(ប៉េកាំង)៖ បំពេញទស្សនកិច្ចនៅទីក្រុងចិនចំនួន៣ក្នុងរយៈពេល៣ថ្ងៃ អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនដ៏សំខាន់ជាច្រើន ដូចជាក្រុមហ៊ុន SIEMENS ក្រុមហ៊ុន BMW និងក្រុមហ៊ុន Mercedes-Benz ជាដើមអមដំណើរជាមួយគ្នា ទស្សនាសហគ្រាសជាច្រើន ដោយផ្តោតលើ កិច្ចសហប្រតិបត្តិការច្នៃប្រឌិតថ្មី។ល។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ដំណើរទស្សនកិច្ចរបស់លោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់នៅប្រទេសចិនបានទទួលការយកចិត្តទុកដាក់ យ៉ាងទូលំទូលាយពីមតិសាធារណៈលោកខាងលិច។

កាលពីថ្ងៃទី១៦ខែមេសា លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោក Olaf Scholz នៅក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ អំពីការកំណត់ទិសដៅនៃទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់ និងបញ្ហាចំណុចក្តៅក្នុងតំបន់និងអន្តរជាតិ។ ភាគីចិនបានលើកឡើងថា ចិននិងអាល្លឺម៉ង់គ្មានវិវាទខាងផលប្រយោជន៍ជាមូលដ្ឋាននោះទេ ហើយក៏មិនបង្កជាការគំរាមកំហែងខាងសន្តិសុខទៅវិញទៅមកដែរ។ កិច្ចសហប្រតិបត្តិការរវាងចិននិងអាល្លឺម៉ង់ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក មិនមែនជា “ហានិភ័យ”នោះទេ តែគឺជាការធានាស្ថិរភាពនៃទំនាក់ទំនងរវាងភាគីទាំងពីរ និងជាឱកាសត្រួសត្រាយអនាគត ។ ភាគីអាល្លឺម៉ង់បានថ្លែងថា រីករាយនឹងបន្តពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរតទៅទៀត ធ្វើឱ្យកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគ្រប់វិស័យមានភាពកាន់តែស៊ីជម្រៅ និងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន លើវិស័យអប់រំនិងវប្បធម៌ជាដើម។ ប្រការនេះគឺមានសារសំខាន់ចំពោះប្រទេសទាំងពីរអាល្លឺម៉ង់និងចិន ក៏ដូចជាពិភពលោកផងដែរ។

ព័ត៌មានទាំងនេះបានបង្ហាញយ៉ាងច្បាស់លាស់ថា ចិននិងអាល្លឺម៉ង់មានគោលជំហរស្រដៀងគ្នា លើបញ្ហាដ៏សំខាន់ជាច្រើន ដូច្នេះ អាចពួតដៃចាក់បំពេញលំនឹងនិងភាពប្រាកដប្រជា កាន់តែច្រើនដល់ពិភពលោក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ និម្មាបនកម្មភូមិសាស្ត្រនយោបាយសកល បានប្រែប្រួលយ៉ាងខ្លាំង ហើយការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់ ក៏ប្រឈមមុខនឹងការសាកល្បងដែរ។ ដោយសាររងផលប៉ះពាល់ពីគោលនយោបាយរបស់សហរដ្ឋអាមេរិក ស្តីពីការទប់ស្កាត់ការអភិវឌ្ឍរបស់ចិន ប្រទេសអឺរ៉ុបរហូតដល់ផ្ទៃក្នុងអាល្លឺម៉ង់ សុទ្ធតែមានសំឡេងអវិជ្ជមានដែលហៅថា “ការគំរាមកំហែងពីការអភិវឌ្ឍរបស់ចិន”។ សហភាពអឺរ៉ុបកំពុងបង្កការស៊ើបអង្កេតអំពីការប្រឆាំងនឹង ឧបត្ថម្ភកធនចំពោះផលិតផលរបស់ចិន ដូចជារថយន្តអគ្គិសនីជាដើមដោយយក “ការលុបចោលហានិភ័យ”ធ្វើជាលេស។

