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលលើទីក្រុង Aleppo ស្ថិតនៅភាគខាងជើងនៃប្រទេសស៊ីរី បានសម្លាប់ទាហានស៊ីរីយ៉ាងហោច ៣៦នាក់ នៅថ្ងៃសុក្រ ទី២៩ ខែមីនានេះ។ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ បានឱ្យដឹងទៀតថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល គឺមានគោលដៅលើតំបន់មួយ ស្ថិតនៅក្បែរឃ្លាំងស្ដុកគ្រាប់រ៉ុក្កែតមួយកន្លែង ជាកម្មសិទ្ធិរបស់ក្រុម Hezbollah លីបង់។ តាមអង្គការនេះដដែល មនុស្សជាច្រើននាក់ផ្សេងទៀតក៏បាន រងរបួសផងដែរ។

ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី SANA វិញ ការវាយប្រហារតាមផ្លូវអាកាសបានកើតឡើងនៅប្រហែលជាម៉ោង ១៖៤៥នាទីរំលងអធ្រាត្រថ្ងៃសុក្រ ទី២៩ ខែមីនានេះ ដោយបានសម្លាប់ និងធ្វើឱ្យមនុស្សជាច្រើននាក់រងរបួសទាំងជនស៊ីវិល និងយោធា។ ប៉ុន្តែ ខាងយោធាអ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីទេ។

គួរបញ្ជាក់ថា អ៉ីស្រាអែល ត្រូវបានគេរាយការណ៍ថាបានបើកការវាយប្រហារតាមផ្លូវអាកាសរាប់រយលើកប្រឆាំងនឹងគោលដៅ ក្នុងប្រទេសស៊ីរី ចាប់តាំងពីសង្រ្គាមស៊ីវិល ក្នុងប្រទេសនេះផ្ទុះឡើង កាលពីឆ្នាំ២០១១មក ហើយការវាយប្រហារនេះគឺមានគោលដៅលើកងកម្លាំងគាំទ្រដោយអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងក្រុម Hezbollah និងទីតាំងរបស់កងទ័ពស៊ីរី៕