(ឡុងដ៍)៖ នៅពេលអតីតមេដឹកនាំកំពូលអ៉ីរ៉ង់ Ayatollah Ruhollah Khomeini ធ្វើបដិវត្តន៍អ៉ីស្លាមនៅក្នុងប្រទេសអ៉ីរ៉ង់ នៅឆ្នាំ១៩៧៩ និងបានផ្ដួលរំលំរបបរាជានិយមគាំទ្រ លោកខាងលិច រឿងដំបូងដែលលោកបានធ្វើ នោះគឺកាត់ផ្ដាច់ទំនាក់ទំនងជាមួយអ៉ីស្រាអែល។ មុនផ្ទុះបដិវត្តន៍ អ៉ីរ៉ង់ និងអ៉ីស្រាអែលធ្លាប់ជាមិត្តល្អនឹងគ្នា ក្រោមការដឹកនាំ របស់អតីតសេ្ដចអ៉ីរ៉ង់ Shah Mohammad Reza Pahlavi។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០ អ៉ីស្រាអែលបានបញ្ជូនអ្នកម៉ៅការយោធា និងទីប្រឹក្សាយោធា ទៅកាន់ ទីក្រុងតេហេរ៉ង់ និងទិញប្រេងពីអ៉ីរ៉ង់។

លើសពីនេះទៅទៀត ប្រទេសទាំង២ថែមទាំងបានចូលរួមក្នុងកម្មវិធីអភិវឌ្ឍអាវុធរួមគ្នាទៀតផង នៅក្រោមលាក់បាំងជាសម្ងាត់ដោយសារចង់បញ្ចៀសកុំឱ្យប្រទេសអារ៉ាប់ខ្លះ ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់មានការខឹងសម្បារ។ ក៏ប៉ុន្តែ អ្វីៗគ្រប់យ៉ាងបានប្រែប្រួល៣៦០ដឺក្រេ នៅពេលដែលបុព្វជិតអ៉ីស្លាមនិកាយស៊ីអ៉ីត Khomeini ឡើងកាន់អំណាច នៅអ៉ីរ៉ង់។ លោកបានចាត់ទុកថាអ៉ីស្រាអែលគឺជាអាយ៉ងរបស់សហរដ្ឋអាមេរិកដែលប្រឆាំងនឹងសិទ្ធិសេរីភាពរបស់ប្រជាជនប៉ាឡេស្ទីន និងបដិសេធទទួលស្គាល់អត្ថិភាពនៃ រដ្ឋអ៉ីស្រាអែល។ Khomeini បានប្រគល់អគារស្ថានទូតអ៉ីស្រាអែលនៅពេលនោះក្នុងទីក្រុងតេហេរ៉ង់ទៅឱ្យអង្គការរំដោះប៉ាឡេស្ទីន ហើយបង្កើតថ្ងៃបុណ្យឈប់សម្រាកប្រចាំឆ្នាំ ឬទិវាហ្ស៊េរុយសាឡិម ដើម្បីបំផុសឱ្យមូស្លីម ឬអ្នកកាន់សាសនាអ៉ីស្លាមនៅជុំវិញពិភពលោកប្រឆាំងនឹងអ៉ីស្រាអែល។

