(ញូវដេលី)៖ ការបោះឆ្នោតសកលនៅក្នុងប្រទេសឥណ្ឌា ដែលជាការបោះឆ្នោតតាមបែបប្រជាធិបតេយ្យធំជាងគេបំផុតនៅលើពិភពលោកបានចាប់ផ្ដើមជាផ្លូវការហើយ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសានេះ ខណៈនាយករដ្ឋមន្ត្រីលោក Narendra Modi ត្រូវបានគេរំពឹងថាអាចនឹងទទួលបានជ័យជម្នះសម្រាប់អាណត្តិទី៣ជាប្រវត្តិសាស្ត្រ របស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបោះឆ្នោតនេះគឺជាការប្រកួតប្រជែងរវាងគណបក្ស Bharatiya Janata Party (BJP) របស់លោក Modi តទល់នឹងសម្ព័ន្ធគណបក្សប្រឆាំងមួយដែលបានអះអាងថា ពួកគេនឹងសង្រ្គោះប្រជាធិបតេយ្យពីការដឹកនាំបែបផ្ដាច់ការរបស់លោក Modi។ ការិយាល័យបោះឆ្នោតជាច្រើនបានបើកទ្វារនៅម៉ោង៧៖០០ព្រឹក ថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ហើយការបោះឆ្នោតសកលនេះដែរនឹងមានរយៈពេលដល់ទៅ ៦សប្ដាហ៍ឯណោះ ដោយបែងចែកជា ៧ដំណាក់កាលនៅទូទាំងប្រទេសឥណ្ឌាដែលមាន អ្នកបោះឆ្នោតជិត១ពាន់លាននាក់។

ការបោះឆ្នោតសកលនៅឥណ្ឌានឹងបញ្ចប់នៅថ្ងៃទី១ ខែមិថុនា ហើយការរាប់សន្លឹកឆ្នោតនឹងត្រូវរាប់នៅថ្ងៃទី៤ ខែមិថុនា។ នៅថ្ងៃសុក្រនេះដែរ ដំណាក់ដ៏ធំមួយក្នុងចំណោម ដំណាក់កាលបោះឆ្នោតទាំង៧ មានប្រជាជនដែលមានសិទ្ធិបោះឆ្នោត១៦៦លាននាក់ នឹងត្រូវបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតចំនួន១០២ នៅទូទាំងរដ្ឋ២១ ក្នុងនោះរួមមានរដ្ឋ Tamil Nadu Arunachal Pradesh និងរដ្ឋ Uttar Pradesh ជាដើម៕