ចុះលទ្ធផលវិញ? មិនថាដំណើរទស្សនកិច្ចរបស់លោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់នៅប្រទេសចិនលើកនេះក៏ដោយ ឬក៏ការសម្តែងអាកប្បកិរិយានៃមជ្ឈដ្ឋានសហគ្រាសអាល្លឺម៉ង់ ដែលរីករាយចិត្តបន្តធ្វើអាជីវកម្មនៅទីផ្សារប្រទេសចិន សុទ្ធតែបានបង្ហាញថា “មូលដ្ឋានគ្រឹះ”នៃទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់នៅតែរឹងមាំ គោលនយោបាយចំពោះប្រទេសចិននៃរដ្ឋាភិបាលអាល្លឺម៉ង់ នៅតែរក្សាឥរិយាបថប្រកបដោយវិចារណញ្ញាណនិ ងប្រាកដប្រជាដដែល។ មតិអាល្លឺម៉ង់មួយចំនួនបានយល់ឃើញថា មិនថាឆ្លើយតបនឹងបញ្ហាប្រឈមនៃការបង្អង់ល្បឿន នៃសេដ្ឋកិច្ចរបស់ខ្លួន ឬក៏ដោះស្រាយវិបត្តិអ៊ុយក្រែនក៏ដោយ ក៏អាល្លឺម៉ង់សុទ្ធតែចាំបាច់ត្រូវស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនិងទីបីលើពិភពលោក ទីផ្សាររបស់ប្រទេសទាំងពីរចិន និងអាល្លឺម៉ង់ពឹងផ្អែកគ្នាយ៉ាងខ្លាំង ហើយកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចមានភាពធន់ណាស់។ បច្ចុប្បន្ននេះ មានសហគ្រាសអាល្លឺម៉ង់លើសពី៥ពាន់ បានធ្វើអាជីវកម្មនៅទីផ្សារប្រទេសចិន។ តាមស្ថិតិនៃធនាគារកណ្តាលអាល្លឺម៉ង់ឱ្យដឹងថា នៅឆ្នាំ២០២៣ ការវិនិយោគផ្ទាល់នៅប្រទេសចិន របស់អាល្លឺម៉ង់បានកើនឡើង៤,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០២២ គឺមានទំហំសរុបឡើងដល់ ១ម៉ឺន១ពាន់៩រយលានប្រាក់អឺរ៉ូ ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។ តាមទិន្នន័យនៃរដ្ឋបាលស្ថិតិនៃសហព័ន្ធអាល្លឺម៉ង់ឱ្យដឹងថា នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីអាល្លឺម៉ង់និងចិនគឺ ២សែន៥ម៉ឺន៣ពាន់១រយលានប្រាក់អឺរ៉ូ ហើយចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត របស់អាល្លឺម៉ង់លើទូទាំងពិភពលោក ក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា។

មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា ពេលទៅបំពេញទស្សនកិច្ចនៅក្រុង Chongqing និងក្រុងសៀងហៃ លោក Olaf Scholz បានទៅទស្សនាសហគ្រាសថាមពល អ៊ីដ្រូហ្សែន ដែលមានការវិនិយោគទុនរបស់អាល្លឺម៉ង់និងមជ្ឈមណ្ឌលច្នៃប្រឌិតថ្មី នៃសហគ្រាសអាល្លឺម៉ង់ដោយឡែកពីគ្នា។ នេះបានបង្ហាញពីបំណងវិជ្ជមានរបស់ភាគីអាល្លឺម៉ង់ ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការ ខាងឧស្សាហកម្ម ងើបឡើងថ្មីរវាងចិននិងអាល្លឺម៉ង់ មានភាពកាន់តែស៊ីជម្រៅ។

កិច្ចសហប្រតិបត្តិការរវាងចិននិងអាល្លឺម៉ង់ មានអំណោយផលដល់ភាគីទាំងពីរ ហើយក៏មានអំណោយផលដល់ពិភពលោកដែរ ។ ចិននិងអាល្លឺម៉ង់ធ្វើឱ្យគូភាគីមានភាពកាន់តែប្រសើរឡើង ដែលនឹងរួមចំណែកកម្លាំងកាន់តែធំ ក្នុងកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុប ហើយវាក៏នឹងកំចាត់ចោល “សំឡេងរំខាន” ដែលបំផ្លាញសន្តិភាព និងការអភិវឌ្ឍពិភពលោកទាំងនោះផងដែរ៕