នៅក្នុងសៀវភៅមួយមានចំណងជើងថា «Israel and Iran: A Dangerous Rivalry ឬអ៉ីស្រាអែល និងអ៉ីរ៉ង់៖ គូសត្រូវដ៏គ្រោះថ្នាក់» អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិក លោកស្រី Dalia Dassa Kaye បានសរសេរថា «គោលនយោបាយការបរទេសអ៉ីរ៉ង់ នៅក្រោយបដិវត្តន៍ គឺជាមនោគមន៍វិជ្ជាដែលជឿស៊ប់ថាអត្ថិភាពរបស់អ៉ីស្រាអែលគឺជា ការប្រមាថមួយដល់គោលគំនិតប្រឆាំងចក្រពត្តិនិយមដែលជាស្មារតីនៃមាគ៌ាបដិវត្តន៍»។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ ភាពជាសត្រូវរបស់អ៉ីរ៉ង់ចំពោះអ៉ីស្រាអែល មានលក្ខណៈត្រឹមជាវោហាសាស្ត្រប៉ុណ្ណោះ។ អ៉ីរ៉ង់បានហៅអ៉ីស្រាអែលជាសាធារណៈថា «កូនបិសាច រីឯសហរដ្ឋអាមេរិកជាឪបិសាច»។ ចាប់តាំងពីពេលនោះមក អ៉ីរ៉ង់ដែលជា ប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមនិកាយស៊ីអ៉ីតភាគច្រើន តែងតែគំរាមកម្ទេចអ៉ីស្រាអែលជារឿយៗ ដើម្បីសង្រ្គោះវិហារអាល់អឹកស (Al-Aqsa) ជាទីកន្លែងដ៏ពិសិដ្ឋមួយ សម្រាប់អ្នកកាន់សាសនាអ៉ីស្លាម ក្នុងទីក្រុងហ្ស៊េរុយសាឡិម ខណៈព្យាយាមបង្ហាញថាខ្លួនជាអ្នកគាំទ្រយ៉ាងមុតមាំដល់ការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងគោលបំណង ទទួលបានការគាំទ្រពីអ៉ីស្លាមនៅជុំវិញពិភពលោកដែលភាគច្រើនកាន់និកាយស៊ុននីត។

* ពង្រឹងអំណាច និងធ្វើសង្រ្គាមស្រមោលតាមរយៈ proxy
អ៉ីរ៉ង់បានចំណាយធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ និងប្រើពេលរាប់សិបឆ្នាំ ដើម្បីបង្កើតចលនាប្រដាប់អាវុធ proxy ឬតួអង្គតំណាងរបស់ខ្លួននៅតាមបណ្ដាប្រទេស ជាប់ព្រំដែន អ៉ីស្រាអែល និងនៅទូទាំងតំបន់មជ្ឈិមបូព៌ាទាំងមូល។ តាមរយៈក្រុម proxy នេះ អ៊ីរ៉ង់បានធ្វើ «សង្រ្គាមស្រម​ោល» ជាមួយអ៉ីស្រាអែលរាប់សិបឆ្នាំ ពោលអ៉ីរ៉ង់តែងតែវាយប្រហារ លើអ៉ីស្រាអែល តាមរយៈក្រុម proxy របស់ខ្លួន ហើយរហូតដល់កាលពីថ្ងៃទី១៣ ខែមេសាកន្លងទៅនេះ ទើបអ៉ីរ៉ង់បានបើកការវាយប្រហារដោយផ្ទាល់ជាលើកដំបូងលើទឹកដី អ៉ីស្រាអែល ជាការសងសឹកនឹងការវាយប្រហាររបស់អ៉ីស្រាអែលលើស្ថានកុងស៊ុលអ៉ីរ៉ង់ប្រចាំទីក្រុងដាម៉ាស ប្រទេសស៊ីរីកាលពីថ្ងៃទី១ ខែមេសា ដែលបានសម្លាប់មនុស្ស៧នាក់ ក្នុងនោះរួមមានឧត្តមសេនីយ៍អ៉ីរ៉ង់២នាក់។

