(មូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ីកំពុងចាត់វិធានការគ្រប់បែបយ៉ាង

ដើម្បីទប់ស្កាត់ការកើនឡើងជម្លោះបន្ថែមទៀត នៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

លោកស្រី Zakharova បានកត់សម្គាល់ថា ការទំនាក់ទំនងកំពុងធ្វើឡើងនៅគ្រប់កម្រិតទាំងអស់ ហើយទីក្រុងមូស្គូសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងទទួលបានផ្លែផ្កា។ លោកស្រី​បាន​បន្ថែម​ថា តំណាង​រុស្ស៊ី​បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ដល់​ភាគី​ទាំងអស់​ឲ្យ​អនុវត្ត​ការ​អត់ធ្មត់។

អ្នកនាំពាក្យរូបនេះបានព្រមានថា វាជារឿងសំខាន់ក្នុងការរារាំងកុំឱ្យស្ថានការណ៍ កើនឡើងលើសពីការគ្រប់គ្រងបាន ដែលវានឹងបង្កជាផលវិបាកធ្ងន់ធ្ងរដល់តំបន់ទាំងមូល។

លោកស្រីបានសង្កត់ធ្ងន់ថា «យើងជឿជាក់ថាស្ថានភាពបច្ចុប្បន្នភាគច្រើន ជាលទ្ធផលនៃគោលនយោបាយរយៈពេលវែង (សហរដ្ឋអាមេរិក) នៅក្នុងតំបន់ ដែលត្រូវបានបង្កើតឡើងដើម្បីគូសបន្ទាត់បែងចែក និងបំផ្លាញដល់ក្របខ័ណ្ឌច្បាប់អន្តរជាតិ»

គួរបញ្ជាក់ថា ទីក្រុងតេហេរ៉ង់បានបាញ់បង្ហោះយន្តហោះដ្រូន និងគ្រាប់មីស៊ីលរាប់រយគ្រឿង និងគ្រាប់ទៅលើទឹកដីអ៊ីស្រាអែល កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅ ដើម្បីជាការឆ្លើយតបទៅនឹងការសម្លាប់ជនជាតិអ៊ីរ៉ង់ចំនួន ៧ នាក់ រួមទាំងមេបញ្ជាការជើងចាស់ពីររូប ក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលលើផ្នែកកុងស៊ុល នៃស្ថានទូតអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា៕