(កៀវ)៖ នៅថ្ងៃសុក្រនេះ ទីក្រុងកៀវបានឱ្យដឹងថា កងកម្លាំងរុស្ស៉ីបានបាញ់មីស៉ីលនិងយន្តហោះដ្រូន សរុបចំនួន៩៩គ្រាប់និងគ្រឿង មកលើអ៊ុយក្រែន កាលពីវេលាយប់កន្លងទៅ ខណៈភាគច្រើនត្រូវបានបាញ់ស្កាត់ក៏ដោយ ស្ថានីយផលិតថាមពល៣កន្លែង បានទទួលរងការខូចខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤។

ក្រសួងមហាផ្ទៃអ៊ុយក្រែន បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសថ្មីចុងក្រោយខាងលើរបស់រុស្ស៉ី បានកំណត់គោលដៅលើតំបន់ចំនួន​១០ ទូទាំងប្រទេសអ៊ុយក្រែន ហើយបានបណ្តាលឱ្យខូចខាតស្ថានីយថាមពល លំនៅដ្ឋានប្រជាជន ព្រមទាំងបង្កឱ្យរបួសមនុស្សមួយចំនួន។ បើតាមកងទ័ពអាកាសអ៊ុយក្រែន យន្តហោះដ្រូន shahed ៥៨គ្រឿង និងមីស៉ីល២៦គ្រាប់ ត្រូវបាញ់ស្កាត់បាន។ ក្រុមហ៊ុនផ្គត់ផ្គង់ថាមពល​ចម្បងមួយរបស់អ៊ុយក្រែន DTEK បានអះអាងថា ស្ថានីយថាមពល៣កន្លែងរបស់ខ្លួន បានរងការខូចខាតយ៉ាងដំណំ ក្នុងការវាយប្រហារនោះ។

គួរបញ្ជាក់ថា ចំពោះមុខការកើនឡើង នៃសកម្មភាពវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី មកលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់​អ៊ុយក្រែន ក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អ៊ុយក្រែនបានបន្តអំពាវនាវសុំឱ្យ ក្រុមសម្ព័ន្ធមិត្តលោកខាងលិចផ្គត់ផ្គង់បន្ថែមទៀត នូវប្រព័ន្ធការពារដែនអាកាស៕