អ៉ីរ៉ង់បានជួយប្រែក្លាយចលនាប្រដាប់អាវុធ Hezbollah ក្នុងប្រទេសលីបង់​ដែលអ៉ីស្រាអែលធ្លាប់ចាត់ទុកថាជាក្រុមកំប៉ិកកំប៉ុក អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ឱ្យក្លាយជាអង្គភាព យោធាមួយពិតៗ ដែលមានសមត្ថភាពអាចវាយប្រហារលើអ៉ីស្រាអែលបានក្នុងពេលបច្ចុប្បន្ន។ បើតាមក្រសួងការបរទេសអាមេរិក ក្រុម Hezbollah បានបញ្ជូនក្រុមអ្នកប្រយុទ្ធ របស់ខ្លួនទៅកាន់អ៉ីរ៉ង់រយៈពេលជាច្រើនឆ្នាំដើម្បីទទួលការបណ្ដុះបណ្ដាល ហើយតេហេរ៉ង់ក៏បានផ្ដល់លុយសុទ្ធ ​និងអាវុធជាង ៧០០លានដុល្លារដល់ក្រុម Hezbollah ផងដែរ ក្នុងឆ្នាំ២០២០។ នៅក្រោយការបះបោររបស់ប្រជាជនប៉ាឡេស្ទីនប្រឆាំងអ៉ីស្រាអែល ឬគេហៅ intifada លើកទី១ បញ្ចប់ក្នុងឆ្នាំ១៩៩៣ អ៉ីរ៉ង់ និង Hezbollah បានចាប់ផ្ដើម បង្រៀនក្រុមអ្នកប្រយុទ្ធហាម៉ាសឱ្យចេះពីរបៀបផលិត និងប្រើប្រាស់គ្រាប់បែកអត្តឃាត។ តាក់ទិកនេះត្រូវបានប្រើប្រាស់ប្រឆាំងអ៉ីស្រាអែលក្នុងព្រឹត្តិការណ៍ intifada លើកទី២ នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ចាប់តាំងពីពេលនោះមក ទីក្រុងតេហេរ៉ង់ត្រូវបានគេជឿជាក់ថាបានផ្ដល់ជំនួយហិរញ្ញវត្ថុរាប់លានដុល្លារដល់ក្រុមហាម៉ាស ដែលជាគូសត្រូវរបស់ អ៉ីស្រាអែល ព្រមទាំងផ្ដល់ការគាំទ្រយ៉ាងសម្បើមដល់របបដឹកនាំស៊ីរីរបស់ប្រធានាធិបតី លោក Bashar al-Assad និងក្រុមហ៊ូទីនៅយេម៉ែនដែលសុទ្ធសឹងតែមានទំនោរប្រឆាំង អ៉ីស្រាអែល និងលោកខាងលិច។

តាមពិតទៅ អ៉ីស្រាអែលមិនដែលចាត់ទុកអ៉ីរ៉ង់ជាការគំរាមកំហែងយុទ្ធសាស្ត្រមួយនោះទេ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០។ ជាក់ស្ដែង អតីតនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Yitzhak Rabin ថែមទាំងធ្លាប់បានហៅអ៉ីរ៉ង់គឺជាមិត្តល្អម្នាក់របស់អ៉ីស្រាអែលទៀតផង។ ប៉ុន្តែ ក្រោយមកទើបលោកលេបសម្ដីនេះទៅវិញ និងបានហៅរបបដឹកនាំអ៉ីរ៉ង់ Khomeini ជារបបខ្មៅងងឹត និងសាហាវយង់ឃ្នង។ ទោះជាអ៉ីរ៉ង់ និងអ៉ីស្រាអែលមិនមានព្រំដែនជាប់គ្នា និងស្ថិតនៅឆ្ងាយពីគ្នាជាង ១៧៧០គីឡូម៉ែត្រ តែអ៉ីរ៉ង់ត្រូវបានគេជឿថា មានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ ដែលនេះនឹងកាន់តែជំរុញឱ្យអ៉ីស្រាអែលមើលអ៉ីរ៉ង់ជាការគំរាមកំហែងដ៏ធំ។

* ប្រឹងតាមឱ្យទាន់ខាងនុយក្លេអ៊ែរ
អ៉ីស្រាអែលត្រូវបានគេរាយការណ៍ថាបានកាន់កាប់អាវុធនុយក្លេអ៊ែរចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៦០មកម្ល៉េះ។ អ៉ីស្រាអែលខ្លួងឯងមិនដែលទទួលស្គាល់ ហើយក៏មិនបាន បដិសេធថាខ្លួនមាន ឬមិនមានអាវុធនុយក្លេអ៊ែរនោះដែរ។ របាយការណ៍ចុងក្រោយមួយរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅ បានឱ្យដឹងថាអ៉ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួច ៥ ៥២៥.៥គីឡូក្រាម ក្នុងនោះរួមមានសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួច ក្នុងកម្រិត ៦០ភាគរយ ១២៣.៥គីឡូក្រាម។ នៅក្រោមកម្រិតនេះអាចឱ្យអ៉ីរ៉ង់មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផលិតគ្រាប់បែកនុយក្លេអ៊ែរយ៉ាងហោច ៣គ្រាប់ ទោះជាអ៉ីរ៉ង់ត្រូវបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យ ដល់៩០ភាគរយ ដែលជាកម្រិតផលិតអាវុធនុយក្លេអ៊ែរក៏ដោយ។

