(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានសម្តែងក្តីបារម្ភជាមួយសមភាគីអ៉ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជុំវិញផែនការធ្វើប្រតិបត្តិការរបស់យោធាអ៉ីស្រាអែលលើទីក្រុង Rafah ដែលស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា និងបានពិភាក្សាគ្នាអំពីការវាយប្រហារដោយដ្រូន និងមីស៉ីលរបស់អ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ ២០២៤។

កិច្ចពិភាក្សានេះធ្វើឡើងបន្តពីកិច្ចប្រជុំស្រដៀងគ្នាកាលពីថ្ងៃទី១ ខែមេសា ដែលបានបញ្ចប់ទៅដោយភាពខុសគ្នាឆ្ងាយក្នុងតួនាទីរបស់ពួកគេ ជុំវិញផែនការលើទីក្រុង Rafah។ ក្រុមមន្រ្តីអាមេរិក បានប្រាប់អ៉ីស្រាអែលក្នុងកិច្ចពិភាក្សាដំបូងនោះថា ផែនការរបស់ពួកគេមានការខ្វះខាតត្រង់ចំណុចជម្លៀសខ្លួន និងការពារជនស៉ីវិលប៉ាឡេស្ទីនជាងមួយលាននាក់ ដែលកំពុងស្នាក់នៅទីនោះ។

បើតាមសេចក្តីប្រកាសពីសេតវិមាន កិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបូកបន្ថែមលើបញ្ហាជាមួយអ៉ីរ៉ង់។ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើគោលបំណងរួម ដើម្បីឃើញក្រុមហាម៉ាស់ចាញ់នៅឯទីក្រុង Rafah ប៉ុន្តែក្រុមអាមេរិក បានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពផ្សេងៗពីផែនការរបស់ខ្លួន។ ក្រៅពីនេះ មានការពិភាក្សាក្នុងទម្រង់ក្រុមតូចមួយ អំពីការវាយប្រហាររបស់អ៉ីរ៉ង់ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធ្វើឱ្យវិស័យការពារជាតិរបស់អ៉ីស្រាអែលកាន់តែមានសមត្ថភាពខ្ពស់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយដៃគូយោធាដ៏ទូលំលាយផងដែរ។

គួរបញ្ជាក់ថា ស្ថានទូតអ៉ីស្រាអែល ប្រចាំទីក្រុងវ៉ាស៉ីនតោន មិនទាន់មានការឆ្លើយតបចំពោះសំណើរសុំអត្ថាធិប្បាយ ជុំវិញកិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍នេះទេ។ មន្រ្តីអាមេរិកម្នាក់បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនកំពុងព្យាយាម រារាំងអ៉ីស្រាអែលពីការវាយប្រហារសងសឹក ដើម្បីបញ្ចៀសស្ថានការណ៍ដែលតានតឹងរួចទៅហើយ នៅតំបន់មជ្ឈិមបូព៌ា៕