កម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់បានបែកធ្លាយនៅដើមឆ្នាំ២០០០ នៅពេលដែលសកម្មជនអ៉ីរ៉ង់ជាច្រើននាក់បានទម្លាយឱ្យដឹងពីវត្តមានរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ ការសង្ស័យ កាន់តែកើនឡើងជាលំដាប់ នៅពេលសហរដ្ឋអាមេរិកប្រកាសពីការរកឃើញរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមក្រោមដីមួយផ្សេងទៀតរបស់អ៉ីរ៉ង់ ខណៈចារកម្មអ៉ីស្រាអែល Mossad បានដឹកនាំប្រតិបត្តិការសម្ងាត់ជាច្រើន ដើម្បីតាមសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៉ីរ៉ង់ចាប់តាំងពីឆ្នាំដើមឆ្នាំ២០១០មក។ ក្នុងរយៈពេលត្រឹម២ឆ្នាំ អ្នកវិទ្យាសាស្ត្រអ៉ីរ៉ង់៥រូប ត្រូវបានបាញ់សម្លាប់ ឬស្លាប់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្ដនៅក្នុងទឹកដីអ៉ីរ៉ង់តែម្ដង។ អ៉ីស្រាអែលក៏ត្រូវបានរាយការណ៍ដែរថាបានដឹកនាំការវាយប្រហារព័ត៌មានវិទ្យា ដើម្បីបង្កការខូចខាតដល់រោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់។

ប៉ុន្តែ មហិច្ឆតានុយក្លេអ៊ែរអ៉ីរ៉ង់ហាក់ដូចជាត្រូវបានបង្ហាញកាន់តែច្បាស់កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសានេះ នៅពេលមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Ahmad Haghtalab បាននិយាយថាអ៉ីរ៉ង់អាចនឹងពិចារណាឡើងវិញលើគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើអ៉ីស្រាអែលវាយប្រហារលើអ៉ីរ៉ង់ ដែលជានេះសារព្រមាន ដោយប្រយោលមួយថាទីក្រុងតេហេរ៉ង់នៅតែចិញ្ចឹមចិត្ត ហើយអាចនឹងពន្លឿនការផលិតអាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រ ទី១៩ ខែមេសានេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថាអ៉ីស្រាអែលបានវាយប្រហារលើទីក្រុង Isfahan នៅលើទឹកដីអ៉ីរ៉ង់ ជាការសងសឹកទៅនឹង ការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែលកាលពីថ្ងៃទី១៣ ខែមេសា។ ការសងសឹករបស់អ៉ីស្រាអែលបានបង្កឱ្យមានការព្រួយបារម្ភពីលទ្ធភាពនៃការផ្ទុះសង្រ្គាមក្ដៅជាមួយអ៉ីរ៉ង់ តែក្រុមអ្នកវិភាគខ្លះនិយាយថាការសងសឹករបស់អ៉ីរ៉ង់ចំពោះការវាយប្រហារនេះ គឺវាអាស្រ័យលើទំហំនៃការខូចខាត ខណៈអ៉ីរ៉ង់អះអាងពីជោគជ័យក្នុងការបាញ់ទម្លាក់ដ្រូន៣គ្រឿង និងមិនមានការខូចខាតអ្វីដល់រោងចក្រនុយក្លេអ៊ែរក្នុងទីក្រុង Isfahan នោះទេ។ តែយ៉ាងណាក៏ដោយ ប្រសិនបើការសងសឹកដាក់គ្នានៅតែបន្តកើតមាន ហានិភ័យនៃការផ្ទុះសង្រ្គាម ទ្រង់ទ្រាយធំ នៅតែស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភ៕